ទុនវិនិយោគក្នុងវិស័យសំណង់ នៅតែបន្តធ្លាក់ចុះគួរឲ្យកត់សំគាល់នារយៈពេលប៉ុន្មានខែចុងក្រោយនេះ ពោលគឺគិតត្រឹមរយៈពេល ៩ខែ និង១០ខែ ក្នុងឆ្នាំ២០១៨នេះ។
យោងតាមរបាយការណ៍ចុងក្រោយមួយរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានបង្ហាញឲ្យដឹងថា នារយៈពេល៩ ខែឆ្នាំ២០១៨នេះ មានគម្រោងសាងសង់សរុបចំនួន ២.៥៤១ គម្រោងដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៤,៨ ពាន់លានដុល្លារអាមេរិក ពោលគឺធ្លាក់ចុះ ១៤,៤៧ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគា្នកាលពីឆ្នាំមុន ដែលមានទំហំនៃទុនវិនិយោគប្រមាណ ៥,៦ ពាន់លានដុល្លារអាមេរិក។
ទុនវិនិយោគក្នុងវិស័យសំណង់ដែលជាវិស័យកំពុងមានការរីកធំធាត់មួយនេះ បានបន្តធា្លក់ចុះរហូតដល់ ២០,៣៨ ភាគរយ គិតត្រឹមយៈពេល ១០ខែក្នុងឆ្នំា២០១៨ ដែលមានតម្លៃប៉ាន់ស្មានវិនិយោគប្រមាណ ៤,៩៩ ពាន់លានដុល្លារអាមេរិក ពោលគឺបានរំកិលធ្លាក់ចុះពីចំនួន ៦,២៦ ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គម្រោងអភិវឌ្ឍន៍អគារពហុប្រើប្រាស់ Morgan Tower នៅទីក្រុងកោះពេជ្រ។
រយៈពេល ១០ ខែ ដដែល គម្រោងវិនិយោគសាងសង់សរុបមានចំនួន ២.៦៥៤ គម្រោង ដែលមានផ្ទៃក្រឡាសាងសង់ប្រមាណ ១១,០៥ លានម៉ែត្រការ៉េ ខណៈរយៈពេលក្នុងឆ្នាំ ២០១៧ មានចំនួន ២,៨១៦ គម្រោងដែលមានផ្ទៃក្រលាសាងសង់សរុបចំនួនប្រមាណ ១០,៣៦ លានម៉ែត្រក្រឡា។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា ដែលជាអ្នកជំនួញលដ៏ល្បីល្បាញក្នុងវិស័យសំណង់ និងអចលនទ្រព្យមួយរូប បានថ្លែងឲ្យដឹងក្នុងពិធីបើកសម្ពោធពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា កាលពីម្សិលមិញថា ការថមថយក្នុងវិស័យសំណង់នេះដោយសារតែដំណើរការវិវត្តន៍នៃការវិនិយោគ ហើយអ្នកជំនួញរូបនេះបានបង្ហាញសុទ្ធិដ្ឋនិយមថាវិស័យសំណង់នៅតែបន្តរីកចម្រើននាឆ្នាំខាងមុខជាបន្តបន្ទាប់។
“ជាធម្មតា ដំណើរការវិវត្តន៍នៃការវិនិយោគ (investment cycle) តែងមានការឡើង ហើយនឹងចុះ ដែលការណ៍នេះមិនមែនជាបញ្ហាធំទេ ព្រោះសេដ្ឋកិច្ចកាលណាកើនឡើងខ្ពស់ហើយ នឹងត្រូវធ្លាក់ចុះបន្តិច ....... វាជារឿងធម្មតាទេ។” នេះបើតាមប្រសាសន៍របស់អ្នកឧកញ៉ា ពុង ឃាវសែ ។
ជុំវិញការថមថយក្នុងវិស័យសំណង់នេះ មន្រ្តីនាំពាក្យនៃក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ លោក សេង ឡូត ស្នើសុំមិនធ្វើការអត្ថាធិប្បាយទេ កាលពីរសៀលថ្ងៃទី ២៩ ម្សិលមិញ ដោយលើកឡើងថា មានកិច្ចការររវល់។
តែយ៉ាងណា លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានថ្លែងក្នុងសន្និសិទការសែតមួយ កាលពីអំឡុងខែ តុលាកន្លងទៅនេះថា៖
“វិស័យស័យសំណង់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិដូចជាការរួមចំណែកក្នុងការបង្កើតការងារ ព្រមទាំងកាលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនជាដើម”។ លោកបន្តថា លោកនៅតែជឿជាក់លើវិស័យមួយនេះនឹងនៅតែបន្តរីកលូតលាល់ជាវិជ្ជមាន៕