ដឹងទេ! Co-Working Space កំពុងជួយដល់ម្ចាស់អាជីវកម្មថ្មីថ្មោងអ្វីខ្លះ?

ភ្នំពេញ៖ Co-Working Space កំពុងទទួលបានការគាំទ្រពីសាធារណជន ពិសេសម្ចាស់អាជីវកម្មថ្មីៗ ឬសហគ្រិនវ័យក្មេង ព្រោះវាបានផ្តល់នូវសេវាកម្ម ទីកន្លែង សម្រាប់ប្រើប្រាស់ជាការិយាល័យធ្វើការ ឬចាប់ផ្តើមអាជីវកម្មរបស់ពួកគេ ដែលពោរពេញទៅដោយបរិយាកាសច្នៃប្រឌិត។
លោកស្រី វណ្ណ ដាណា ប្រធានការិល័យតំណាងនៃក្រុមហ៊ុន Rong Pong Bac ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈការិយាល័យ បានបា្រប់ KHB Media ថា Co-Working Space ជាកន្លែងធ្វើការរួមគ្នា មានលក្ខណៈប្រៀបដូចជាសហគមន៍មួយ ដែលប្រមូលផ្តុំទៅដោយម្ចាស់អាជីវកម្មជាច្រើន ធ្វើការរួមគ្នានៅកន្លែងតែមួយ ពិសេសសហគ្រិនខ្នាតតូច និងមធ្យម ឬអ្នកដែលទើបចាប់ផ្តើមអាជីវកម្ម នៅក្នុងតំបន់នោះ។
លោកស្រីបង្ហាញថា ភាគច្រើនគេធ្វើឡើង ដើម្បីជួយអ្នកដែលមានអាជីវកម្មថ្មីថ្មោង មិនទាន់មានទីតាំងការិយាល័យធ្វើការ។ ទន្ទឹមគ្នានោះ អាចជួយដល់ពួកគេជួលសម្រាប់ធ្វើការងារ ឬក៏ប្រជុំជាលក្ខណៈក្រុមតូច (Small Team) និងប្រើប្រាស់អ៊ីនធើណេត មានភាពងាយស្រួល ដោយគិតជាថ្ងៃ ជាសប្តាហ៍ ជាខែ ឬជាម៉ោង។
ប្រធានការិល័យតំណាងក្រុមហ៊ុនរូបនេះ លើកឡើងថា គំនិតអាជីវកម្មនេះ គឺដើម្បីលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មថ្មីថ្មោង ដែលមិនអាចមានលទ្ធភាពចំណាយថវិកាច្រើន ដើម្បីជួលទីតាំងធំៗ ដោយពួកគេអាចជួល Co-Working Space ឬកន្លែងធ្វើការរួមគ្នានេះ ជាតុមួយ ឬតុពីរ សម្រាប់ធ្វើការម្នាក់ឯង ឬជាក្រុមតូច និងជួបជុំគ្នាបង្កើតយោបល់គ្នាទៅវិញទៅមក។
ជាមួយគ្នានោះ Co-Working Space ក៏ជាទីតាំង ដែលម្ចាស់អាជីវកម្ម អាចជួបជុំជាមួយភ្ញៀវរបស់ខ្លួន ដោយមិនចាំបាច់ត្រូវចំណាយថវិកា ដើម្បីជួលទីតាំងណាមួយ ឬហាងកាហ្វេផ្សេងឡើយ នៅពេលប្រជុំជាមួយក្រុមការងារ ឬជាមួយភ្ញៀវ។
លោកស្រីបញ្ជាក់ផងដែរថា Co-Working Space នេះ គឺសម្រាប់តែក្រុមហ៊ុនតូច ឬម្ចាស់អាជីវកម្មថ្មីៗ ដែលអាចប្រើប្រាស់ធ្វើការងាររបស់ខ្លួន។ ប៉ុន្តែសម្រាប់ក្រុមហ៊ុនធំៗ មិនប្រើប្រាស់ការិយាល័យប្រភេទនេះឡើយ ភាគច្រើនពួកគេប្រើការិយាល័យផ្ទាល់ខ្លួន។
តាមបទពិសោធន៍របស់លោកស្រី វណ្ណ ដាណា មើលឃើញថា ចាប់តាំងពីឆ្នាំ២០១៨ មកដល់ឆ្នាំ២០១៩ នេះ គំនិតនៃបង្កើត Co-Working Space នេះ កំពុងមានការផ្ទុះឡើងខ្លាំង ដោយមានភាពពេញនិយមសម្រាប់អាជីវកម្មថ្មីៗ ក្នុងការបង្កើតជំនួញរបស់ពួកគេ។ បច្ចុប្បន្ន Co-Working Space មានប្រមាណជា ១០ទីតាំង ដែលកំពុងប្រតិបត្តិការនៅក្នុងរាជធានីភ្នំពេញ ហើយអាចនឹងកើតមានកាន់តែច្រើននៅពេលអនាគត។
សូមជម្រាបថា ការិយាល័យធ្វើការរួមគ្នានេះ បានកើតឡើងដំបូងគេនៅឆ្នាំ ១៩៩៥ ក្នុងទីក្រុងបែរឡាំង ប្រទេសអាលឺ្លម៉ង់ ដែលហៅថា «hackers space»។
ជាមួយនឹងការប្រើប្រាស់ Co-Working Space ពោរពេញទៅដោយភាពស្រស់ស្អាត និងភាពច្នៃប្រឌិត ក្រុមហ៊ុន Rong Pung Bac (RPB) ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈការិយាល័យ ក៏បានផ្តល់ជូននូវដំណោះស្រាយប្រកបដោយផាសុខភាពនៅក្នុងក្រុមហ៊ុនរបស់លោកអ្នក។ ជារួម RPB មានផលិតផលសម្រាប់បម្រើជូនដល់អតិថជន ដែលបានផ្គត់ផ្គង់គ្រឿងសង្ហារឹមការិយាល័យ តុ ទូ កៅអី កញ្ចក់ សម្ភារៈបន្ទប់ប្រជុំ សាលសន្និសីទ បន្ទប់បណ្តុះបណ្តាល បន្ទប់ទទួលភ្ញៀវ ហាងកាហ្វេ និងបារ ព្រមទាំងគ្រឿងសង្ហារឹមសម្រាប់សាលារៀន ដែលមានគុណភាព និងបំពេញតម្រូវការទៅការចង់បានរបស់អតិថិជន៕