កំណើនប្រាក់កម្ចីតាមធនាគារ​​ទៅលើវិស័យអចលនទ្រព្យជាកត្តាលីកររុញកំណើនវិស័យសេវាធានារ៉ាប់រង

កំណើនប្រាក់កម្ចីតាមធនាគារ​​ទៅលើវិស័យអចលនទ្រព្យជាកត្តាលីកររុញកំណើនវិស័យសេវាធានារ៉ាប់រង

ដោយ​សារ​​មាន​ផល​ប៉ះ​ពាល់ ​​បណ្តាល​មក​ពី​គ្រោះ​អគ្គិភ័យ​ទៅលើ​រោងចក្រ​ និង​លំនៅ​ឋា​ន វាបាន​ជំរុញឲ្យ​សេវាកម្ម​ធានា​រ៉ាប់រង​លើ​អចលនទ្រព្យ​កើន​ឡើងនាប៉ុន្មានឆ្នាំចុងក្រោយនេះ​។ ទន្ទឹមនេះ អ្នកជំនាញផ្នែកធានារ៉ាប់រងនៅកម្ពុជា លើកឡើងថា សព្វថ្ងៃនិន្នាការប្រើប្រាស់​ធានារ៉ាប់រង​លើអចលនទ្រព្យពីសំណាក់ជនបរទេសច្រើនជាងតម្រូវការពីប្រជាពលរដ្ឋក្នុងស្រុក។

អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងកម្ពុជា ហ្វតតេ (Forte Insurance) និងជាប្រធានក្រុមប្រឹក្សា​ក្រុមហ៊ុនធានារាប់រងអាយុជីវិត  លោក យក់ ចំរើនឬទ្ធិ បានប្រាប់ KHB News ថា កំណើន​សេដ្ឋកិច្ច​ ព្រមទាំងមានកត្តាហានិភ័យនានាអាចកើតមានជាយកថាហេតុ ​បាន​កើន​ឡើង​ច្រើន​ជា​បន្តបន្ទាប់​ ដែល​ធ្វើ​ឲ្យ​ចំនួន​នៃ​តម្រូវ​ការ​ប្រើប្រាស់​សេវាកម្ម​ធានា​រ៉ាប់រងលើវិស័យអចលនទ្រព្យកើន​ឡើង​។ ជាក់ស្តែង សម្រាប់ធានារ៉ាប់រងលើអចលនទ្រព្យ នៅឆ្នាំ២០១៩នេះ ក៏មានការកើន​ឡើង​ប្រមាណ១៥% បើធៀបនឹងឆ្នាំ២០១៨កន្លងទៅ។

លោក​បាន​និយាយ​ថា បច្ចុប្បន្ន​សេវាកម្ម​ធានា​រ៉ាប់រង​លើ​វិស័យ​អចលនទ្រព្យ​គេ​សង្កេត​ឃើញ​ថា ​ មាន​តម្រូវ​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​រៀង​រាល់​ឆ្នាំ ខណៈ​ដែល​ប្រជាជន​ខ្មែរ​ចាប់​ផ្តើម​យល់​ដឹង​កាន់​តែ​ទូលំ​ទូលាយ​ ពី​សារ​ប្រយោជន៍​នៃ​ការ​ទិញ​សេវាកម្ម​ធានារ៉ាប់រង​។​ លោក​បន្ត​ថា ប្រសិន​បើ​អ្នក​ខ្ចី​ប្រាក់​ពី​ធនាគារ​​កើន​ច្រើន​នោះ​វា​នឹង​ធ្វើ​ឲ្យ​ កំណើននៃសេវាធានារ៉ាប់រង​ក៏​កើន​ឡើង​ដែរ​។

អ្នកជំនាញលើវិស័យធានារ៉ាប់រងរូប​នេះ ​បាន​​ឲ្យ​ដឹង​ទៀត​ថា ​សេវា​ធានា​រ៉ាប់រង​លើ​អចលនទ្រព្យ​មាន​ដូច​ជា​សំណង់​អគារ​ខ្ពស់ៗ​ សំណង់​លំនៅឋាន​ ភោជនីយដ្ឋាន រោងចក្រ​ សណ្ឋាគារ និង​ស្ថានីយ​ប្រេង​ឥន្ធនៈជាដើម​។ លោក​ឲ្យដឹង​ថា នៅ​រយៈពេល​ពីរ​ទៅ​បី​ឆ្នាំ​ជាប់ៗ​គ្នា​នេះ ​អចលនទ្រព្យ​ប្រទេស​កម្ពុជា​ បាន​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​គ្រោះអគ្គិភ័យ​ និង​គ្រោះ​ធម្មជាតិ​ ហេតុនេះ​ធ្វើ​ឲ្យមានការ​ប្រើ​ប្រាស់សេវាធានារ៉ាប់រង ទៅលើបញ្ហានេះកើនឡើងផងដែរ។

ប៉ុន្តែយ៉ាងណា លោកថា វិស័យធានារ៉ាប់រងលើវិស័យអចលនទ្រព្យកម្ពុជា នៅតែទទួលបាន​ការគាំទ្រ​ប្រើ​ប្រាស់ពីសំណាក់ជនបរទេសច្រើនជាងពលរដ្ឋក្នុងស្រុក ដោយសារតែពលរដ្ឋខ្មែរ​មួយចំនួន មិន​ទាន់​​មានចំណេះដឹង ពីវិស័យធានារ៉ាប់រងបានទូលំទូលាយនៅឡើយ ដែលចាំបាច់ ទាម​ទារឲ្យមាន​ការ​ផ្សព្វ​ផ្សាយ​បន្ថែមទៀត។

លោក​បណ្ឌិត​ គីម ហ៊ាង ប្រធានក្រុមហ៊ុន​ ខ្មែរ​រៀល​អ៊ីស្ទេត និង​ជាប្រធាន​ក្រុមហ៊ុន​ KW Cambodiaធ្លាប់​មាន​ប្រសាសន៍​ថា សេវាកម្ម​ធានា​រ៉ាប់រងអចលនទ្រព្យលើ​លំនៅឋានដ្បិត​តែ​មិន​ទាន់​រីក​ចម្រើន​ខ្លាំង​ក៏ពិត​មែន ប៉ុន្តែ​វា​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​សេដ្ឋកិច្ច​ដូច​ជា​ បញ្ហា​អគ្គិភ័យ​ គ្រោះ​ធម្មជាតិ​ ទឹក​ជំនន់​ ខ្យល់​ព្យុះ និង​អាច​ជួយ​រំងាប់​អារម្មណ៍​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យមាន​សន្តិភាពផ្លូវចិត្តផង​ដែរ។

អ្នកជំនាញអចលនទ្រព្យរូបនេះ បានលើក​ឡើង​ថា សេវាកម្ម​ធានា​រ៉ាប់រង​ ក៏​ជា​ការ​ជួយ​រក្សា​ឲ្យ​មាន​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា និង​ក៏​ជា​ការ​ទាញ​យក​ ប្រាក់​ចំណូល​ចូល​រដ្ឋ​តាម​រយៈ​ការ​កាត់​ពន្ធ​លើ​ប្រាក់​ចំណេញ​ពី​ ក្រុមហ៊ុន​នានា​ដែល​មាន​អាជីវកម្ម​លើ​វិស័យ​ធានារ៉ាប់រង​នេះ​។ មិន​តែ​ប៉ុណ្ណោះ​វិស័យ​មួយ​នេះ​ថែម​ទាំង​ជួយ​ឲ្យ​ប្រជាជន​ខ្មែរ​យើង​មាន​ ការ​ងារ​ធ្វើ​កាន់​តែ​ច្រើន​ផង​ដែរ ។

យោង​តាម​របាយការណ៍​ស្តី​ពី​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច និង​វិស័យ​ធនាគារ​ឆ្នាំ​២០១៩ និង​ទស្សនវិស័យ​ឆ្នាំ​២០២០ របស់ធនាគារជាតិនៃកម្ពុជា ដែល​បាន​ចេញផ្សាយ​កាលថ្មីៗឲ្យដឹងថា កំណើនប្រាក់កម្ចីក្នុងវិស័យធនាគារជាតិបានកើនឡើងមកវិញ បន្ទាប់​ពីបាន​ថយ​ចុះនា​រយៈ​ពេលបីឆ្នាំកន្លងទៅ ដោយសារមានកំណើនប្រាក់បញ្ញើ២៥% និងប្រាក់កម្ចី២៦%។ មានកត្តាជំរុញចម្បងដោយសារ​មានកំណើន​ឥណ​ទាន​ ទៅកាន់វិស័យសំណង់ និងអចលនទ្រព្យ ។

ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការកើន​ឡើងនៃប្រាក់ចំណូល តម្រូវការ និងភាពសម្បូរបែបនៃសេវាហិរញ្ញវត្ថុ ឥណទានសម្រាប់​ការប្រើប្រាស់បានកើនឡើងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជា ឥណទានសម្រាប់ ទិញទំនិញបើប្រាស់​ប្រាស់ និងលំនៅឋានសម្រាប់ស្នាក់នៅ។ កត្តាទាំងនេះ ក៏បានជួយជម្រុញឲ្យមានការប្រើប្រាស់សេវាធានារ៉ាប់រងលើវិស័យអចនទ្រព្យកម្ពុជា ​កើនឡើង​ផងដែរ។

យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបង្ហាញកាលពីពេលកន្លងទៅថា នៅឆ្នាំ ២០១៨ ឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជា មានការកើនឡើងនៅក្នុងរយៈពេល ៧ ឆ្នាំ ចុងក្រោយនេះ ហើយបុព្វលាភដុលក៏បានកើនឡើងផងដែរពី ៣០ ​លានដុល្លារ កាលពីឆ្នាំ ២០១១ និងកើនដល់ជាង ១៩៦ លានដុល្លារ កាលចុងឆ្នាំ ២០១៨ កន្លងទៅ៕

 

 

 

 

អត្ថបទដោយ: Pisey