វិស្វករកម្ពុជាជាង ៦០នាក់ ត្រូវបានទទួលស្គាល់ជាសមាជិកវិស្វករអាស៊ានឆ្នើម

ភ្នំពេញ: វិស្វករកម្ពុជាចំនួនជាង ៦០នាក់ ត្រូវបានគណៈវិស្វករអាជីពឆ្នើមអាស៊ាន (ASEAN Chartered Professional Engineering) ទទួលស្គាល់ឲ្យចូលជាសមាជិករបស់ខ្លួនជាផ្លូវការកាលពីពេលថ្មីៗនេះ បន្ទាប់ឆ្លងកាត់ការវាយតម្លៃយ៉ាងតឹងរឹងពីគណៈកម្មការវិស្វករអាស៊ាន។
ឯកឧត្តម លឹម សុខថាវ អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានថ្លែងថា គណៈវិស្វករអាជីពឆ្នើមអាស៊ាន (ASEAN Chartered Professional Engineering) ទទួលស្គាល់ឲ្យចូលជាសមាជិកវិស្វករកម្ពុជាជាង ៦០នាក់ហើយ គិតត្រឹមឆ្នាំ២០១៨នេះ ខណៈវិស្វករកម្ពុជាចំនួនជាង ៤០០នាក់ផ្សេងទៀត ត្រូវបានគណៈកម្មការសមាជិកវិស្វករអាស៊ានទទួលចុះបញ្ជីឲ្យចូលសមាជិកខ្លួនផងដែរ។
លោកបន្តថា ការចុះឈ្មោះជាសមាជិកគណៈវិស្វករអាជីពឆ្នើមអាស៊ាន (ASEAN CharteredProfessional Engineering) ពិតជាមានអត្ថប្រយោជន៍ជាច្រើន ជាពិសេសកេត្តិយសរបស់ប្រទេសជាតិ។ លើសពីនេះ ពួកគេអាចចល័តទៅធ្វើការនៅក្នុងតំបន់អាស៊ានបានដោយរលូន ដោយមានឱកាសសិក្សា រៀនសូត្រជំនាញ ឬសិក្សាវគ្គខ្លីៗជាមួយជាតិបរទេសផ្សេងៗដោយឥតគិតថ្លៃ ប៉ុន្ដែបើគិតថ្លៃ ក៏នឹងទទួលបានការបញ្ចុះតម្លៃពិសេសដែរ។ ពួកគេក៏មានសិទ្ធិដេញថ្លៃការសាងសង់ក្នុងតំបន់ (ម៉ៅការ) និងមានឱកាសក្លាយជាអ្នកគ្រប់គ្រងការដ្ឋានទាំងមូល ឬជាអ្នកដឹកនាំនៅការដ្ឋានណាមួយ ឬប្រធានបច្ចេកទេសជាដើម។
វិស្វករដ៏ឆ្នើមរបស់កម្ពុជារូបនេះ បានបញ្ជាក់ថា វិស្វករអាស៊ានត្រូវទទួលស្គាល់ត្រឹមតែអង្គការសហព័ន្ធវិស្វកម្មអាស៊ាន (ASEAN Federation of Engineering Organization) ប៉ុណ្ណោះ ប៉ុន្ដែមិនទាន់ជាផ្លូវការនៅឡើយទេ។ ប្រសិនបើពួកគាត់ចង់ចូលជាសមាជិកវិស្វករអាជីពឆ្នើមអាស៊ាន ពួកគាត់ត្រូវតែឆ្លងកាត់គណៈកម្មាធិការវាយតម្លៃផ្នែកវិជ្ជាជីវៈ ដែលហៅថាគណៈកម្មការជាតិកម្ពុជា ដើម្បីបញ្ជាក់ថា ពួកគាត់មានវិជ្ជាជីវៈគ្រប់គ្រាន់ មានចំណេះដឹង បច្ចេកទេស បទពិសោធន៍ចាប់ពី៧ឆ្នាំឡើងទៅ សីលធម៌ល្អគ្រប់លក្ខខណ្ឌរបស់អាស៊ាន ហើយត្រូវបានគណៈកម្មការជាតិវាយតម្លៃថាល្អជាមុនសិន។
លោកបន្តថា ចំពោះលក្ខខណ្ឌនៃការចូលជាសមាជិកវិស្វករអាស៊ានមិនសូវមានការលំបាកទេ ប្រសិនបើគណៈកម្មាធិការជាតិកម្ពុជាវាយតម្លៃថាល្អ នោះគណៈកម្មការអាស៊ានក៏គេនឹងទទួលយកតាមការណែនាំរបស់កម្ពុជាដែរ ព្រោះយើងបានវាយតម្លៃដោយផ្អែកលើសុក្រឹតភាព យុត្តិធម៌ ត្រឹមត្រូវ អ្នកមានសមត្ថភាពពិតប្រាកដ និងមនុស្សដែលមានគុណភាព។
លោកបន្ថែមថា៖«ខ្ញុំសូមជំរាបថា ដើម្បីក្លាយជាសមាជិកវិស្វករអាជីពឆ្នើមអាស៊ាន បេក្ខជនទាំងអស់ ត្រូវតែជាវិស្វករដែលបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជាជាមុនសិន ហើយបន្តខិតខំប្រឹងប្រែងឲ្យចុះឈ្មោះក្លាយជាវិស្វករអាស៊ានសិន បន្ទាប់មកទៀត បើពួកគាត់ចង់ក្លាយជាសមាជិកវិស្វករអាជីពឆ្នើមអាស៊ានទៀត ក៏ត្រូវឆ្លងកាត់បទពិសោធន៍យ៉ាងតិច៧ឆ្នាំ ហើយដំណាក់កាលនីមួយៗត្រូវឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការជំនាញទាំងអស់»៕
លោក ទី ប៊ុននី ជាវិស្វករម្នាក់ដែលបានក្លាយជាសមាជិកវិស្វករអាជីពឆ្នើមអាស៊ាន(ASEAN Chartered Professional Engineering) កាលពីពេលថ្មីៗនេះបានថ្លែងថាវិស្វករកម្ពុជាទាំងអស់គួរនាំគ្នាទៅចុះបញ្ជីនៅគណៈវិស្វករកម្ពជា ព្រោះវាបានផ្ដល់អត្ថប្រយោជន៍ជាច្រើន លើសពីការរំពឹងទុក។
លោកបន្តថា ពេលចុះឈ្មោះនៅគណៈវិស្វករកម្ពុជា វិស្វករអាចស្នើរសុំជាសមាជិកវិស្វករអាស៊ានបន្តទៀត ព្រោះបេក្ខជនមានអាជីព និងជំនាញរៀងៗខ្លួនរួចទៅហើយ។«ខ្ញុំថាវិស្វករខ្មែរយើងគួរតែចុះបញ្ជីនៅគណៈវិស្វករកម្ពុជាព្រោះវាងាយស្រួលដល់ការងារយើងច្រើនបើសិនជាមានក្រុនហ៊ុនបរទេសណាគេត្រូវការសហការជាមួយយើង គឺយើងមាន Credit ស្រាប់ អ៊ីចឹងយើងអាចចរចាជាមួយគេបាន»។
នៅកម្ពុជាវិស័យវិស្វកម្ម ត្រូវបានគ្រប់គ្រងដោយ គណៈវិស្វករកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ ដោយស្ថិតក្រោមចំណុះរបស់គណៈរដ្ឋមន្រ្តី។ យោងតាមការសិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា កម្ពុជាមានចំនួនវិស្វករជំនាញ តិចតួចណាស់បើធៀបទៅនឹងតម្រូវការនៃទីផ្សារការងារ ដែលត្រូវការធនធានវិស្វករគុណភាពប្រមាណជា ៣៥.០០០នាក់ នៅចន្លោះពីឆ្នាំ ២០១៨ ដល់ ឆ្នាំ២០២០។
ឯកឧត្តម ពេជ្រ សោភ័ណរដ្ឋលេខាធិការ ក្រសួង ការងារ និង បណ្តុះបណ្តាលវិជ្ចាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ អាណត្តិទី២ របស់គណៈវិស្វករកម្ពុជា កាលពីខែមេសាឆ្នាំ២០១៨ ថា គណៈវិស្វករកម្ពុជាបានចុះបញ្ជីវិស្វករសរុបចំនួន ៣.០៤៥ នាក់ (បរទេសចំនួន១៤នាក់) ដែលក្នុងនោះរួមមាន សំណង់ស៊ីវិល ៧៦% និងអគ្គិសនី ៧,៥% មេកានិច ៣% វិទ្យាសាស្រ្តកុំព្យូទ័រ ៣% ភូគភ្ភសាស្រ្ត រ៉ែ ២% គីមីចំណីអាហារ-កសិឧស្សាហកម្ម-ទេពកោសល្យជនបទ និងធនធានទឹក ១% និងជំនាញផ្សេងៗ ៧,៥% ។
តាមរបាយការណ៍បូកសរុបប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានបង្ហាញថា ក្នុងរយៈពេល២០ឆ្នាំមកនេះក្រសួងបានចុះបញ្ជីរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ចំនួន២២២រូប ខណៈគណៈស្ថាបត្យករកម្ពុជា បានចុះបញ្ជីស្ថាបត្យករចំនួន៧១៤រូប រីឯគណៈវិស្វករកម្ពុជាបានចុះបញ្ជីវិស្វករថ្នាក់ជាតិចំនួន ៤៦រូប (បរទេសមួយរូប)៕