ភ្នំពេញ៖ បើតាមរបាយការណ៍ស្រាវជ្រាវពីទីផ្សារអាផាតមិនដែលចេញផ្សាយនៅខែធ្នូនេះ បញ្ជាក់ថានៅត្រឹមឆ្នាំ២០៣០ខាងមុខ ទីផ្សារអាផាតមិនក្នុងទីក្រុងភ្នំពេញ នឹងមានការកើនឡើង ៣ដង ដែលស្មើនឹងប្រមាណ ២៨.០០០យូនីត បើពិនិត្យមើលពីចំនួនផ្គត់ផ្គង់បច្ចុប្បន្ន។
របាយការណ៍ទសវត្សរ៍ ឆ្នាំ២០៣០ ដែលត្រូវបានសម្ភោធជាបឋមនៅថ្ងៃទី១៨ធ្នូនេះ បារព្យាករណ៍ ១០ចំណុច អំពីវិស័យអលចនទ្រព្យនៅទីក្រុងភ្នំពេញ ដោយមានការចូលរួមពីលោកឧកញ៉ា គុយ វ៉ាត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកវាយតម្លៃ ភ្នាក់ងារអចលនវត្ថុ អ្នកវិនិយោគ ម្ចាស់គម្រោង និងតំណាងធនាគារក្នុងស្រុក និងបរទេសជាច្រើន នៅសណ្ឋាគារ Raffles Hotel Le Royal នេះ។
នាយកផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន VTrust Appraisal លោក ហ៊ឹម សីហា ដែលដឹកនាំលើការសិក្សាលើរបាយការណ៍នេះ បានបញ្ជាក់ថា៖«ក្នុងសេណារីយូធម្មតា ការផ្គត់ផ្គង់អាផាតមិន ទូទាំងរាជធានីភ្នំពេញ នឹងមានកំណើនប្រចាំឆ្នាំ ១០% ឬយូនីតថ្មីៗកើនឡើងជាមធ្យមចំនួន ១.៥៨០ ក្នុង១ឆ្នាំ ចាប់ពីពេលបច្ចុប្បន្ន ដល់ឆ្នាំ២០២០។ ពិសេសខណ្ឌចំនួន៤ ដែលមានកំណើនផ្គត់ផ្គង់ច្រើនជាងគេ រួមមានខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌ ៧មករា និងខណ្ឌដូនពេញ។ បើគិតត្រឹមត្រីមាសទី៤ ឆ្នាំ២០១៨ អាផាតមិនសរុបប្រហែល ៧.៦០០យូនីត ត្រូវបានជួលលើទីផ្សារជាមួយអត្រាជួលសរុប ៨៤% ទូទាំងរាជធានីភ្នំពេញ»។
គួរបញ្ជាក់ថា របាយការណ៍ទសវត្សរ៍ ឆ្នាំ២០៣០ បានផ្ដោតសំខាន់លើទីផ្សារអចលនទ្រព្យរយៈពេល ១០ឆ្នាំខាងមុខ ពិសេសផ្ដោតលើទិដ្ឋភាពសំខាន់ចំនួន១០ រួមមានទី១-ភូមិសាស្ដ្រ និងប្រជាសាស្ដ្រ, ទី២-វិស័យសំណង់, ទី៣-ទីផ្សារលំនៅឋាន, ទី៤-ទីផ្សារលក់រាយ និងការិយាល័យ, ទី៥-ទីផ្សារដីឡូតិ៍, ទី៦-ទីផ្សារឧស្សាហកម្ម, ទី៧-ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ទី៨-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទី៩-នគរូបនីយកម្ម និងការពង្រីកទីក្រុង និងទី១០-ហេដ្ឋារចនាសម្ព័ន្ធទីក្រុង៕