គម្រោងចំនួន៩ របស់ក្រសួងសាធារណការ ដែលត្រៀមសម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ២០១៩

គម្រោងចំនួន៩ របស់ក្រសួងសាធារណការ ដែលត្រៀមសម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ២០១៩
ក្រសួងសាធារណការ និងដឹកជញ្ជូន បានត្រៀមសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល និងសម្ពោធដាក់ឲ្យប្រើប្រាស់គម្រោងធំៗចំនួន៩ នៅ​ក្នុងឆ្នាំ​២០១៩នេះ។ នេះបើតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅឆ្នាំ​២០១៩ របស់ក្រសួងសាធារណការ ដែលចេញផ្សាយ កាលពីដើម​ខែមករា ២០១៩នេះ។ គម្រោងចំនួន៩ របស់​ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល​ត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់នោះ មានដូចជា៖ ១. ការត្រៀមដាក់ឲ្យប្រើប្រាស់សេវារថភ្លើងពីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាផ្លូវការ ដោយប្រើរថភ្លើងថ្មីមកពីប្រទេស​ម៉ិកស៊ីកូ។ សេវារថភ្លើងពីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ ត្រូវបាន​ដាក់ឲ្យដំណើរការជាបណ្ដោះអាសន្ន កាលពី​ថ្ងៃ​ទី១០ ខែមេសា ឆ្នាំ​២០១៨ កន្លងទៅ ដោយមិនបង់ថ្លៃនោះទេ។ ផ្លូវដែកនេះ ត្រូវបាន​សាងសង់បង្កប់ទៅក្នុងផ្លូវថ្នល់ ដោយចេញដំណើររៀងរាល់ ៣០នាទី ពីស្ថានីយអយស្ម័យានរាជធានីភ្នំពេញចូលទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដង។     ២. ការត្រៀមដាក់ឲ្យប្រើប្រាស់គម្រោងជួសជុលឡើងវិញស្ពានជ្រោយចង្វារ។ គម្រោងជួសជុលឡើងវិញស្ពានជ្រោយចង្វារនេះ ត្រូវបានចាប់ផ្ដើមកាលពី​ខែ​កញ្ញា ឆ្នាំ២០១៧ ក្រោយស្ពាននេះត្រូវបាន​ខូចខាតផ្នែកខ្លះ ដែល​ចាំបាច់ត្រូវជួសជុលឡើងវិញ។ គម្រោងជួសជុលឡើងវិញនេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារសហប្រតិបត្តិការជប៉ុន (JICA)។ ៣.ការត្រៀមដាក់ឲ្យដំណើរការគម្រោងសាងសង់ស្ពានឆ្លងកាត់ព្រំដែន កម្ពុជា-ថៃ ប្រវែង ១៣០ម៉ែត្រ (ស្ទឹងបត់-បានណងអៀង) ផ្នែកខាងកម្ពុជា ប្រវែង ៦៥ម៉ែត្រ។ ស្ពានឆ្លងកាត់ព្រំដែននេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពី​ខែមករា ឆ្នាំ​២០១៨។ ស្ពាននេះភ្ជាប់ពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅខេត្តសាកែវ ប្រទេសថៃ។ ៤. ការត្រៀមដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ ប្រវែង ១៨២,១៦គីឡូម៉ែត្រ (ពោធិ៍សាត់/វាលវែង-ថ្មដា/ព្រំដែនកម្ពុជា-ថៃ)។ ផ្លូវជាតិលេខ៥៥ នេះ ត្រូវបានបើកការដ្ឋានសាងសង់នៅ​ខែឧសភា ឆ្នាំ​២០១៥ ដោយជំនួយមូលនិធិពីរដ្ឋាភិបាល​ចិន​ ក្នុងទំហំទឹកប្រាក់ប្រមាណ ១០០លានដុល្លារ។ អំឡុងពិធីបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​បញ្ជាក់​ថា ក្រោយបើកដំណើរការជាផ្លូវការ ផ្លូវជាតិលេខ៥៥នេះ ចំពោះច្រកតំបន់ នឹងនាំមកនូវសក្ដានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាជនរស់នៅខេត្តពោធិ៍សាត់ ក៏ដូចជាប្រជាពលរដ្ឋតាមបណ្ដាខេត្តផងដែរ។   ចំណែកគម្រោងចំនួន ៥ទៀត ដែលគ្រោងនឹងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ​២០១៩ នេះ​ផងដែររួមមាន៖ គម្រោងសាងសង់ស្ពានស្ទឹងបត់ គម្រោងផ្លូវជាតិលេខ៥៨ ប្រវែង ១៧៤គីឡូម៉ែត្រ (ក្រុងប៉ោយប៉ែត-ត្រង់ផ្អុង ខេត្តឧត្តរមានជ័យ) គម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៧ ក្រាលកៅស៊ូ AC ប្រវែង ៩៣,៤៦គីឡូម៉ែត្រ (ខ្លាស្ទុះ-រមៀត) គម្រោងផ្លូវជាតិលេខ​៥១ ក្រាលកៅស៊ូ AC ប្រវែង ៣៧,៩៦គីឡូម៉ែត្រ (ចំណុចប្រសព្វថ្នល់ទទឹង និងផ្លូវជាតិលេខ៤ ឧត្តុង ចំណុចប្រសព្វផ្លូវជាតិលេខ៥) និងគម្រោងស្ដារឡើងវិញផ្លូវជាតិលេខ២១ ប្រវែង ៥៥គីឡូម៉ែត្រ (រង្វង់មូលតាខ្មៅ-ជ្រៃធំ)៕  
អត្ថបទដោយ: Chanveasna