គម្រោងធំៗចំនួន៦ ត្រូវបានបញ្ចប់ការសាងសង់ទាំងស្រុងត្រឹមឆ្នាំ២០១៨នេះ

គម្រោងធំៗចំនួន៦ ត្រូវបានបញ្ចប់ការសាងសង់ទាំងស្រុងត្រឹមឆ្នាំ២០១៨នេះ
ភ្នំពេញ: នៅ​ឆ្នាំ២០១៨នេះ គម្រោង​សាងសង់​ស្ពាន​អាកាស ស្ដារ​ផ្លូវថ្នល់ និង​ការពង្រីក​ផ្លូវ ត្រូវ​បានបញ្ចប់​ទាំងស្រុង​សរុប​ចំនួន ៦គម្រោង ដែលមាន​ប្រវែង ៥៨០ គីឡូម៉ែត្រ ខណៈដែល​ទទួលបាន​សហប្រតិបត្តិការ​ពី​ដៃគូ​អភិវឌ្ឍ​ក្នុងនោះ​មាន​ស្ពាន​អាកាស​មួយ​គម្រោង​ប្រវែង ៩៤២ម៉ែត្រ។ តាម​របាយការណ៍​រប​ស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ​បានបង្ហាញ​នៅក្នុង​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ ២០១៨ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ ២០១៩ នៅ​ពី​ថ្ងៃទី ១០ មករា​នេះ ដោយ​ថា​គម្រោង​ហិរញ្ញ​ម្ប​ទាន​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជប៉ុន គឺគម្រោង​ធ្វើ​ឲ្យ​ប្រសើ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ១ប្រវែង ៤គីឡូម៉ែត្រ ក្នុងដំណាក់កាល​ទី៤ (ថ្ងៃទី ១៣ មីនា ២០១៨)។ ក្នុងនោះដែរ គម្រោង​ហិរញ្ញ​ម្ប​ទាន​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន គឺគម្រោង​សាងសង់​ផ្លូវជាតិ​លេខ១៥៧៧ ប្រវែង ៥២ គីឡូម៉ែត្រ ពី​សេ​កសក ទៅ​សំឡូត នៅ​ថ្ងៃទី ២ មេសា ឆ្នាំ ២០១៨។ គម្រោង​ស្ដារ និង​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ៦ ប្រវែង ២៤៨គីឡូម៉ែត្រ ចាប់ពី​ថ្នល់កែង​ខេត្តកំពង់ចាម ដល់​អង្គ្រង ខេត្តសៀមរាប នៅ​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៨។ របាយការណ៍​បន្តថា គម្រោង​សាងសង់​ស្ពាន​អាកាស​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ ប្រវែង ៩៤២ម៉ែត្រ (ថ្ងៃទី ០២ កក្កដា ២០១៨)  គម្រោង​ស្ដារ និង​លើក​កម្រិត​ផ្លូវជាតិ​លេខ ៧ ប៉ែក​ខាងត្បូង ពី​ខ្លា​ស្ទុះ ដល់​អូរ​គ្រៀង ប្រវែង ៩៤គីឡូម៉ែត្រ នៅ​ថ្ងៃទី ២៤ ធ្នូ ឆ្នាំ ២០១។ របាយការណ៍​បន្ថែមថា គម្រោង​សាងសង់​ផ្លូវជាតិ​លេខ ៥៥ (ផ្លូវជាតិ​លេខ ៥ ពី​ក្រវាញ ដល់​ព្រំដែន​កម្ពុជា-ថៃ) ប្រវែង ១៨២ គីឡូម៉ែត្រ បញ្ចប់​នៅ​ខែមិថុនា ២០១៨។ គម្រោង​កំពុងដំណើរការ​ចំនួន ១៩គម្រោង ក្នុងនោះ​មាន​ផ្លូវ​ប្រវែង ១.២១៣​គីឡូម៉ែត្រ និង​ស្ពាន ប្រវែង ៦.៦១៥ម៉ែត្រ។ ជាមួយគ្នានេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​បូកសរុប​របាយការណ៍​នេះ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដាក់ឱ្យ​ដំណើរការ​កម្មវិធី​ថែទាំ​ផ្លូវ ការជួសជុល​ថែទាំ​ផ្លូវ-ស្ពាន​ដែល​រង​ការខូចខាត​ដោយសារ​ទឹកជំនន់ ការដាក់ឱ្យ​ដំណើរការ​សាលាបង្រៀន​បើកបរ​រថយន្ត​ធុន​ធ្ងន់ ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ការរៀបចំ​បញ្ចប់សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការផ្តល់​ផ្លាកលេខ​ពិសេស​ជាដើម។ ឯកឧត្តម​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​បណ្តា​ប្រទេស​ផ្តល់ជំនួយ​ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ អន្តរជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​សហការ និង​ផ្តល់​ការឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី សម្ភារ ថវិកា និង​បច្ចេកទេស​លើ​ការរៀបចំ​ផែនការ និង​ការអនុវត្ត​សកម្មភាព​ការងារ​ក្នុង​វិស័យ​សាធារណការ និង​ជញ្ជូន៕
អត្ថបទដោយ: Koemsoeun