ផ្លូវថ្មី២ខ្សែទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងត្រូវសាងសង់ឲ្យបានមុនស៊ីហ្គេម ២០២៣

ផ្លូវថ្មី២ខ្សែទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងត្រូវសាងសង់ឲ្យបានមុនស៊ីហ្គេម ២០២៣

ភ្នំពេញ៖ ផ្លូវថ្មីចំនួន ២ខ្សែ នឹងត្រូវពន្លឿនការសាងសង់តភ្ជាប់ទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

កិច្ចប្រជុំខាងលើនេះបានជជែកលើរបៀបវារៈសំខាន់ៗ ចំនួន ២៖ ទី១-ជជែកពីហេដ្ឋារចនាសម្ពន្ធតភ្ជាប់ទៅពហុកីឡដ្ឋានជាតិមរតកតេជោ និងទី២-និយាយពីទិសដៅការងារ និងតួនាទីភារកិច្ចរបស់គណៈកម្មការជំនាញចំនួន ៦ ក្នុងចំណោមគណៈកម្មការជំនាញទាំង ១៤។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងថា ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ពន្ធតភ្ជាប់ទៅពហុកីឡដ្ឋានជាតិមរតកតេជោ សាលារាជធានីភ្នំពេញបានរៀបចំគម្រោងរួចហើយ គឺមានផ្លូវពីរខ្សែ ដោយខ្សែទី១ លាតសន្ធឹងចាប់ពីចំណុចកណ្ដាលនៃគម្រោងអភិវឌ្ឍន៍ OCIC ឆ្ពោះទៅវិមានឈ្នះឈ្នះ។

ចំណែកខ្សែទី២ លាតសន្ធឹងតាមបណ្ដោយដងទន្លេសាប ចាប់ពីស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិន ឆ្ពោះទៅដល់ស្ពានលីយ៉ុងផាត់ អញ្ចឹងពីរផ្លូវនេះ គឺជាផ្លូវថ្មីដើម្បីសម្រួលចរាចរណ៍ផ្លូវជាតិលេខ៦ ហើយជាគម្រោងត្រូវធ្វើយ៉ាងណាឲ្យហើយមុនស៊ីហ្គេម ឆ្នាំ២០២៣៕

អត្ថបទដោយ: Nary