ស្ថាបត្យកម្មទំនើបធ្វើឲ្យការរស់នៅរបស់ប្រជាជនកាន់តែប្រសើរ

ស្ថាបត្យកម្មទំនើបធ្វើឲ្យការរស់នៅរបស់ប្រជាជនកាន់តែប្រសើរ

ភ្នំពេញ៖ ស្ថាបត្យកម្មគឺជាសិល្បៈ និងវិទ្យាសាស្រ្តនៃការរចនាដែលផ្តល់ឱ្យយើងនូវបរិយាកាសនៃការរស់នៅមួយ។ បច្ចុប្បន្ននេះគម្រោងជាច្រើនត្រូវបាន សាងសង់ដោយយកចិត្តទុកដាក់ខ្ពស់លើផ្នែកស្ថាបត្យកម្មដែលផ្តោតសំខាន់លើការរចនាគ្រោងប្លង់មេ និងទំនាក់ទំនងនៃសេវាកម្មចាំបាច់ដើម្បីបំពេញតាមសេចក្តីត្រូវនៃការរស់នៅ។

នៅក្នុងប្រវត្តិសាស្ត្រនៃស្ថាបត្យកម្មទំនើបស្ថាបត្យករមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវបរិស្ថានលំនៅដ្ឋានរបស់ប្រជាជន។ ដកស្រង់ចេញពីរបាយការណ៍ Realestate.com.kh កាលពីឆ្នាំ២០១៨  ដែលជាស្ថាបត្យករដ៏ល្បីល្បាញដូចជា លោក Le Corbusier លោក Walter Gropius និង លោក Ernst May ជាដើមបានព្យាយាមរចនាប្លង់ទីក្រុង និងសាងសង់លំនៅដ្ឋាន ដែលមានលក្ខណៈ ធម្មជាតិ មានពន្លឺ និងមានខ្យល់ចេញចូលគ្រប់គ្រាន់។

ដោយឡែកនៅកម្ពុជាក្នុងសម័យស្ថាបត្យកម្មខ្មែរទំនើប លោក វណ្ណ មូលីវណ្ណ បិតាស្ថាបត្យកម្មដ៏ល្បីល្បាញរបស់កម្ពុជាបានព្យាយាមជម្រុញ និងធ្វើទំនើបកម្មការរស់នៅសម្រាប់ប្រជាជនខ្មែរ លោកបានសាងសង់គម្រោងលំនៅដ្ឋានដោយគោរពតាមរបៀបរស់នៅបែបប្រពៃណី ប៉ុន្តែធ្វើឲ្យមានភាពទាន់សម័យដោយការបញ្ចូលរចនាបទថ្មីគំនិតសាងសង់ថ្មីផែនការ និងសេវាកម្មសំខាន់ៗ។

ជារួមស្ថាបត្យកម្ម និងការរចនាគឺជាផ្នែកមួយនៃរសជាតិជីវិតដែលផ្សារភ្ជាប់ជីវភាពរស់នៅប្រចាំថ្ងៃទៅកាន់ភាពច្នៃប្រឌិតនៃស្ថាបត្យកម្ម។ ជាមួយគ្នានេះផងដែរវាក៏បានធ្វើឲ្យជីវិតរស់នៅរបស់យើងប្រកបដោយ ផាសុកភាព ភាពរីករាយ ស្ងប់សុខ និងបន្តការរស់នៅកាន់តែមានភាពសម្បូរបែប។ ជារួមស្ថាបត្យកម្ម និងការរចនាមានតួនាទីសំខាន់ណាស់សម្រាប់បរិស្ថានរស់នៅ និងតម្លៃនៃអចលនទ្រព្យទាំងមូល។

ជាក់ស្ដែងបច្ចុប្បន្នស្ថាបត្យករបានរួមបញ្ចូលនូវអគារបៃតង ដែលមានការរចនា ការសាងសង់ និងការប្រតិបត្តិការរបស់អគារនោះជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដល់អាកាសធាតុ និងប្រព័ន្ធអេកូឡូស៊ីទាំងមូលតាមរយៈកាត់បន្ថយការប្រើប្រាស់ទឹកនិងប្រភពថាមពលដែលបំពុលបរិស្ថាន ដូចជាធ្យូងថ្មនិងកាបូនឌីអុកស៊ីតដែលបញ្ចេញទៅក្នុងបរិយាកាស ដែលជាការរួមចំណែកដ៏សំខាន់សម្រាប់ការរស់នៅរបស់ប្រជាជននៅសម័យទំនើបផងដែរ៕

អត្ថបទដោយ: Nary