គម្រោងធំៗរបស់ក្រសួងសាធារណការចំនួន៨ ដែលកំពុងត្រៀមបើកការដ្ឋានសាងសង់

គម្រោងធំៗរបស់ក្រសួងសាធារណការចំនួន៨ ដែលកំពុងត្រៀមបើកការដ្ឋានសាងសង់
ក្រសួងសាធារណការ និងដឹកជញ្ជូន បានទម្លាយពីគម្រោងធំៗចំនួន៨ របស់ក្រសួង ដែលកំពុងត្រៀមបើកការដ្ឋាន​សាងសង់នៅ​ក្នុង​ឆ្នាំ​២០១៩។ នេះបើតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០១៨ និង​ទិសដៅការងារឆ្នាំ​២០១៩ របស់ក្រសួងសាធារណការ ដែលចេញផ្សាយនៅក្នុងសប្ដាហ៍នេះ។ របាយការណ៍ដដែលនេះបានបង្ហាញថា គម្រោងធំៗទាំង៨ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលកំពុងត្រៀម​បើកការដ្ឋានសាងសង់នោះ មានដូចជា៖ ១. គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤ គ.ម១៤+១០៥ ដល់ផ្លូវជាតិលេខ១) ប្រវែង ៤៥,៦២​គីឡូម៉ែត្រ និងផ្លូវខ្នែងប្រវែង ៥,៣៦គីឡូម៉ែត្រ។ ផ្លូវក្រវ៉ាត់ក្រុងទី៣​នេះ នឹងត្រូវបើកការដ្ឋានសាងសង់នៅ​ថ្ងៃ​ទី១៤ ខែ​មករា ២០១៩​ខាង​មុខនេះ ដោយមាន​ទំហំទឹកប្រាក់សាងសង់ចំនួន ២៥៩លានដុល្លារ។ គម្រោង​នេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃចិន និងមានការត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវវ៉ាន់អាន មកពីប្រទេស​ចិនដូចគ្នា។ គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៣ ចាប់ពីផ្លូវជាតិលេខ ៤ ដល់ផ្លូវជាតិលេខ ១ នៅតំបន់ភាគខាងត្បូង និងខាងកើតរាជធានីភ្នំពេញ (រូបភាព៖ មន្ទីសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ) ២. គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ ក្រាលកៅស៊ូ AC ប្រវែង ១៣៣គីឡម៉ែត្រ (ពីធ្លាម្អម ខេត្តពោធិ៍សាត់-បាត់ដំបង និងសេរីសោភ័ណ-ប៉ោយប៉ែត)។ ៣. គម្រោងសាងសង់ផ្លូវជាតិលេខ២ (ក្រុងតាខ្មៅ-ក្រុងដូនកែវ (អូរចំបក់) និងផ្លូវជាតិលេខ២២ (អូរចំបក់-អង់តាសោម/ខេត្តតាកែវ) ក្រាលកៅស៊ូ AC ប្រវែង ៧២,២១គីឡូម៉ែត្រ។ ៤. គម្រោងផ្លូវជាតិលេខ៦០B (កំពង់ថ្ម-ក្រុងក្រចេះ)។ ៥. ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ។ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេនេះ ត្រូវបានប្រកាសដោយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អំឡុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាកលវិទ្យាល័យក្រចេះ ក្នុងខេត្តក្រចេះ។ សម្ដេច​ ហ៊ុន សែន បញ្ជាក់​ថា ការ​សាងសង់ស្ពាននេះ ដើម្បីបង្កើតភាពងាយស្រួល​ក្នុង​ទំនាក់ទំនងរវាងអ្នកខេត្តក្រចេះ ឆ្លងកាត់ទៅ​កំពង់ធំ ទៅ​សៀមរាបឲ្យកាន់តែលឿន។ ៦. គម្រោងផ្លូវជាតិលេខ៧១សេ គម្រោងផ្លូវជាតិលេខ១៥៥១ (សំឡូត-វាលវែង-កោះកុង)។ គម្រោងនេះ ត្រូវបាន​ប្រកាស​ដោយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ក្នុង​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ​២០១៨។ សម្ដេច ហ៊ុន សែន បញ្ជាក់​ថា ការសាងសង់ផ្លូវជាតិនេះ គឺ​ដើម្បី​កាត់បន្ថយ​ពេលវេលានៃការដឹកជញ្ជូនទំនិញពីខេត្តបាត់ដំបង ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។ ៧. គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ គម្រោងសាងសង់ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជានេះ មានប្រវែង ១៩០គីឡូម៉ែត្រ ត្រូវបាន​វិនិយោគដោយក្រុមហ៊ុន​ចិន ដោយ​គ្រោងចំណាយទឹកប្រាក់​ប្រមាណ ២ពាន់លាន​ដុល្លារ និង​ប្រើប្រាស់ពេលសាងសង់ក្នុង​រយៈពេល ៤​ឆ្នាំ។ ៨. គម្រោងសាងសង់ប្រព័ន្ធចម្រោះទឹកកង្វក់ក្នុងខេត្តព្រះសីហនុ។ របាយការណ៍ដដែលនេះបាន​បញ្ជាក់​ទៀតថា ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រៀមសុំការសម្រេចពីប្រមុខរដ្ឋាភិបាល ដើម្បីបើកការដ្ឋានសាងសង់គម្រោងទាំងនេះនៅក្នុងឆ្នាំ​២០១៩៕
អត្ថបទដោយ: Chanveasna