​អឺរ៉ុប​នឹងសម្ពោធអគារខ្ពស់បំផុតរបស់ខ្លួននៅឆ្នាំ២០១៩

​អឺរ៉ុប​នឹងសម្ពោធអគារខ្ពស់បំផុតរបស់ខ្លួននៅឆ្នាំ២០១៩
យោង​តាមគេហទំព័រ CNN មជ្ឈមណ្ឌល Lakhta ដែល​ជា​អគារ​​ខ្ពស់​ជាង​គេ​នៅ​ទ្វីប​អឺរ៉ុប​ត្រូវ​បាន​សាងសង់​ជិត​​រួចរាល់​​​ហើយ។ ឈរ​យ៉ាង​ត្រដែត​នៅ​មាត់​ទន្លេ​ថ្មី​មួយ ជាយ​​ទីក្រុង​ ​St. Petersburg លើ​ផ្ទៃដី​ទំហំ ៤០០.០០០ម៉ែត្រការ៉េ ជាមួយ​នឹង​​កម្ពស់៤៦២ម៉ែត្រ ធ្វើ​ឱ្យ​វា​ក្លាយ​ជា​អគារ​​ខ្ពស់​បំផុត​​​នៅ​រុស្សី និង​​អគារ​ខ្ពស់​បំផុតលំដាប់ទី១៣​របស់​ពិភពលោក។ ប៉ម​ Lakhta មាន​ចំនួន៨៧ជាន់ រមួល​៩០ដឺក្រេ​ពេញ​​​ពី​​ក្រោម​ទៅ​កំពូល​​ដូច​ជា​ម្ជុល​ខ្យល់ ​​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​​លំនាំ​អគារ​មួយ ​ដែល​មាន​រចនាបថ​រមួល​ខ្ពស់​ជាង​គេ​បំផុត​លើ​ពិភពលោក។ ចាប់ផ្ដើម​​​សាងសង់​នៅ​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ២០១២ និង​បាន​សាងសង់​ដល់​កំពូល​នៅ​ថ្ងៃទី២៩ ខែ​មករា ឆ្នាំ២០១៨ ដែល​ការងារ​សេសសល់​នៅ​​​ផ្ទៃ​ខាងក្នុង ព្រមទាំង​​រចនាបថ និង​ស្ថាបត្យកម្ម គ្រោង​នឹង​បញ្ចប់​ទាំងស្រុង និង​បើក​ដំណើរការ​នៅ​ចុង​ឆ្នាំ២០១៩។ មជ្ឈមណ្ឌល​នេះ​ត្រូវ​បាន​គូស​ប្លង់​ដោយ​​ក្រុមហ៊ុន​ស្ថាបត្យករ RMJM និង​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន Ronesans Holding​ ក្នុង​តម្លៃ​២.៥ពាន់​លាន​ដុល្លារ សម្រាប់​​ជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ខ្នាត​ធំ រួមមាន​កន្លែង​សាធារណៈ ការិយាល័យ និង​ជា​ទីស្នាក់ការ​ថ្មី​នៃ​ក្រុមហ៊ុន​ថាមពល​រុស្សី Gazprom ដែល​ជា​ម្ចាស់កម្មសិទ្ធិ​​អគារ។ កន្លែង​​ពាណិជ្ជកម្ម និង​លំនៅឋាន​​មាន​រហូតដល់​កម្ពស់៣៦០ម៉ែត្រ ហើយ​នៅ​ខាងលើ​មាន​កន្លែង​មើល​ទេសភាព និង​ភោជនដ្ឋាន​មួយ ដែល​ផ្ដល់​នូវ​ទេសភាព​ឈូង​សមុទ្រ​​​ហ្វាំងឡង់​ដ៏​អស្ចារ្យ។ គ្រឹះ​របស់​អគារ​បុក​ទៅ​ក្រោម​ដី​មាន​ជម្រៅ​រហូត៨២ម៉ែត្រ ​ជា​ប្រព័ន្ធ​រចនាសម្ព័ន្ធ​ឯកទេស​មួយ​​ធន់​បំផុត​ទៅ​នឹង​កម្លាំង​ខ្យល់​ខ្លាំង និង​បាន​ចុះ​ក្នុង​បញ្ជី​កំណត់ត្រា​ពិភពលោក​ហ្គីណេស ដែល​បាន​ប្រើប្រាស់​បេតុង​គ្រឹះ​ច្រើន​បំផុត​រហូត១៩.៦២៤ម៉ែត្រ​គីប ​បំបែក​កំណត់ត្រា​ចាស់៣.០០០ម៉ែត្រ​គីប។ ជា​ប៉ម​​ស្រោប​កញ្ចក់រលោង​កោង​ចំនួន១៦.៥០០ផ្ទាំង ដោយ​​មាន​ប្រព័ន្ធ​សន្ទះ​បិទ​បើក​ស្វ័យ​ស្វ័យប្រវត្ត​ ​ដែល​ធ្វើ​ឱ្យ​សន្សំសំចៃ​ថាមពល​បំផុត​។ គ្រប់យ៉ាង​​​បំពាក់​នៅ​ក្នុង​អគារ​​ត្រូវ​បាន​ផ្ដោត​លើ​​នឹង​បច្ចេកវិទ្យា​​និរន្តរភាព​បរិស្ថាន រួម​មាន​​ការ​សន្សំសំចៃ​ថាមពល និង​ប្រព័ន្ធ​បន្សុទ្ធ​និង​ប្រើប្រាស់​ទឹក​ឡើងវិញ ដែល​នាំ​ឲ្យ​វា​ទទួល​បាន​វិញ្ញាបនបត្រ​ពី​ក្រុមប្រឹក្សា​សាងសង់​បៃតង​អាមេរិក​មិន​ស្វែង​រក​ប្រាក់​ចំណេញ LEED Gold
អត្ថបទដោយ: Dara