KW Cambodia លក់សិទ្ធិពិសេសដល់ក្រុមហ៊ុនអចលនទ្រព្យ៣នៅភ្នំពេញ

KW Cambodia លក់សិទ្ធិពិសេសដល់ក្រុមហ៊ុនអចលនទ្រព្យ៣នៅភ្នំពេញ
Keller Williams Cambodia កាលពីថ្ងៃពុធនេះ​ បានចុះហត្ថលេខាលក់សិទ្ធិពិសេសបន្ត ឬហៅថា sub-franchises ដល់ក្រុមហ៊ុន អចលនទ្រព្យក្នុងស្រុកចំនួនបីនៅក្នុងរាជធានីភ្នំពេញ។ Keller Williams Realty ជាក្រុមហ៊ុនអចលនទ្រព្យដែលមានមូលដ្ឋាននៅក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៣។ កាលពីខែសីហាឆ្នាំ២០១៨ ក្រុមហ៊ុន Khmer Real Estate ដែលជាក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកដ៏មានបទពិសោធន៍មួយ បានទទួលសិទ្ធិផ្តាច់មុខពិសេស ក្នុងការនាំយក KW មកកម្ពុជា និងដាក់ឈ្មោះ​ថា Keller Williams Cambodia។ លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន Khmer Real Estate និងជាម្ចាស់ អាជីវកម្មក្រុមហ៊ុន Keller Williams Cambodia បានថ្លែងក្នុងពិធីចុះហត្ថលេខាផ្តល់សិទ្ធិធ្វើអាជីវកម្មបន្តរបស់ KW Cambodia ថាកម្ពុជាគឺជាប្រទេសទី៨នៅអាស៊ីដែលទទួលបានសិទ្ធិធ្វើអាជីវកម្មពិសេសបន្ត ឬហៅថា Master Franchise ពីKWរបស់សហរដ្ឋអាមេរិក។ លោកថាសម្រាប់ការទិញសិទ្ធិ Master Franchise នេះគឺលោកមិនត្រឹមតែមានបំណងក្នុងការពង្រីកដៃគូអាជីវកម្មឲ្យបានទូទាំងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅពេលថ្ងៃអនាគត លោកក៏អាចពង្រីកទៅដល់ប្រទេសជិតខាងក្នុងតំបន់អាស៊ានផងដែរ។ យ៉ាងណាមិនញ KW Cambodia បានចុះហត្ថលេខាលក់សិទ្ធិពិសេសអោយទៅក្រុមហ៊ុន អចលនទ្រព្យ ក្នុងស្រុកចំនួនបី ដែលមានទីតាំងនៅខណ្ឌទួលគោក ខណ្ឌឬស្សីកែវ និងខណ្ឌជ្រោយចង្វារ។​ លោកបណ្ឌិត គីម ហ៊ាងបន្តថា៖«ថ្ងៃនេះ(ថ្ងៃពុធ) យើងចុះហត្ថលេខា បើកបីសាខា មានដូចជា នៅខណ្ឌទួលគោក ជ្រោយចង្វារ និងឬស្សីកែវ។ ឥលូវយើងលក់សិទ្ធិពិសេសឲ្យបីសាខា ដោយគោលការណ៍របស់យើងគឺ ១ខណ្ឌទទួលបានតែមួយសាខា តែប៉ុណ្ណោះ»។ លោកបណ្ឌិតបន្តថាចំពោះម្ចាស់អាជីវកម្មដែលទិញសិទ្ធិធ្វើអាជីវកម្មបន្តមានន័យថា គេនឹងទទួលបានអ្វីៗដូចគ្នាទាំងអស់ ទាំង របៀបរបប ធ្វើការការងារ ការគ្រប់គ្រង ចំណាយ ចំណូល បានន័យថារាល់ការងារទាំងអស់គឺមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់។​ ដោយឡែកទាក់ទងនឹងទំហំទឹកប្រាក់ចំពោះការទទួលបានសិទ្ធិធ្វើអាជីវកម្មបន្តមិនត្រូវបានបញ្ចេញនោះទេ។ លោកបន្តទៀតថា ការផ្តល់សិទ្ធិធ្វើអាជីវកម្មបន្តនៅកម្ពុជានេះ មានការសិក្សាច្បាស់លាស់ ទាក់ទងនិង គុណសម្បត្តិ ក្រុមហ៊ុន និងម្ចាស់ក្រុមហ៊ុន ដើមទុន ចំណេះដឹង បទពិសោធន៍ ទំនាក់ទំនង សមត្ថភាព ។ល។ លោកបណ្ឌិតថា ការផ្តល់សិទ្ធិធ្វើអាជីវកម្មបន្តនៅកម្ពុជានេះត្រូវបានកំណត់ឲ្យតែមួយសាខាប៉ុណ្ណោះក្នុងមួយខណ្ឌ ធ្វើដូច្នេះគឺដើម្បីជួយដល់ អ្នកទិញសិទ្ធិបន្តជៀសផុតពីការប្រគួតប្រជែងគ្នា។ លោកគីម ហ៊ាងថា៖«KW Cambodia ជាក្រុមហ៊ុនមេ ដូច្នេះយើងត្រូវតែបែងចែកឱកាសនិងដែនសមត្ថកិច្ចរៀងៗខ្លួនឲ្យទៅអ្នកទិញសិទ្ធីធ្វើអាជីវកម្មបន្ត។ បើសិនជាក្នុងខណ្ឌមួយ មានក្រុមហ៊ុនពីរធ្វើអាជីវកម្មប្រគួតប្រជែងគ្នានោះវានឹងទៅជាបញ្ហា ដូច្នេះយើងកំណត់យកតែមួយ ក្នុងមួយខណ្ឌហើយអាចឲ្យគេសហការគ្នាដោយមានចំណែកទឹកដីររៀងៗខ្លួន។ លោក គីម ហ៊ាងបន្ថែមថា៖«ឥលូវ យើងបានបីខណ្ឌ ជារួម មុនយើងសម្រេចចិត្ត យើងសិក្សាច្រើន បើបើកចំហរមិនក្រោម១០ ក្រុមហ៊ុនទេ តែយើងធ្វើការចម្រាញ់យក ក្រុមហ៊ុនដែលមានគុណភាព យើងមានការណែនាំមួយថាតើគាត់ត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះដើម្បីទទួលបានសិទ្ធិធ្វើអាជីវកម្មបន្ត»។ លោកថា៖«បើលោកទទួលបាន អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ យើងនឹងផ្តល់មួយ ឬពីរបន្ថែមទៀតនៅ ចុងឆ្នាំនេះ តែបើមិនមានទេ យើងនឹងបើកលក់បន្តនៅឆ្នាំ២០២០»។ លោកបន្តថា ៖«យើងក៏បើកចំហរសម្រាប់ខណ្ឌដទៃផងដែរដូចជា សែនសុខ ចំការមន ប៉ុន្តែបុគ្គលអត់ទាន់បានបំពេញអ្វី យើងត្រូវការ ដូចជាគាត់ត្រូវមានភ្នាក់ងារ៣០នាក់ឡើងទៅ ស្គាល់ដីធ្លី បានបីទៅ៥ឆ្នាំ ចំណែកទីផ្សារ ទុន គាត់ត្រូវបំពេញ ខណ្ឌមួយចំនួនមិនអាចបំពេញបាន»។ លោកថា៖«ខ្ញុំគ្រោងមានសាខាច្រើនណាស់ យើងចង់បាន១០០ទីតាំង ប៉ុន្តែនៅ១០ឆ្នាំយើងចង់បាន ៣៦ទីតាំង»។ លោកថា៖«ខ្ញុំយល់ថា សេដ្ឋកិច្ចទីផ្សារនាពេលបច្ចុប្បន្នគឺត្រីធំ ស៊ីត្រីតូច រីឯត្រីតូចស៊ីត្រីតូចជាងខ្លួន នៅពេលយើងនៅតែឯងពិបាកក្នុងការប្រគួតប្រជែងណាស់ក្នុងទីផ្សារ ស្ថិតក្នុងដំណាក់កាលប្រគួតប្រជែងខ្ពស់បំផុត ហើយនៅពេលយើងអត់ប្រព័ន្ធគ្រប់គ្រងរឹងមាំ ក្រុមហ៊ុនជាលក្ខណៈអន្តរជាតិ អត់គ្នាច្រើន អត់សមត្ថភាពទេយើងនឹងដួល»៕ លោក សែម វិបុត្រ ម្ចាស់ទទួលសិទ្ធិធ្វើអាជីវកម្មបន្តរបស់ KW Cambodia នៅ ខណ្ឌឬស្សីកែវ ថ្លែងថាបន្ទាប់ពីចុះឈ្មោះទិញនិងក្លាយជាអ្នកទទួលសិទ្ធិធ្វើអាជីវកម្មបន្តនៅខណ្ឌឬស្សីកែវ លោករំពឹងថា អាជីវកម្មលោក និងរីកចំរើនទ្វេដង។ លោកថា ពីមុនក្រុមហ៊ុនលោកដំណើរអាជីវកម្មជាលក្ខណៈគ្រួសារ តែឥលូវលោក នឹងមានប្រព័ន្ធគ្រប់គ្រងល្អនិងមានស្តង់ដារធំមួយពីអាមេរិក។ លោកថា៖« ការទិញនេះ ខ្ញុំមានក្រុមហ៊ុនអចលនទ្រព្យ ប៉ុន្តែយើងធ្វើជា លក្ខណៈគ្រួសារ យើងចង់បានប្រព័ន្ធគ្រប់គ្រងពីអាមេរិក។ ខ្ញុំរំពឹងថាអាជីវកម្មខ្ញុំនឹងកើនឡើងទ្វេដង នៅពេលខ្ញុំមានធនធានមនុស្សគ្រប់គ្រង និងមានប្រព័ន្ធក្នុងការគ្រប់គ្រងភ្នាក់ងារ ចំណូលនិងកើនឡើងទ្វេដង»។ លោកវិបុត្រថា បច្ចុប្បន្នអចលទ្រព្យដីធ្លីនៅខណ្ឌឬស្សីកែវ កើនឡើងខ្ពស់ នៅផ្លូវធំតម្លៃពីមុនតែ ៥០០ទៅ៦០០ដុល្លារក្នុងមួយម៉េត្រការ៉េប៉ុន្តែឆ្នាំនេះកើនឡើងដល់ ជាង១.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយឡែកផ្លូវតូចប្រមាណជា ៦០០​ទៅ៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដោយឡែក លោក ម៉ក់ សូនីម្ចាស់ទទួលសិទ្ធិធ្វើអាជីវកម្មបន្តរបស់ KW Cambodia នៅ ខណ្ឌជ្រោយចង្វារថ្លែងថា KW Cambodia មានប្រព័ន្ធល្អ ផ្តល់គំនិត និងបច្ចេកវិទ្យាថ្មីៗ គេផ្តល់អ្វីៗថ្មីផ្តល់ឲ្យយើង។ យើងគោរពច្បាប់ជាទូទៅ រូមទាំងពន្ធដារផងដែរ។ លោកថា KW មានប្រព័ន្ធគ្រប់គ្រងល្អ មានការស្រាវជ្រាវ និងអភិវឌ្ឍន៍ ប្រព័ន្ធចែកកុំមីស្យុង ហើយគេមានប្រព័ន្ធប្រមូលក្រុមទៀតផង។ លោក សូនីថា៖« ស្ថានភាពអចលនទ្រព្យខណ្ឌជ្រោយចង្វារ មានសភាបផុលផុសខ្លាំង ដោយសារមានគម្រោងធំៗច្រើនរបស់ ក្រុមហ៊ុន OCIC ក្រុមហ៊ុន លី យុងផាត់ និងគម្រោងធំជាច្រើនទៀតកើតនៅខណ្ឌជ្រោយចង្វារ។ ព្រោះខណ្ឌនេះមានទន្លេពីរ ដែលអំណោយផលដល់អចលនទ្រព្យ តម្លៃកើនជាបន្តបន្ទាប់។ ជ្រោយចង្វារមានសន្ទុះខ្លាំង»៕  
អត្ថបទដោយ: KHB Writer