កម្ពុជាស្វាគមន៍គម្រោងវិនិយោគ ៨ តម្លៃជាង ៤០០ លានដុល្លារ!

កម្ពុជាស្វាគមន៍គម្រោងវិនិយោគ ៨ តម្លៃជាង ៤០០ លានដុល្លារ!

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទីដើមខែ ​វិច្ឆិកា ឆ្នាំ២០១៨នេះ បានអនុម័តគម្រោងវិនិយោគចំនួន ៨ មានតម្លៃសរុបជាង ៤០០ លានដុល្លារ ដែលនឹងនឹងផ្តល់ការងារ រាប់ពាន់កន្លែង។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់​ CDC កាលពីថ្ងៃទី ៨ ខែវិចិ្ឋកា ឆ្នាំ ២០១៨ នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៨ ដូចខាងក្រោមនេះ៖ ១. ក្រុមហ៊ុន “KIRI APHIVATH CO.,LTD.” គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដាំកៅស៊ូ) និងរោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី ដែលមានទុនវិនិយោគប្រមាណ ១១,៣៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥៩០កន្លែង។ ២. ក្រុមហ៊ុន “QIN YUE GARDEN HOTEL CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៣៥០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអុង សង្កាត់រាម ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២៧,៦២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៨៩កន្លែង។ ៣. ក្រុមហ៊ុន “HUAYU XINPENG PLASTIC (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ពីប្លាស្ទីក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,២៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៧៦​កន្លែង។

៤. ក្រុមហ៊ុន “CAMBODIAN PACKAGING CHAKREY TING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បោងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ២០,៥៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣០៩កន្លែង។ ៥. ក្រុមហ៊ុន “TRY PHEAP IMPORT EXPORT CO.,LTD.” គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដំណាំកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃ ស្ថិតនៅភូមិអូរពោធិ៍ ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ មានទុនវិនិយោគប្រមាណ ២៤,៤៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥៤៧​កន្លែង។ ៦. ក្រុមហ៊ុន “MING FAI ENTERPRISE (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសំអាង និងសំបកដបគ្រឿងសំអាង ស្ថិតនៅផ្លូវជាតិលេខ៤១ (ផ្លូវព្រះអង្គឌួង) ភូមិវាលវង់ ឃុំសែនដី ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០,៣៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៤៧០កន្លែង។ ៧. ក្រុមហ៊ុន “PRINCE HUAN YU REAL ESTATE” គម្រោងសាងសង់-អាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ២.១០៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៣០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២.៦៨១កន្លែង។ ៨. ក្រុមហ៊ុន “XIN HAO HUI ENTERTAINMENT CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ និងរីសត ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៦១កន្លែង។ គួរបញ្ជាក់ថា គម្រោងវិនិយោគទាំង ៨ នេះ មានទុនវិនិយោគសរុប ៤០៨ លានដុល្លារអាមេរិក និង បង្កើតការងារបានប្រមាណ ៥.៣០០កន្លែងជូនប្រជាពលរដ្ឋ៕
អត្ថបទដោយ: Sreyluch