រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជាបានប្រកាសអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនសម្ព័ន្ធ “ផ្លូវក្រវ៉ាត់ក្រុង” ចំនួនពីរខ្សែហើយ ដែលខ្សែក្រវ៉ាត់ក្រុងទី២ កំពុងស្ថិតក្រោមការសាងសង់ ខណៈដែលគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ គ្រោងនឹងចាប់ផ្តើមសាងសង់នៅពាក់កណ្តាលខែមករានេះ។
ផ្លូវក្រវ៉ាត់ក្រុងខ្សែទី២ បាននឹងកំពុងសាងសង់ដោយបានចែកចេញជាពីរកំណាត់។ កំណាត់ទី១ មានប្រវែង១០ គីឡូម៉ែត្រ ដោយតភ្ជាប់ពីផ្លូវទំនប់កប់ស្រូវ (ឬផ្លូវ១២០K) ឆ្ពោះទៅកាន់មហាវិថីសហព័ន្ធរុស្សីចំណាយ ១០ លានដុល្លារអាមេរិក បានដាក់ឲ្យប្រើប្រាស់នៅខែមីនា ឆ្នាំ២០១៧។ ចំណែកឯកំណាត់ទី២ តភ្ជាប់ ពីមហាវិថីសហព័ន្ធរុស្សី (ត្រង់ស្តុបផ្សារដីហុយ) ឆ្ពោះទៅផ្លូវជាតិលេខ២ (ត្រង់ស្ពានព្រែកសំរោង តាខ្មៅ) ចំណាយ៦២ លានដុល្លារអាមេរិក ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩ ។
ចំណែកឯផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ឯណោះវិញ ត្រូវបានមន្ត្រីរដ្ឋាភិបាលកម្ពុជាថ្លែងប្រាប់សារព័ត៍មានក្នុងស្រុកមួយ កាលពីម្សិលមិញ ដោយអះអាងថាគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងនេះនឹងត្រូវចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករាខាងមុខនេះហើយ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន។

គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងមួយនេះ គ្រោងចំណាយទឹកប្រាក់ប្រមាណ ២៥៩ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានរបស់ប្រទេសចិន ត្រូវបានចុះហត្ថលេខាកាលពីដើមខែកក្កដា ឆ្នាំ២០១៨ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារនីហរ័ណ អាហរ័ណចិន។
ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ នឹងត្រូវស្ថាបនាផ្លូវដោយមានប្រវែងសរុប ៤៧.៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ ៤គន្លង ដោយមានទទឹងតួផ្លូវសរុប២៥ម៉ែត្រ សម្រាប់ផ្លូវរថយន្ត៤គន្លង មានទទឹង៣.៥០ម៉ែត្រក្នុងមួយគន្លង និងផ្លូវទោចក្រយានយន្ត២គន្លង ទទឹង២.២៥ ម៉ែត្រក្នងមួយគន្លង។ ហើយចំនុចនៃការសាងសង់ផ្លូវក្រវ៉ាត់ដ៍ធំមួយនេះ នឹងចាប់ពីចំនុចផ្លូវជាតិលេខ៤ ម្តុំអូរដឹម ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ (គីឡូម៉ែត្រលេខ២៤+៨៤០) ដោយត្រូវងកាត់ផ្លូវជាតិលេខ៣ត្រង់ (គីឡូម៉ែត្រ លេខ២១+២០០) ហើយត្រូវកាត់ផ្លូវជាតិ លេខ២ (ចំណុចគីឡូម៉ែត្រលេខ ២២+៨០០) និងកាត់ផ្លូវ ជាតិលេខ២១ (គីឡូម៉ែត្រលេខ ១៨+ ៤០០) និងផ្លូវខ្នែងប្រវែង ៥.៣៧គីឡូម៉ែត្រផងដែរ។

តែយ៉ាងណា គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងចាយទុនខ្ទង់រយលានដុល្លារអាមេរិកនេះ នៅមិនទាន់ មានការកំណត់កាលបរិច្ចេទបញ្ចប់ការសាងសង់នៅឡើយនោះទេ។
គម្រោងសាង់សង់ផ្លូវក្រវ៉ាត់ក្រុងទាំងនេះ ប្រៀបដូចជាកោសិកាក្នុងការជួយជ្រោមជ្រែងខឿនសេដ្ឋកិច្ចកម្ពុជាដែលមិនអាចខ្វះបាន ហើយក៏ត្រូវបានមន្រ្តី និងអ្នកជំនាញអះអាងថាផ្លូវក្រវ៉ាត់ក្រុងទាំងនេះនឹងបង្កើនការវិនិយោគនៅកម្ពុជាផងដែរ។
បើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារការ និងដឹកជញ្ជូន កន្លងមកបានថ្លែងថា៖ ”ផ្លូវក្រវ៉ាត់ក្រុងនេះ នឹងចូលរួមកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ជម្រុញការដឹកជញ្ជូន ភស្តុភារ និងទំនិញ មានលក្ខណៈកាន់តែងាយស្រួលពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ២ និងទៅផ្លូវជាតិលេខ១ បានឆាប់រហ័ស ជាពិសេសការតភ្ជាប់ទៅកាន់តំបន់ទំនប់កប់ស្រូវ។”
ឯកឧត្តមបានបន្តថា៖ “ទំនប់កប់ស្រូវ កំពុងមានការអភិវឌ្ឍខ្លាំង និងប្រែក្លាយទៅជាមជ្ឈមណ្ឌលស្តុកផ្គត់ផ្គង់ និងចែកចាយទំនិញ នៅតំបន់ភាគខាងលិចរាជធានីភ្នំពេញ តភ្ជាប់ទៅកំពង់ផែស្វយ័តភ្នំពេញ (ផ្លូវជាតិលេខ១) និងទៅក្រុងហូជីមិញប្រទេសវៀតណាមផងដែរ។”
ចំណែកឯ មន្ត្រីនាំពាក្យក្រសួងសាធារការ និងដឹកជញ្ជូបាន លោក វ៉ា ស៊ីមសូរិយា ធ្លាប់បានថ្លែងឲ្យដឹងថា ការសាសង់ផ្លូវក្រវ៉ាត់ក្រុងគឹដើម្បីតភ្ជាប់ពីច្រករបៀងមួយ ទៅកាន់ច្រករបៀងមួយផ្សេងទៀត ពោលគឺដើម្បីតភ្ជាប់ទៅកាន់ផ្លូវជាតិសំខាន់ៗដូចជាផ្លូវជាតិលេខ ១,២,៣,៤ និងផ្លូវជាតិលេខ៥។

មន្ត្រីអ្នកនាំពាក្យរូបនេះ បានបញ្ជក់ថា៖ "ផ្លូវក្រវ៉ាត់ក្រុង ដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។"
បើតាមលោក សូរិយា ផ្លូវក្រវ៉ាត់ក្រុងខ្សែទី១ មិនត្រូវបានរាប់បញ្ចូលនោះទេ ពោលគឹរាប់ចាប់ពីខ្សែទី ២ ។
វត្តមាននៃផ្លូវក្រវ៉ាត់ក្រុងទាំងនេះមិនត្រឹមតែ កាត់បន្ថយនូវបញ្ហាស្ទះចរាចរណ៍ និងផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ចូនប៉ុណ្ណោះទេ តែថែមទាំងបង្កើន ការវិនិយោគអភិវឌ្ឍន៍លំនៅដ្ឋាននៅតំបន់ជាយក្រុងផងដែរ។
លោក ងួន ឆាយលាង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Pointer បានថ្លែងឲ្យដឹងដែរថា ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងនេះបានរួមចំណែកការអភិវឌ្ឍន៍តំបន់ជាយក្រុង ដែលជម្រុញឲ្យមានការវិនិយោគលើវិស័យលំនៅឋានដូចជាបុរី និងផ្ទះល្វែងជាដើម។
ចំណែកឯលោក Yeok K. Foo អគ្គនាយកនៃគម្រោងអភិវឌ្ឍលំនៅឋាន ហ្គ្រេនភ្នំពេញ អ៊ិនធឺណេសិនណល ស៊ីធី ដែលស្ថិតក្នុងខណ្ឌសែនសុខ បានលើកឡើងថា ការអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងនេះពិតមានជាសារៈសំខាន់ណាស់ ក្នុការធ្វើដំណើពីជាយក្រុងទៅកាន់រាជធានីភ្នំពេញ ហើយក៏ជម្រុញអោយប្រជាជនទៅរស់នៅតំបន់ជាយក្រុងកាន់តែច្រើនផងដែរ។
“មហាវិថីហាណូយ ដែលជាផ្នែកនៃគម្រោងផ្លូវក្រវ៉ាត់ក្រុងទី២ ត្រូវបានអភិវឌ្ឍល្អប្រសើរ ហើយគម្រោងរបស់ហ្គ្រេនភ្នំពេញ ក៏ស្ថិតនៅតាមបណ្តោយមហាវិធីមួយនេះដែរ ដែលជម្រុញឲ្យកំណើនប្រជាជន មកទិញលំនៅឋានក្នុងគម្រោងរបស់យើងខ្ញុំក៏ឃើញមានការកើនឡើងផងដែរ។” នេះបើតាមប្រសាសន៍របស់លោក Yeok K. Foo ៕