អ្នកជំនាញជម្រុញឲ្យរដ្ឋសិក្សាឲ្យបានច្បាស់មុនតម្លើងបារ៉ែមតម្លៃដីធ្លី

អ្នកជំនាញជម្រុញឲ្យរដ្ឋសិក្សាឲ្យបានច្បាស់មុនតម្លើងបារ៉ែមតម្លៃដីធ្លី

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានអំពាវនាវឲ្យរដ្ឋាភិបាលសិក្សាជាមួយដៃគូរ​ពាក់ព័ន្ធឲ្យបានច្បាស់លាស់ មុន​នឹងតម្លើង​បារ៉ែមតម្លៃដីធី្ល ខណៈដែលការធ្វើកំណែទម្រង់តម្លៃដីធ្លីកំពុង​ត្រូវបានធ្វើបច្ចុប្បន្នភាព។ កាលពីថ្មីៗកន្លងទៅនេះ អគ្គនាយកពន្ធដារបានអះអាងថា តារាងតម្លៃដីធ្លីថ្មីកំពុងត្រូវបានរៀបចំធ្វើបច្ចុប្បន្នភាពជិតរួចរាល់ហើយ ដែលការធ្វើកំណែទម្រង់តារាងតម្លៃធ្លីថ្មីនេះ ​ដើម្បីបង្កើនចំណូលពន្ធលើវិស័យអចលនទ្រព្យ ដោយសារតម្លៃដីធ្លីនៅបច្ចុប្បន្ន តម្លៃខ្ពស់ជាងតម្លៃកាលពីមុនឆ្ងាយ​។ យោងតាមច្បាប់ពន្ធដាររបស់កម្ពុជា ចំពោះអចលនទ្រព្យដែលបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) នៅពេលដែលអចលនទ្រព្យនោះត្រូវបានផ្ទេរកម្មសិទិ្ធនូវចំណែកទាំងស្រុង​ ឬចំណែកណាមួយ (ការពុះជាឡូតិ៍ ឬការបំបែកក្បាលដី) អ្នកទទួលកម្មសិទ្ធិត្រូវមាន កាតព្វកិច្ចបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ តាមអត្រា ៤% នៃតម្លៃលក់ស្របតាមច្បាប់ជាធរមាន។ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក បណ្ឌិត គីម ហ៊ាង ស្វាគមន៍ចំពោះការតម្លើងតារាងតម្លៃដីធ្លីថ្មីនេះ ថាជារឿងត្រឹមត្រូវមួយ​​សម្រាប់ផលប្រយោជន៍ជាសមូហភាព។ ក៏ប៉ុន្តែ អ្នកជំនាញរូបនេះបានលើកឡើង​ថា ការតម្លើង​បារ៉ែមតម្លៃដីធ្លីនេះ គួរប្រើរយៈពេលសមរម្យដើម្បីពិភាក្សា​ឲ្យបានល្អិតល្អន់ រួមទាំងការ​ធ្វើប្រជាមតិ​ ជាពិសេសការសិក្សាជាមួយគ្រប់ភាគីពាក់ពន្ធជាមុន ព្រមទាំងកំណត់តម្លៃផ្លូវ​ការដែលសមាមាត្រជាមួយតម្លៃទីផ្សារ។​ ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តម គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានប្រាប់សារព៍ត៌មានក្នុង​ស្រុកកាលពីថ្ងៃទី ២៥ ខែ តុលា ថា ការធ្វើកំណែទម្រង់នេះ មានការចូលរួមពីគណៈ​កម្មការធិការវាយតម្លៃអចលនទ្រព្យ  រួមទាំងអនុគណៈកម្មារធិការវាយតម្លៃអចលនទ្រព្យ រាជធានី-ខេត្ត ដែលបានកំពុង​​ដំណើការនៃការធ្វើបច្ចុប្បន្នភាពតម្លៃធ្លីថ្មីនេះ ដែលរំពឹងថានឹងត្រូវបានអនុវត្តនាពេលខាងមុខ។ គួរបញ្ជាក់ដែរថា កាលពីអំឡុងដើមខែតុលា កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ​ជា សុផារ៉ា បានមានប្រសាសន៍ថាក្រសួងគ្រោងបង្កើត​ឲ្យមានការធ្វើបច្ចុប្បន្នភាពតម្លៃធ្លីនៅទូទាំងប្រទេសផងដែរ។​ ឯកឧត្តមបានបានលើកឡើងថា ការធ្វើបច្ចុប្បន្នភាពតម្លៃដីធ្លីអាចនឹងធ្វើឡើងក្នុងរយៈពេលមួយឆ្នាំម្តង ហើយវិធានការនេះនឹងអាចបង្កើនប្រាក់ចំណូលពន្ធទ្វេដងជូនរាជរដ្ឋាភិបាលផងដែរ។ ចំណែក លោក ឧកញ៉ា​​ ជា​ ដែន ប្រធានសមាគមអ្នកទីផ្សារកម្ពុជាវិញ បានថ្លែងប្រាប់សារព័ត៌មាន KHB Media ថា បារ៉ែមដីធ្លីគួរមានការបង្កើនតម្លៃ ក៍ប៉ុន្តែទន្ទឹមជាមួយនឹងការ​តម្លើងបារ៉ែម​ដីធ្លីទៅតាមស្តង់ដារបស់ អ្នកលក់ និងអ្នកទិញ​ លោក ឧកញ៉ាបន្តថា អគ្គនាយដ្ឋានពន្ធដារគួរត្រួតពិនិត្យលើ វិក័យបត្រ (Invoice) និង​កុងត្រាជាក់ស្តែង នៃការទិញដូរ-លក់ជួលនោះ ទើបអាចកំណត់តម្លៃពន្ធបានត្រឹមត្រូវ។ លោកឧកញ៉ាបានបន្តថា៖ “​មានបុគ្គលខ្លះបានជួលក្រុមហ៊ុនវាយតម្លៃ ឲ្យវាយតម្លៃដីរបស់ខ្លួនក្នុងតម្លៃ ២.០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែមិនមែនវាយតម្លៃយកទៅលក់ទេ ប៉ុន្តែដើម្បីដាក់បញ្ចាំនៅធនាគារបានថ្លៃ ក្នុងបំណងយកដើមទុនមករកស៊ី។ ចៃដន្យ ឯកសារវាយតម្លៃដីរបស់គាត់បានយកទៅតំកល់នៅពន្ធដារដោយប្រការណាមួយ ហើយថ្ងៃមួយគាត់បានលក់ដីនោះទៅឲ្យបងប្អូនរបស់គាត់ជាបន្ទាន់ក្នុងតម្លៃ ១ម៉ែត្រការ៉េ តែ ៨០០ដុល្លារទេ។ ដូច្នេះចុះបើពន្ធដារឲ្យគាត់បង់ពន្ធតាមបារ៉ែមក្នុងតម្លៃ ២.០០០ ដុល្លារ គុណនឹង ៤% នោះគាត់នឹងខាតបង់ច្រើន។ ដូច្នេះខាងពន្ធដារគួរតែមើលលើវិក័យបត្រ និង កុងត្រាទិញលក់ជាក់ស្តែងនៃការទិញដូរលក់ជួល»។ លោកសំណូមពរឲ្យអាជ្ញាធរគួរផ្សព្វផ្សាយពីច្បាប់នានាស្តីពីពន្ធដីធ្លី ដល់មន្រ្តីថ្នាក់ក្រោម និងទីជនបទផង មិនមែនផ្តោតតែនៅតាមទីក្រុង និងទីប្រជុំជនធំៗនោះទេ ព្រោះមិនមែនតែអ្នកមានទេដែលចង់លក់ដី ប៉ុន្តែប្រជាជននៅតាមជនបទក៏ចង់មកទិញដីនៅទីប្រជុំជនដែរ។ គួររំព្ញកថា ការ​ប្រកាស​ពី​ការសិក្សាកែសម្រួលបារ៉ែមតម្លៃដីធ្លីនេះ ត្រូវបានធ្វើឡើង​បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ សែន កាលពីពាក់កណ្តាលខែ សីហា បានស្នើឲ្យមានការពិនិត្យឡើងវិញ ដែលគួរមានការតម្លើងនូវបារ៉ែម តម្លៃដីធ្លីថ្មីដោយសារ​តែ​ទីផ្សារ​ដីធ្លីនៅបច្ចុប្បន្ន មានគំលាតខុសគ្នាឆ្ងាយពីរយៈពេលបីឆ្នាំមុន។ ​ របាយការណ៍តម្លៃដីធ្លី របស់ក្រុមហ៊ុន Key Real Estate គិតត្រឹមពាក់កណ្តាលឆ្នាំ ២០១៨ យោងតាម ឧបសម្ព័ន្ធទី១ ស្តីពីការបែងចែកភូមិសាស្រ្ត និងតម្លៃអចលនទ្រព្យ សម្រាប់ជាមូលដ្ឋានគិតពន្ធលើអចលនទ្រព្យ នៅរាជធានីភ្នំពេញ ចុះនៅខែកក្កដា ឆ្នាំ២០១២​ តារាងតម្លៃដីធ្លីក្នុង​ខណ្ឌមានជ័យមានចាប់ពី ៥ ដុល្លារ រហូតដល់ ១៥០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រក្រឡា ដោយអាស្រ័យលើទីតាំង។ ក៍ប៉ុន្តែ តម្លៃដីក្នុងខណ្ឌមួយនេះបានហក់ឡើងរហូតដល់ជិត ២.០០០ ពាន់ដុល្លារអាមេរិកក្នុងម៉ែត្រក្រឡា។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន Key Real Estate ស្តីពីទីផ្សារដីធ្លី ដោយ​គិតត្រឹមពាក់កណ្តាលឆ្នាំ ២០១៨ ៕

អត្ថបទដោយ: Bunthoeun