ភ្នំពេញ: គម្រោងផ្លូវជាតិសំខាន់ៗដែលពង្រីកជា ៤គន្លង ដែលមានប្រវែងសរុបជិត ៦០០គីឡូម៉ែត្រ បាននឹងកំពុងដំណើរសាងសង់ និងត្រៀមស្ថាបនានៅឆ្នាំ ២០១៩បន្តទៀត ខណៈនៅឆ្នាំ ២០១៨ ផ្លូវជាតិដែលសាងសង់ជា៤គន្លងរួចរាល់មានប្រវែង ១៥៧គីឡូម៉ែត្រ។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានចេញផ្សាយក្នុងកម្មវិធីសន្និបាតបូកសរុបសមិទ្ធិផលប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅសម្រាប់អនុវត្តនៅឆ្នាំ ២០១៩នៅថ្ងៃទី ០៩មករានេះ បានបញ្ជាក់ថា ផ្លូវជាតិដែលបានពង្រីកជា៤គន្លងមានប្រវែង ១៥៧គីឡូម៉ែត្រ។
ក្នុងនោះ ផ្លូវជាតិលេខ១ ពីស្ពានព្រះមុនីវង្ស ទៅវត្តព្រែកតាកុយប្រវែង ៤គីឡូម៉ែត្រ ផ្លូវជាតិលេខ៣ ពីចោមចៅ ទៅដល់ឃ្លាំងថៃប៊ុនរ៉ុង ប្រវែង២គីឡូម៉ែត្រ ផ្លូវជាតិលេខ៤ ពីភ្នំពេញ ទៅកំពង់ស្ពឺ មានប្រវែង ៤៦គីឡូម៉ែត្រ ផ្លូវជាតិលេខ៥ ពីភ្នំពេញ ទៅស្ពានព្រែកក្ដាម ប្រវែង៣១គីឡូម៉ែត្រ ផ្លូវជាតិលេខ៦ ពីភ្នំពេញ ទៅស្ពន់ប្រវែង ៦៩គីឡូម៉ែត្រ និងផ្លូវជាតិ៧៨ ប្រវែង ៥គីឡូម៉ែត្រ។

ចំណែក ផ្លូវជាតិដែលកំពុងសាងសង់ពង្រីកជា៤គន្លងមានប្រវែងសរុប ២៨៣គីឡូម៉ែត្រ រួមមាន៖ កំណាត់ផ្លូវជាតិ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ប្រវែង ៨៤,៧៤គីឡូម៉ែត្រ ផ្លូវជាតិពីព្រែកក្ដាម ទីធ្លាម្អម ប្រវែង ១៣៥គីឡូម៉ែត្រ និងផ្លូវជាតិលេខ៣ពីចោមចៅទៅខេត្តកំពត ប្រវែង៦៤គីឡូម៉ែត្រ។
របាយការណ៍បន្ថែមថា ផ្លូវជាតិត្រៀមសាងសង់ជា៤គន្លងផ្លូវប្រវែង ១៤៨គីឡូម៉ែត្រ ក្នុងនោះមានកំណាត់ផ្លូវជាតិលេខ៥ ពីធ្លាម្អម ទៅបាត់ដំបងប្រវែង ១១១គីឡូម៉ែត្រ និងសិរីសោភ័ណ ទៅប៉ោយប៉ែតមានប្រវែង ៩៤២គីឡូម៉ែត្រ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ក្រៅពីគម្រោងធំៗដែលបាននឹងកំពុងដំណើរការសាងសង់ និងត្រៀមស្ថាបនាបន្តនៅឆ្នាំ ២០១៩ខាងមុខនេះ ក្រសួងបានដាក់ដំណើរប្រព័ន្ធផ្ដល់ព័ត៌មានដ៏ទំនើបមួយស្ដីពីការថែរទាំផ្លូវ (Road Care App) ដើម្បីទាមទារឲ្យមានការចូលរួមផ្ដល់ព័ត៌មានអំពីការខូចខាតផ្លូវពីសំណាក់ប្រជាពលរដ្ឋ។
ឯកឧត្តមបញ្ជាក់ថា៖«យើងបានដាក់ប្រព័ន្ធផ្ដល់ព័ត៌មានទំនើបមួយគឺ App «Road Care» វាគឺសំខាន់ខ្លាំងណាស់ ដែលអាចបងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ មានលទ្ធភាពផ្ដល់ព័ត៌មានទាន់ហេតុការណ៍ដល់ក្រសួងយើង ដើម្បីចាត់វិធានការជាបន្ទាន់ ជួសជុលផ្លូវបន្ទាន់នៅទូទាំងប្រទេសយើង ព្រោះវាសំខាន់ណាស់ App នេះល្អមែនទែន»៕