នរាអង្គរ បង្ហាញផលិតផលឌីហ្សាញពីសូត្រនៅពិព័រណ៍សូត្រខេត្តសៀមរាប

នរាអង្គរ បង្ហាញផលិតផលឌីហ្សាញពីសូត្រនៅពិព័រណ៍សូត្រខេត្តសៀមរាប
សិប្បកម្មនរាអង្គរ ដែលជាក្រុមហ៊ុនផលិតសម្ភារៈឌីហ្សាញ ច្នៃពីសូត្រប្រណិត នឹងដាក់តាំងបង្ហាញផលិតផលថ្មីៗរបស់ខ្លួន នៅក្នុងព្រឹតិ្តការណ៍តាំងពិព័រណ៍សូត្រកម្ពុជា នៅក្នុងខែកញ្ញានេះ​ នៅខេត្តសៀមរាប។ ពិព័រណ៍សូត្រខ្មែរនេះ នឹងធ្វើឡើងចំនួន ៤ ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៩ ព្រឹក នៅសួនច្បារសណ្ឋាគារ Grand Hotel D'Angkor ទល់មុខព្រះរាជដំណាក់ ខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើតនិមិត្តសញ្ញាផលិតសូត្រខ្មែរ ដែលបញ្ជាក់អំពីការត្បាញដោយដៃឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ, បង្កើតផលិតផលដែលមានគុណភាពប្រគួតប្រជែង, បង្កើតផលិតផលដែលមានគុណភាពប្រគួតប្រជែង និង លើកកម្ពស់យុទ្ធសាស្ត្រសូត្រជាតិ ដែលដាក់បង្ហាញពីចម្រុះភាពនៃផលិតផលសូត្រនៅលើទីផ្សារបច្ចុប្បន្ន។ ក្នុងព្រឹត្តិការណ៍នេះដែរ សិប្បកម្មនរានឹងដាក់បង្ហាញផលិតផលថ្មីៗរបស់ខ្លួន ក្នុងស្តង់ចំនួន ២ ក្នុងចំណោមស្តង់ទាំង ១០០ ដែលនឹងមានផលិតផល ដែលធ្វើឡើងដោយដៃឆ្នៃពីសូត្រខ្មែរផ្ទាល់ ដែលមានដូចជា ចង្កៀង ស្រោមខ្នើយ និង គ្របមីនុយតាមភោជនីយដ្ឋាន សណ្ឋាគារជាច្រើនប្រភេទជាដើម។ គិតចាប់ពីឆ្នាំ២០១១មក នរាបានដំណើរការសិប្បកម្មរបស់ខ្លួនជាង ៧ ឆ្នាំមក ដោយបានផ្គត់ផ្គង់សម្ភារៈឌីហ្សាញបែបខ្មែរ ទៅកាន់សណ្ឋាគារលំដាប់ខ្ពស់ៗជាច្រើនក្នុងខេត្តសៀមរាប ព្រមទាំងទទួលបានការគាំទ្រច្រើនពីភ្ញៀវជាតិ និង អន្តរជាតិ។ នៅក្នុងឆ្នាំ២០១៨នេះ នរាបានចូលរួមក្នុងពិព័រណ៍ជាច្រើនដើម្បីបង្ហាញផលិតផលរបស់ខ្លួនជាបន្តបន្ទាប់ ដែលរួមមានពិព័រណ៍ផលិតផលខ្មែរនៅសាលពិព័រណ៍កោះពេជ្រ និង ក្នុងផ្សារទំនើបសូរិយ៉ាសេនធ័រភ័នម៍ ជាដើម។
អត្ថបទដោយ: Sreyluch