ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់ពិភពលោកចំនួន៥ កំពុងឈរជើងក្នុងទីផ្សារកម្ពុជា

ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់ពិភពលោកចំនួន៥ កំពុងឈរជើងក្នុងទីផ្សារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់អន្តរជាតិចំនួន៥ បាននឹងកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដើម្បីផ្តល់សេវាកម្មលក់-ជួល សេវាកម្មវាយតម្លៃ ក៏ដូចជាសេវាកម្មប្រឹក្សាយោបល់​ជាដើម ក្នុងទីផ្សារអចលនទ្រព្យ​នៅកម្ពុជា ស្របពេលដែលសក្តានុពលវិស័យមួយនេះកំពុងបង្ហាញអនុភាពនៃការចម្រើនជាវិជ្ជមាន។​ រហូតមកដល់បច្ចុប្បន្នមានក្រុមហ៊ុនបម្រើសេវាកម្មក្នុងទីផ្សារអចលនទ្រព្យសរុប ១០៧ក្រុមហ៊ុនហើយ​ ដែលបានចុះបញ្ជីចូលជាសមាជិករបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ហើយសមាគមនេះត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​ ក្នុង​ចំណោមក្រុមហ៊ុនទាំងអស់នោះ ភាគច្រើនជាក្រុមហ៊ុនក្នុងស្រុក ហើយក៏មានវត្តមានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់ពិភពលោកចំនួន៥ ផងដែរ កំពុងប្រកួតប្រជែងក្នុងការផ្តល់សេវាកម្មក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។​ Century 21 ​ជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឈានជើង​ចូលទីផ្សារកម្ពុជាកាលពីខែកញ្ញា ឆ្នាំ២០១៤ ប្រតិបត្តិការតាមរយៈការទិញសិទ្ធអាជីវកម្មបន្ត (Franchise)  នាំចូលដោយក្រុមហ៊ុនក្នុងស្រុក VTRUST​ ដែលមានលោក គុយ វ៉ាត​ ជាអគ្គនាយក និង ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia។ លោក គុយ វ៉ា​ត បានលើកឡើងថា ការទិញសិទ្ធិអាជីវកម្មក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់អាមេរិកមួយនេះ ដើម្បីបង្កើនកម្រិតនៃជំនាញភ្នាក់ងារអចលនទ្រព្យក្នុងទីផ្សារកម្ពុជា​​ ក៏ដូចជាការប្រកួតប្រជែងកម្រិតជំនាញអន្តរជាតិ ហើយដើម្បីអាចធ្វើការក្នុងទីផ្សារពិភពលោកបាន។​ ក្រុមហ៊ុន Century 21 Real Estate ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧១ ហើយ​បច្ចុប្បន្នបានក្លាយជាក្រុមហ៊ុនដែលត្រូវបានគេទទួលស្គាល់ច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមាន ៧.៤៥០ ការរិយាល័យនៅក្នុង ៧៩ប្រទេស។ ក្រុមហ៊ុននេះបានផ្តល់នូការបណ្តុះបណ្តាលគ្រប់ជ្រុងជ្រោយ និងការជួយទ្រទ្រង់ជាយុទ្ធសាស្រ្តទីផ្សារ​ ដល់បណ្តាញក្រុមហ៊ុនដែលទិញសិទ្ធិអាជីវកម្មរបស់ខ្លួននៅទូទាំងពិភពលោក។ លោក គុយ វ៉ាត អគ្គនាយកក្រុមហ៊ុន Century 21 Cambodia ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យមួយទៀត​ក៏មានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែរ​ គឺក្រុមហ៊ុន Keller Williams Cambodia ដែលទទួលបានសិទ្ធិធ្វើអាជីវកម្មពីក្រុមហ៊ុន Keller Williams ហើយរំពឹងត្រៀមបើកដំណើជាផ្លូវការនៅកម្ពុជានៅដើមឆ្នាំ ២០១៩នេះ។ លោក បណ្ឌិត​​ គីម ហ៊ាង​ ដែលជាអ្នកទិញសិទ្ធិអាជីវកម្មពីក្រុមហ៊ុន Keller Williams មកប្រតិបត្តិការនៅកម្ពុជា បានលើកឡើងថា៖  “វត្តមានក្រុមហ៊ុន​ Keller Williams Cambodia នឹងជួយរុញវិស័យអចលនទ្រព្យនៅកម្ពុជាអោយឡើងមួយកំរិតទៀត ព្រមទាំងដាក់កំហិតក្នុងការធ្វើអាជីវកម្មផ្នែកអចលនទ្រព្យ ដោយគោរពតាមច្បាប់របស់ កម្ពុជា​អោយបាន ១០០ភាគរយ។”​ លោកបណ្ឌិត គីម​ ហ៊ាង​ បានគូសបញ្ជាក់ថា​៖ “Keller Williams Cambodia នឹងបើកសាខាអោយបានគ្រប់ខេត្ត ស្រុក ឬខណ្ឌអោយបានយ៉ាងតិច៣៦ទីតាំង នៅត្រឹមឆ្នាំ ២០២៩។ លោកបណ្ឌិត គីម ហ៊ាង តំណាងក្រុមហ៊ុន Keller Williams Cambodia បង្កើតឡើងដំបូងនៅឆ្នាំ ១៩៧០ នៅសហរដ្ឋអាមេរិក ក្រុមហ៊ុន ERA Real  Estate ក៏បានឈានជើងចូលទីផ្សារ​កម្ពុជាដែរកាលពីដើមឆ្នាំ ២០១៨​ ប្រតិបត្តិការតាមរយៈ ERA Cambodia។ ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយ KHB Media លោក ខន គង្គា នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia បានថ្លែងឲ្យដឹង​ថា ក្រុមហ៊ុន ERA មានលក្ខណៈពិសេសជាងគេមួយក្នុងចំណោមក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដែលលក់សិទ្ធធ្វើអាជីវកម្មល្បីៗនៅលើពិភពលោក ពោលលក្ខណៈពិសេសនោះគឺក្រុមហ៊ុនមានការប្រើប្រាស់បចេ្ចកវិទ្យាមុនគេក្នុង​វិស័យអចលនទ្រព្យ។ បើតាមការលើកឡើងរបស់លោក គង្គា ក្រុមហ៊ុន ERA មាន ២.២៥០ នៅទូទាំង ៣៣ ប្រទេសលើសកលលោក ក្នុងនោះមានជាង ១០ ប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។​  លោកបន្តថា៖ "វត្តមានរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា មិនមែនជាការដណ្តើមចំណែកទីផ្សារជាមួយក្រុមហ៊ុនភ្នាក់អចលនទ្រព្យក្នុងស្រុកនោះទេ តែជាការរួមចំណែកចំពោះការអភិវឌ្ឍក្នុងវិស័យនេះ។"​ ការិយាល័យប្រតិបតិ្តការរបស់ ក្រុមហ៊ុន ERA Real Estate នៅតំបន់អាស៊ី ប៉ាស៊ីហ្វិច ក្រៅពីក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិដែលបានរៀបរាប់ត្រួសៗខាងលើនេះ​ ក៍នូវមានវត្តមានក្រុមហ៊ុនធំផ្សេងៗទៀត​ដែរ តួយ៉ាង​ដូចជាក្រុមហ៊ុន CBRE មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឈានជើងចូល ក្នុងទីផ្សារ​អចលនទ្រព្យនៅកម្ពុជាក្នុងអំឡុងឆ្នាំ ២០០៨ ខណៈដែលក្រុមហ៊ុន​ Knight Frank ដែលមានមូលដ្ឋាន នៅទីក្រុង London ចក្រភពអង់គ្លេស​បានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាក្នុងឆ្នាំ ២០០៨ដែរ។ ភាពរីកចម្រើនក្នុងវិស័យអចលនទ្រព្យបានហុចផលដល់ក្រុមហ៊ុនដែលកំពុងបម្រើសេវាកម្មក្នុងវិស័យមួយនេះ តាមរយៈការទទួលបាននូវប្រាក់កម្រៃជើងសារ ដែលគេតែងហៅថា កុំមីសុង (commission)។ ហើយប្រាក់កម្រៃជើងសារនេះត្រូវបានកំណត់ដោយច្បាប់ជាអប្បរមា ៣ភាគរយ​ នៃតម្លៃអចលនទ្រព្យសរុបនៅពេលដែលមានកិច្ចព្រមព្រៀងទិញ-លក់។ ចំណែកឯ ការដាក់ជួលតាមរយៈភ្នាក់ងារវិញ ត្រូវបង់ថ្លៃកម្រៃជើងសារអាស្រ័យលើរយៈពេល​នៃការជួលជួល។ ពោលប្រសិនបើរយៈពេលនៃការជួលតិចជាងមួយឆ្នាំថ្លៃកម្រៃជើងសាគឺអាស្រ័យ ទៅតាមការព្រមព្រៀងគ្នារវាងម្ចាស់អចលនទ្រព្យ និងភ្នាក់ងារ ហើយក្នុងលក្ខខណ្ឌនេះគឺមិនមានកម្រៃជើងសារជាក់លាក់នោះទេ​។

អត្ថបទដោយ: Bunthoeun