លំនៅឋានចល័តវឌ្ឍន ចំណាយតិចប៉ុន្តែផ្តល់ជូនការរស់នៅបែបទំនើប គុណភាព ផាសុខភាព
![លំនៅឋានចល័តវឌ្ឍន ចំណាយតិចប៉ុន្តែផ្តល់ជូនការរស់នៅបែបទំនើប គុណភាព ផាសុខភាព](https://news.khbmedia.asia/uploads/images/image_750x_5d14fb07bfced.jpg)
ភ្នំពេញ៖ លំនៅឋានជាតម្រូវការចំបងសំរាប់ប្រជាជនកម្ពុជាក្នុងពេលបច្ចុប្បន្ន។ មនុស្សគ្រប់គ្នាដែលមកធ្វើការងារនៅភ្នំពេញ តែងស្វែងរកផ្ទះ ឬបន្ទប់ជួលស្នាក់នៅដោយសារតែពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់ទិញផ្ទះថ្មី ខណៈអ្នកខ្លះទៀត មានដីតែមិនមានលទ្ធភាពសង់ផ្ទះនៅ ព្រោះការសាងសង់ត្រូវចំណាយថវិកាច្រើន។ អស់បារម្ភចំពោះបញ្ហាផ្ទះទៀតហើយ វិស្វករជាន់ខ្ពស់កម្ពុជាម្នាក់បានបង្ហាញពី គម្រោងផ្ទះចល័តថ្មី បែបទំនើប ប្រកបដោយផាសុខភាព ហើយមិនចំណាយថវិកាច្រើនក្នុងការសាងសង់ទៀតផង។ ផ្ទះចល័តថ្មីនេះ ថែមទាំង អាចបង្កើនសេដ្ឋកិច្ច សំរាប់ផ្គត់ផ្គង់គ្រួសាររបស់ម្ចាស់ផ្ទះផងដែរ។ ស្ថាបនិកលំនៅឋានចល័តវឌ្ឍន (Mobile Vattanac Residence) លោក ទី ប៊ុននី បានបង្ហាញពីគំនិតឌីហ្សាញផ្ទះចល័តដំបូងគេនៅកម្ពុជាមួយ ដែលសាងសង់លើផ្ទៃដីទំហំ ៥គុណ២០ម៉ែត្រ ស្របតាមតម្រូវការក្បាលដីភាគច្រើននាបច្ចុប្បន្ន។ គម្រោងផ្ទះថ្មី ដែលប្រកបដោយផាសុខភាពនេះ បែងចែកជា៤ផ្នែកសំខាន់ៗ គឺ៖ ផ្នែកខាងក្រោម មានជាចំណតដែលអាចចតរថយន្តបាន៣គ្រឿង និង ម៉ូតូ១២គ្រឿង ដែលត្រូវបានសិក្សាផ្នែកផាសុខភាព ដែលអាចអោយពន្លឺ និងខ្យល់ចេញចូលទៅបានតាមទំរង់ធម្មជាតិ ហើយមានបន្ទប់ទឹកនៅផ្នែកខាងក្រោយ មានកន្លែងបោកខោអាវ និងហាលខោអាវ ជាស្រេច និងមានជន្តើរឡើងពីជាន់ក្រោមមកជាន់ទី១ យ៉ាងងាយស្រួល។
ផ្នែកជាន់ទី១ ពិតជាសំខាន់ ហើយមានអត្ថប្រយោជន៍ច្រើនយ៉ាងព្រោះវាជាកន្លែងដែលអាចឲ្យ ម្ចាស់ផ្ទះធ្វើអាជីវកម្ម ឬមុខជំនួញផ្សេងៗបានយ៉ាងស្រួល។ តម្រូវទៅតាមទីផ្សារ អតិថិជន ដែលចង់បើកអាជីវកម្ម មុខរបរផ្សេងៗតាមចំណេះជំនាញ ចំណូលចិត្តពោលគឺ បើអតិថិជនចង់បើកដូចជាហាងកាហ្វេ ក្រុមហ៊ុននឹងរចនាជាហាងកាហ្វេតាមបទដ្ឋានស្ថាបត្យកម្ម រឺ ចង់បានបែបការិយាល័យ រឺ ទីតាំងសំរាប់ធ្វើជំនួញផ្សេងៗទៀត...។ល។ ក៏បំពេញតាមតម្រូវការជូនបានតាមជំនាញឯកទេសវិជ្ជាជីវៈ ដោយភ្ជាប់ជាមួយជណ្តើរទំនើប ឡើងទៅកាន់ជាន់ទី២ផងដែរ។
ផ្នែកជាន់ទី២ អាចផ្តល់បន្ទប់រស់នៅសម្រាប់ម្ចាស់ផ្ទះចំនួន២បន្ទប់។ ក្នុងនោះ មានផ្ទះបាយ មានសាឡុងទទួលភ្ញៀវ បន្ទប់ទឹក តុធ្វើការ ទូសំលៀកបំពាក់ និងទូរទស្សន៍ជាដើម។ ផ្នែកខាងមុខ ជាន់ទី២នេះក៏មានកន្លែងល្មមអាចលេងកីឡាវៃកូនឃ្លីលើតុ និងអង្គុយលេងបាន។ មួយវិញទៀត អំណោយផល សំរាប់អតិថិជន ដែលមិនសូវចូលចិត្តម៉ាស៊ីនត្រជាក់ ក៏អាចបើកទ្វា បង្អូចទទួលបានខ្យល់អាកាសខាងក្រៅ ត្រជាក់គ្រប់គ្រាន់។
ទី៤៖ ផ្នែកដំបូលរបស់ លំនៅឋានចល័តវឌ្ឍន ត្រូវបានបំពាក់ប្រព័ន្ធកាត់ជាតិពុល និងបង្កើតអុកស៊ីសែនលើសពី ១០០ម៉ែត្រក្រលា ដោយមានសួនបន្លែនៅលើដំបូលដែលមានផ្ទៃ៧០ម៉ែត្រក្រលា។ ក្បាច់ដំបូលយកគំរូតាម រចនាបឋនៃប្រាសាទខ្មែរ ដែលមានប្រាសាទភ្នំដា ប្រាសាទសម័យអង្គរ ប្រាសាទបឹងមាលា និងប្រាសាទព្រះវិហារ។ ថាមពលនៅផ្នែកខាងលើសំរាប់ដាំបន្លែ គឺទាញយកពីព្រះអាទិត្យដោយសូឡា ដែលមិនប៉ះពាល់ការប្រើប្រាស់អគ្គីសនីនៅផ្នែកខាងក្រោមឡើយ។
ស្ថាបនិកលំនៅឋានចល័តវឌ្ឍន បានបញ្ចាក់ថា ផ្ទះចល័តថ្មីនេះ ក៏បានផ្តោតលើការគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។ លោកប៊ុននីថា នៅកម្ពុជាមានគ្រោះមហន្តរាយច្រើនយ៉ាង ដូចជាទឹកជំនន់ ខ្យល់ព្យុះ រន្ទះបាញ់ អគ្គីភ័យ និងមហន្តរាយផ្សេងៗទៀត ដែលលំនៅឋានចល័តនេះ អាចការពារដោយប្រើបច្ចេកវិជ្ជាថ្មីទំនើប អាចបញ្ជៀសហានិភ័យបានក្នុងកំរឹតខ្ពស់។ លោក ប៊ុននី ដែលជាវិស្វករអាស៊ានឆ្នើមផងនោះ មើលឃើញទីតាំងបីនៅភ្នំពេញ ដែលសាកសមនឹងអភិវឌ្ឍលំនៅឋានប្រភេទនេះដូចជា៖ តំបន់បឹងកក់ តំបន់តាមបណ្តោយផ្លូវ៦០ម៉េត្ រ(តំបន់បឹងជើងឯក) និងតំបន់ជ្រោយចង្វារ តាមជួរផ្លូវជាតិលេខ ៥ និងលេខ ៦ ដែលអាចសាងសង់ផ្ទះចល័តថ្មីដែលមិនធ្លាប់មាននេះបាន។ លោកបន្តថា ផ្ទះថ្មីនេះ អាចចាប់ផ្តើមស្ថាបនាបានជាមួយនឹងតម្លៃ ចាប់ពី ១៨.៥០០ ដុល្លាឡើងទៅ។ បន្ទាប់ពីមានអតិថិជន សម្រេចចិត្តទិញផ្ទះចល័តនេះ កាន់តែច្រើនហើយនោះ ពលរដ្ឋកម្ពូជានឹងចាប់ផ្តើមទទួលបានមកពីផលនៃវប្បធម៌ចែករំលែកដោយមានផ្ទះស្អាត ផាសុខភាព និង គុណភាព តែតម្លៃសមរម្យដែលជាផ្ទះមួយទឹកសំរាប់ទិញរស់នៅ ដោយសារតែលំនៅឋានចល័តនេះ អាចរុះរើដោយមិនខូចខាតអ្វីទាំងអស់ នៅពេលអ្នកប្រើប្រាស់ចង់ប្តូរផ្ទះថ្មី ហើយលក់ផ្ទះដែលប្រើប្រាស់រួច ទៅឲ្យអ្នកប្រើប្រាសបន្ត។ ទៅអនាគតលោក យល់ឃើញថាកំនើនមនុស្សនឹងសេដ្ឋកិច្ចក្នុងតំបន់អាស៊ាននឹងកើនឡើងយ៉ាងគម្ហុកក្នុងរយៈពេល ៥ទៅ១០ឆ្នាំខាងមុខនេះ ដែលតម្រូវអោយលំនៅឋានចល័តវឌ្ឍនរួមទាំងវិស្វករជំនាញផ្សេងទៀត ខិតខំបំពេញតម្រូវការទាំងនោះដើម្បីជាកិត្តិនាមជាតិខ្មែរនៅលើឆាកអាស៊ាន និងអាស៊ានបូក។ សម្រាប់ព័ត៍មានបន្ថែមអំពីលំនៅឋានចល័តវឌ្ឍន សូមទំនាក់ទំនងមកលេខ៖ ០៩៩ ២៦២ ២៦២/០៧០ ៧១២ ០១៦ www.mobileresidence.com Email:[email protected] PO.Box:2121