សំណង់ស្ថាបត្យកម្មលំនៅដ្ឋានខ្មែរត្រូវបានអភិរក្សក្នុងឧទ្យានអង្គរ

សំណង់ស្ថាបត្យកម្មលំនៅដ្ឋានខ្មែរត្រូវបានអភិរក្សក្នុងឧទ្យានអង្គរ

សៀមរាប៖  ប្រជាពលរដ្ឋម្ចាស់ស្រុករស់នៅក្នុងឧទ្យានអង្គរ ជាផ្នែកមួយដ៏សំខាន់នៃមរតកវប្បធម៌របស់អ្នកស្រុកអង្គរ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ជាតំបន់បេតិកភណ្ឌពិភពលោកដែលមានមនុស្សរស់នៅហើយជាអ្នកស្រុកចាស់ និងជាអ្នកថែរក្សានូវទំនៀមទម្លាប់ប្រពៃណីក្នុងការរស់នៅរបស់ខ្លួនតាំងពីដូនតាមក។

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាក្រោយបានការអនុញ្ញាតមន្ត្រី-បុគ្គលិកជំនាញរបស់នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានចុះទៅដល់ទីតាំងសាងសង់ផ្ទាល់ ដើម្បីពិនិត្យតាមដាន និងផ្តល់នូវលក្ខណៈបច្ចេកទេសដោយមិនគិតប្រាក់ ហើយធ្វើយ៉ាងណាឱ្យសំណង់ទាំងនោះអនុលោមតាមលិខិតអនុញ្ញាត និងគោលការណ៍គ្រប់គ្រងសំណង់លំនៅដ្ឋានក្នុងឧទ្យានអង្គរ។

សំណង់ទាំងនោះជាសំណង់ស្រាល សង់ខ្ពស់ផុតពីដី ហើយក៏ជាសំណង់បែបប្រពៃណី តពីដូនតាខ្មែរមកដែលបង្កឱ្យការរស់នៅសមស្របតាមលក្ខណៈអាកាសធាតុផង មុខរបរប្រចាំថ្ងៃផង និងជំនឿប្រពៃណីរបស់ខ្មែរផងដែរ។

អាជ្ញាធរជាតិអប្សរាបានបញ្ចាក់ថា  ការចុះទៅពិនិត្យ និងជួយលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋបានចំនួន ២០៤គ្រួសារ នៅក្រុងសៀមរាបបានចំនួន ៥៤គ្រួសារ ស្រុកប្រាសាទបាគងបានចំនួន ៥១គ្រួសារ  ស្រុកបន្ទាយស្រីបានចំនួន ៣៧គ្រួសារ ស្រុកពួកបានចំនួន ២៧គ្រួសារ  ស្រុកអង្គរធំ បានចំនួន  ៣៥គ្រួសារ។

យោងតាមការបញ្ជាក់ដោយអាជ្ញាធជាតិអប្សារាបញ្ជាក់ថាចំនួនសំណង់ដែលមិនមែនជាផ្ទះខ្មែរនិងខុសពីគោលការណ៍បេតិកភណ្ឌដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃរបស់ឧទ្យានអង្គរត្រូវបានថយចុះ ហើយសំណង់បែបប្រពៃណីត្រូវបានលេចរូបរាងឡើងក្នុងឧទ្យានអង្គរជាបន្តបន្ទាប់៕

អត្ថបទដោយ: Nary