ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា (CDC) កាលពីថ្មីៗនេះ បានអនុម័តគម្រោងរោងចក្រ ៦ កន្លែងផ្សេងគ្នា ដែលមានទុនវិនិយោគសរុបបូកបញ្ចូលគ្នាចំនួន ៨០ លានដុល្លារអាមេរិច ដែលអាចបង្កើតកាងារបាន ២.៤០០ កន្លែង។
សេចក្តីជូនដំណឹងរបស់ CDC ដែលចេញផ្សាយតាមគេហទំព័រផ្លូវការរបស់ខ្លួនបានបង្ហាញថា គម្រោងទាំង៦ ដែលទើបផ្តល់សិទ្ធវិនិយោគថ្មីៗនេះមាន គម្រោង ក្នុងវិស័យកសិកម្ម បដិសណ្ឋារកិច្ច វិស័យថាមពល គម្រោងវិនិយោគក្នុងវិស័យកាត់ដេរ និង វិស័យផលិតគ្រឿងឧបភោគបរិភោគ។ គម្រោងទាំង ៦ រួមមានដូចខាងក្រោម៖ ១. ក្រុមហ៊ុន “KAUSU EAH LEO BM JOINT STOCK CO.,LTD.” គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដាំកៅស៊ូ) និងរោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី មានទុនវិនិយោគប្រមាណ ៤៣,៦៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១.១៤០កន្លែង។ 
២. ក្រុមហ៊ុន “TJN PROPERTIES CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន២៣០បន្ទប់ និងរីសត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣១៥កន្លែង។

៣. ក្រុមហ៊ុន “ASIAN DI YI DIAN LAN CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតខ្សែអគ្គិសនីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងរការ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,០៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៣៣កន្លែង។

៤. ក្រុមហ៊ុន “GRAND PRODUCTION CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៤២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៤៩កន្លែង។

៥. ក្រុមហ៊ុន “CREDSTAR WASHING & PROCESSING CO.,LTD.” គម្រោងបង្កើតរោងចក្របោកគក់ និងជ្រលក់ពណ៌ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិក្រាំងទ្រា ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៨៤កន្លែង។

៦. ក្រុមហ៊ុន “PCAM BEVERAGE CO.,LTD.” គម្រោងវិនិយោគបង្កើតរោងចក្រផលិតភេសជ្ជៈ និងទឹកបរិសុទ្ធ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌព្រែកព្នៅ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១១,៦០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៤២០កន្លែង។

សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០១៨ នេះ គណៈកម្មាធិការវិនិយោគកម្ពុជា របស់ CDC បានអនុម័តលើគម្រោងរាប់រយកន្លែង តម្លៃទុនវិនិយោគខ្ទង់ពាន់លានដុល្លារអាមេរិក និង បង្កើតការងាររាប់ម៉ឺនកន្លែង៕