កម្ពុជា-ចិន​​​ ចាប់ដៃគ្នាលក់គម្រោងអចលនទ្រព្យមួយតម្លៃជាង ១៦០លានដុល្លារនៅកោះពេជ្រ

កម្ពុជា-ចិន​​​ ចាប់ដៃគ្នាលក់គម្រោងអចលនទ្រព្យមួយតម្លៃជាង ១៦០លានដុល្លារនៅកោះពេជ្រ
ក្រុមហ៊ុនភ្នាក់ងារ​អចលនទ្រព្យ Century21 Cambodia និង​ក្រុមហ៊ុនចិន​ Century 21 China បានចុះកិច្ចព្រមព្រៀងសហការគ្នាដើម្បីទទួលសិទ្ធិលក់គម្រោងអភិវឌ្ឍន៍ចម្រុះ Morgan Tower ក្រោមទុនវិនិយោគជាងមួយរយលានដុល្លារអាមេរិក ស្ថិតនៅទីក្រុងកោះពេជ្រ។​ កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរបានធ្វើឡើងកាលពីថ្ងៃទី ១៨​ ខែវិច្ឆិកាកន្លងទៅនេះ ដើម្បីពន្លឿននិង​បង្កើនប្រសិទ្ធិភាពក្នុងការលក់ និងការជួលនៃគម្រោងអគារដ៏ស្គឹមស្គៃមួយនេះ។​ ក្រោយ​ការចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនទាំងពីរនេះនឹងដាក់ចេញជាយុទ្ធសាស្រ្តផ្សព្វផ្សាយលើផ្នែកលក់ និង​ផ្នែកទីផ្សារតាមរយៈបណ្តាញអាជីវកម្មហ្រ្វែនឆាយ (Franchise) របស់ខ្លួន ដែលមាន ២១ សាខានៅកម្ពុជា​ ក៏ដូចសាខា Century 21 ជាច្រើនផ្សេងទៀត នៅតាមបណ្តាប្រទេសផ្សេងៗនៅលើសកលលោក។​ គូស​បញ្ជក់ផងដែរថា សម្រាប់អ្នកវិនិយោគលើគម្រោង Morgan Tower នេះនឹងទទួលបានការជួលត្រលប់មកវិញ (Return Investment ) ហើយទទួលបានប្រាក់ចំណេញពីការវិនិយោគ ៨ ភាគរយក្នុងមួយឆ្នាំ សម្រាប់រយៈពេល៥ឆ្នាំ។ គម្រោង​អភិវឌ្ឍន៍ Morgan Tower ស្ថិតនៅទីក្រុង​កោះពេជ្រ ដែលជាតំបន់មានសកម្មភាពមម៉ាញឹកជាងគេក្នុងការសាងសង់គម្រោងអគារខ្ពស់ៗ នៅរាជាធានីភ្នំពេញ Morgan Tower ជាអគារការិយាល័យលំដាប់ថ្នាក់ A 5​ ដែលជាកាវិនិយោគរបស់ក្រុមហ៊ុនចិន Morgan Ford Investment បានចាប់ផ្តើមសាងសង់កាលពីខែ សីហា កន្លងទៅនេះ​ ហើយគ្រោងបញ្ជប់ការសាងសង់នៅឆ្នាំ ២០២១។ ក្រោមទុនវិនិយោគប្រមាណជា ១៦០​លានដុល្លារអាមេរិក មានកម្ពស់ ៤៦​ ជាន់ ស្មើនឹង ២១០ ម៉ែត្រ អគារដ៏ខ្ពស់ស្គឹមស្គៃមួយនេះ មានលក្ខណៈពិសេសមួយគឹមានចំណតសម្រាប់ឧទ្ធម្ភាគចក្រនៅលើដំបូលនៃអគារ។ ក្រៅពីនេះក៏មាន​ Sky Bar, Air Club ដែលមានទំហំ ៤០០០ ម៉ែត្រការ៉េ ស្ថិតនៅលើជាន់ទី ៤៣ ដល់៤៦, ភោជនីយដ្ឋានលំដាប់អន្តរជាតិ Michelin Art ព្រមទាំងអាងហែលទឹកដែលអាចគយគន់ទេសភាពពីលើអកាស​ផងដែរ។ លោក Hu Sheng Gang អនុប្រធានក្រុមហ៊ុន Morganford Investment បានឲ្យដឹង​ថា ដោយសារទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ហើយ​ជាពិសេសសេដ្ឋកិច្ចកម្ពុជាមានកំណើនថេរគួរឲ្យកត់សម្គាល់ ទើបជម្រុញឲ្យក្រុមហ៊ុនរបស់លោកសម្រេចចិត្តបោះទុនវិនិយោគលើគម្រោងនេះ។ លោក Hu Sheng Gang​ បានគូសបញ្ជាក់ថា ទីក្រុងកោះពេជ្រជាទីតាំងស្នូល ដែលស្រដៀងទៅនឹងតំបន់ Lujianzui នៅទីក្រុងសៀងហៃ ប្រទេសចិន។ ថ្លែងក្នុងពិធីសម្ពោធគម្រោងសាងសង់អគារ Morgan Tower កាលពីខែសីហា​ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហោ ណាំហុង បានថ្លែងថា គម្រោងវិនិយោគមួយនេះ ស្ថិតក្នុងចំណោមគម្រោងវិនិយោគផ្សេងៗទៀតរបស់ក្រុមហ៊ុនចិន គឺជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន ក៏ដូចជាក្នុងក្របខ័ណ្ឌ ខ្សែក្រវាត់ និងផ្លូវមួយ ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីចិន ស៊ី ជីន ពីង ។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហោ ណាំហុង បានឲ្យដឹថា រយៈពេលប្រាំពីរខែឆ្នាំ២០១៨នេះ ទំហំទឹកប្រាក់របស់វិនិយោគចិននៅកម្ពុជា មានចំនួនជាង ៥ពាន់លានដុល្លារអាមេរិក។ ហើយបើគិតពីឆ្នាំ២០១៣ ដល់ខែកក្កដា ២០១៨ វិនិយោគចិននៅកម្ពុជាមានចំនួនជាង ២១ពាន់លានដុល្លារអាមេរិក។ គួរជម្រាបផងដែរថា សំណង់​អគារខ្ពស់ៗចាប់ពី៥ជាន់​ឡើងទៅ​នៅក្នុងរាជធានីភ្នំពេញ បាន​កើនឡើងដល់​ប្រមាណ៩២​អគារ​នារយៈពេល៩ខែ​ឆ្នាំ២០១៨។ នេះបើយោងរបាយការណ៍របស់ក្រសួងដែនដីរៀបចំដែនដី នគររូបនីយកម្ម និង​សំណង់៕
អត្ថបទដោយ: Bunthoeun