ប្រធាន CVEA ថ្មី បង្ហាញយុទ្ធសាស្រ្ត ដឹកនាំនាវាវិស័យអចលនទ្រព្យនៅកម្ពុជា​​

ប្រធាន CVEA ថ្មី បង្ហាញយុទ្ធសាស្រ្ត ដឹកនាំនាវាវិស័យអចលនទ្រព្យនៅកម្ពុជា​​
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា (CVEA) លោក​ ច្រឹក សុខនីម ដែលទើបត្រូវបានជ្រើសរើសជាប្រធានតាមរយៈការឆ្នោតកាលពីម្សិលមិញបានដាក់ចេញជាយុទ្ធសាស្រ្តមួយចំនួនក្នុងការដឹកនាំសមាគម ក៏ដូចជាការគូសវាស និងតម្រង់ទិសដើម្បីអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា ក្រោមការដឹកនាំរបស់លោកក្នុង​អាណ្តតិ​ទី៦ ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០១៩ខាងមុខនេះ។​​ លោក​ ច្រឹក សុខនី​ម បានបង្ហាញគោលការណ៍និងយុទ្ធសាស្រ្តសំខាន់មួយចំនួន ដែលនឹងត្រូវយកមកអនុវត្ត បន្ថែមលើផែនការយុទ្ធសាស្រ្តរបស់សមាគមដែលមានកន្លងមក។ គោលការណ៍ និងផែនការយុទ្ធសាស្ត្រទាំងនោះមានដូចជា ទី១​ ការបង្កើតក្រុមប្រឹក្សាយោបល់ទៅលើផ្នែកច្បាប់  ដែលនឹងត្រូវលើកយកមកសិក្សាដើម្បីអោយការធ្វើអាជីវកម្មក្នុងវិស័យអចលនទ្រព្យកាន់តែមានភាពល្អប្រសើរដែលមានការធានាដោយច្បាប់។ ចំណែកទី២​ គឺផ្តោតលើជំនួយបច្ចេកទេសប្រឹក្សាយោបល់ទៅលើការធ្វើអាជីវកម្មដល់សមាជិក ក្នុងន័យពង្រឹងកិច្ចការផ្ទៃក្នុងរបស់សមាគម ហើយសមាជិកទាំងអស់របស់សមាគមត្រូវបានចាត់ទុកជាដៃគូ ដើម្បីធ្វើការរួមគ្នា ផ្តល់ឱកាសឱ្យគ្នា ព្រមទាំងឱ្យតម្លៃអោយគ្នាទៅវិញទៅមក។​ ទី៣​ ពង្រឹងការទំនាក់ទំនងរបស់សមាគមលើឆាកអន្តរជាតិតាមរយៈវេទិការនៃបណ្តាញសម្ព័ន្ធអចលនវត្ថុអាស៊ាន (AREAN) និងសមាគមអចលវត្ថុ NRA (The National Association of Realtors) ដែលមានមូលដ្ឋាននៅសហរដ្​ឋអាមេរិក។ ដោយឡែកចំណុចដែលទី៤ ដែលនឹងត្រូវផ្តោត​លើគឹចំណេះដឹង ក្នុងការបង្កើតវគ្គបណ្តុះបណ្តាលវគ្គសិក្សាថ្មីៗបន្ថែមដែលមានពីមុនមក ដើម្បីបង្កើនប្រសិទ្ធិភាពការងារដល់សមាជិក។​ ​តាមរយៈបទពិសោធន៍ដែលបានប្រឡូកក្នុងវិស័យអចលនទ្រព្យជាង ១៣ឆ្នាំកន្លងមកនេះ លោក សុខនីម បានគូសបញ្ជាក់ថា លោកបានដឹកនាំក្រុមហ៊ុនរបស់លោកចាប់តាំងពីមានបុគ្គលិកចំនួន ៣ទៅ​៤នាក់រហូតដល់ទៅជិត៦០ នាក់ ដែលជាទឡ្ហីករណ៍មួយសម្រាប់រូបលោកក្នុង​ការដឹក​នាំ ជាពិសេសអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងដឹកនាំ ក៍ដូចជាផ្តល់ការប្រឹក្សាដល់សមាជិករបស់សមាគមផងដែរ។ បន្ថែមពីនេះ លោក សុខនីម បានអះអាងថាការដាក់មនុស្សអោយត្រូវកន្លែង និងចំជំនាញ ជាគោលការណ៍គន្លឹះដែលលោកធ្លាប់បានដឹកនាំកន្លងមកប្រកបដោយប្រសិទ្ធិភាព និងជោគជ័យ ហើយគោលការណ៍ដឹកនាំមួយនេះក៍នឹងត្រូវយកមកអនុវត្តក្នុងការដឹនាំសមាគមផងដែរ៕ មិនតែប៉ុណ្ណោះ លោក សុខនីម ក៏បានបង្ហាញសុទ្ធិនិមចំពោះការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាថានៅតែបន្តមានការរីកចម្រើនជាវិជ្ជមាន។​ លោកបន្តថា​ ដើម្បីឱ្យិវិស័យនេះកាន់តែមានការរីកចម្រើននោះ គឺទាមទារអោយមានការចូលរួមរវាងភាគីពាក់ព័ន្ធនិងរដ្ឋាភិបាល ខណៈដែលបច្ចុប្បន្នលោកមើលឃើញនូវភាពខ្វះចន្លោះចំពោះទិន្ន័យទីផ្សារអចលនទ្រព្យ ដោយមិនទាន់រួមគ្នាធ្វើរវា​ងរដ្ឋនិងឯកជន។
អត្ថបទដោយ: Bunthoeun