ផ្សារទំនើប Big C របស់ថៃពង្រីកសាខាដំបូងនៅក្រុងប៉ោយប៉ែត
ផ្សារទំនើប Big C ដ៍ធំរបស់ថៃ ដែលគ្រប់គ្រងដោយក្រុមហ៊ុន Berli Jucker Plc (BJC) គ្រោងពង្រីកសាខារបស់ខ្លួនជាលើកដំបូងនៅលើទឹកដីព្រំប្រទល់រវាងកម្ពុជា-ថៃ ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យោងតាមការចេញផ្សាយរបស់ទទូរទស្សន៍ក្នុងស្រុកមួយនាពេលថ្មីៗកន្លងទៅនេះថា ផ្សារលក់រាយ Big C របស់ក្រុមហ៊ុនថៃមួយនេះគ្រោងបោះទុនវិនិយោគជាង ១០ លានដុល្លារអាមេរិក ហើយអាចនឹចាប់ផ្តើមសាងសង់នៅខែធ្នូ ខាងមុខនេះ។
ប្រភពដដែលបានគូសបញ្ជក់ថា ផ្សារលក់រាយនេះនឹងសាងសង់លើផ្ទៃដី ២ ហិកតាកន្លះ ដោយក្នុងនោះ ផ្ទៃដី ១ ហិកតាកន្លះសម្រាប់សាងសង់ផ្សារ និង១ហិកតាទៀតសម្រាប់ចំណតយាន្តយន្ត ដោយប្រើប្រាស់ពេលវេលាសាងសង់រយៈពេល ៩ខែ ពោលគឺអាចនឹងបើកដំណើរនៅអំឡុងពាក់កណ្តាលឆ្នាំ ២០១៩។
តែយ៉ាងណា លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី១៥ វិច្ឆិកា នេះថា គម្រោងសាងសង់ផ្សារទំនើបដែលអភិវឌ្ឍដោយក្រុមហ៊ុនថៃមួយនេះ នៅមិនទាន់ទទួលបានអាជ្ញាប័ណ្ណសាងសង់នៅឡើយនោះទេ។
លោកបានបន្តថា៖ “ការប្រកាសគម្រោងអភិវឌ្ឍន៍ផ្សារនេះ ស្របពេលដែលក្រុងប៉ោយប៉ែតកំពុងមានការរីកចម្រើន ដែលរួមមានទាំងការវិនិយោគលើលំនៅដ្ឋានខុនដូ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបុរី កាស៊ីណូ និងតំបន់សេដ្ឋកិច្ចដែលមានរោងចក្រជាច្រើនកំពុងដំណើការផងដែរ”។
ក្រុមហ៊ុន BJC បានបើកដំណើការហាងលក់រាយចំនួន ១.២០០ កន្លែងដែលស្ថិតក្នុងប្រទេសថៃ វៀតណាម និង ប្រទេសឡាវ ហើយហាងលក់រាយទាំងនោះប្រតិបតិ្តការដោយម៉ាកយីហោផ្សេងៗគ្នា។ ក្នុងនោះម៉ាកយីហោ Big C កំពុងបើកដំណើការនៅក្នុងប្រទេសថៃ MM Mega Market និង B’s Mart កំពុងបើកដំណើការនៅក្នុងប្រទេសវៀណាម និងម៉ាកយីហោ M-Point Mart កំពុងបើកដំណើរក្នុ្ងប្រទេស ឡាវ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះមានរោងចក្រផ្ទាល់ខ្លួន១០កន្លែង ដែលរួមមានទាំងរោងចក្រវេចខ្ជប់ ស្ថិតក្នុងតំបន់អាស៊ាន។
ផ្សារទំនើបលក់រាយដែលប្រតិបត្តិការដោយម៉ាកយីហោ Big C របស់ក្រុមហ៊ុន BJC មានច្រើនប្រភេទរួមមានដូចជា Big C Super Centre, Big C Market, Mini Big C, Big C Extra, និង Big C Jumbo។
យោងតាមការចេញផ្សាយរបស់ការសែត Bangkok Post កាលពីចុងខែកញ្ញានេះ លោក Aswin Techajareonvikul ប្រធានក្រុមហ៊ុន BJC បានឲ្យដឹងថាផ្សារទំនើបដែលមានម៉ាកយីហោ Big C Super Center នឹងត្រូវពង្រីកនៅកម្ពុជា ហើយម៉ាកយីហោនៃផ្សារទំនើបមួយនេះគ្រោងនឹងបើកដំណើការឆាប់ៗនៅប្រទេសម៉ាឡេស៊ី និងឆ្នាំក្រោយនៅប្រទេសឡាវ ខណៈដែលហាងលក់រាយដែលមានម៉ាកយីហោ M Point Mart កំពុងបើកដំណើរការ ៤៦ សាខានៅប្រទេសឡាវ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន BJC នេះក៏គ្រោងនឹងចំណាយទុនវិនិយោគ១០លានបាតផងដែរ ដើម្បីពង្រីកអាជីវកម្មហាង និងផ្សារលក់រាយរបស់ខ្លួននៅឆ្នាំ២០១៩ខាងមុខនេះ។
អត្ថបទដោយ:
Bunthoeun