រដ្ឋាភិបាលកម្ពុជា កំពុងសិក្សាពីលទ្ធភាពក្នុងការកែច្នៃសំរាមសម្រាប់ផលិតថាមពលអគ្គីសនីប្រើប្រាស់

រដ្ឋាភិបាលកម្ពុជា កំពុងសិក្សាពីលទ្ធភាពក្នុងការកែច្នៃសំរាមសម្រាប់ផលិតថាមពលអគ្គីសនីប្រើប្រាស់

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាគ្រោងកែច្នៃសម្រាប់ផលិតជាថាមពលអគ្គិសនីប្រើប្រាស់ទៅតាមតម្រូវការរបស់ប្រជាជន។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការគោលនយោ​បាយ​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីទី២០ ខែសីហាឆ្នាំ២០១៩ បានដឹកនាំ កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពីលទ្ធភាពក្នុងការកែច្នៃសំរាមសម្រាប់ផលិតអគ្គិសនី។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ស្របពេលកម្ពុជាកំពុងមានកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជននៅតាមទីក្រុង និងទីប្រជុំជន ជាពិសេសក្នុងរាជធានីភ្នំពេញ បរិមាណសំរាម និងកាកសំណល់រឹង មានការកើនឡើងយ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ។

ជាក់ស្ដែង ក្នុងរាជធានីភ្នំពេញកំឡុងពេល ៥ឆ្នាំចុងក្រោយនេះ បរិមាណសំរាម ជាមធ្យមចំនួនប្រមាណជាង ២៨០០តោនក្នុងមួយថ្ងៃ ដែលមានការកើនឡើងក្នុងរង្វង់ពី ១០ភាគរយ ទៅ ១៣ភាគរយក្នុងមួយឆ្នាំ។ បរិមាណសំរាមក្នុងទីក្រុងត្រូវបានព្យាករណ៍ថា នឹងមានការកើនឡើងបន្តទៀត ដែលទាមទារឱ្យមានវិធានការក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ កិច្ចប្រជុំបានពិភាក្សា និងរិះរកវិធានការដោះស្រាយបញ្ហាប្រឈមក្នុងការគ្រប់គ្រងសំរាម និងកាកសំណល់រឹង ដោយផ្អែកលើរបាយការណ៍សិក្សាបឋមរបស់អគ្គលេខាធិការដ្ឋានគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដូចខាងក្រោម៖                  

-រៀបចំកសាងគ្រប់ខាងច្បាប់គោលនយោបាយនិងអនុវត្តបទដ្ឋានគតិយុត្តស្ដីពីការគ្រប់គ្រងកាកសំណល់រឹងនិងសំរាម។                

-រៀបចំយន្តការអន្តរស្ថាប័នរូមគ្នាអនុវត្តវិធានការជាខ្សែច្រវ៉ាក់ចាប់ពីអ្នកប្រើប្រាស់រហូតដល់ការកែច្នៃចុងក្រោយចំពោះកាកសំណល់ រឹងនិងសំរាម។                 

៣-រៀបចំជាយន្តការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងគ្រប់ទីកន្លែង ដើម្បីបង្កើនការយល់ដឹងអំពីការទុកដាក់សំរាម ការសម្អាតអនាម័យ បរិស្ថាន និងសុខមាលភាពជារូម ដែលកិច្ចការនេះ ទាមទារឱ្យមានការចូលរួមគាំទ្រយ៉ាងបានពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ និងភាគីពាក់ព័ន្ធទាំងអស់។

សូមជម្រាបថា អន្តរក្រសួងសម្រេចជ្រើសរើសវិធានការនានា មានលក្ខណៈជាប្រព័ន្ធ ដែលផ្ដោតសំខាន់លើ ការរៀបចំគោលនយោបាយជាតិស្ដីពីការគ្រប់គ្រង និងការកែច្នៃសំណល់រឹងនិងសំរាម។ កែសម្រួលប្រព័ន្ធគ្រប់គ្រង ដាក់ចេញនូវយន្តការ វិធានការអនុវត្តហ្មត់ចត់ និងជាក់លាក់ក្នុងការគ្រប់គ្រងកាកសំណល់រឹង និងសំរាម ក៏ដូចជារៀបចំយុទ្ធនាការ ដើម្បីផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាពលរដ្ឋដោយមានការសហការពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ចូលរួមរៀបចំដាក់កាកសំណល់រឹងនិងសំរាម៕

      

 

អត្ថបទដោយ: Rath