ស្ពានអាកាសថ្មើរជើងថ្មី២កន្លែងនៅភ្នំពេញនឹងបញ្ចប់ការសាងសងនៅពាក់កណ្តាលឆ្នាំ២០២០

ស្ពានអាកាសថ្មើរជើងថ្មី២កន្លែងនៅភ្នំពេញនឹងបញ្ចប់ការសាងសងនៅពាក់កណ្តាលឆ្នាំ២០២០

ការស្ថាបនាស្ពានអាកាសថ្មើរជើងថ្មី ចំនួន ២កន្លែងក្នុងរាជធានីភ្នំពេញ នឹងបញ្ចប់ការសាងសង់នៅអំឡុងពាក់កណ្តាលឆ្នាំក្រោយ ខណៈពេលក្រុមការងារជំនាញចាប់ផ្តើមកំណត់ទីតាំងស្ថាបនានិងខួងដីយកទៅពិសោធន៍រួចរាល់។ នេះបើតាមការលើកឡើងរបស់រដ្ឋបាលរាជធានីភ្នំពេញ។​

ស្ពានអាកាសថ្មើរជើង ចំនួន២កន្លែងនោះស្ថិតថនៅត្រង់ចំណុច ផ្សារដើមគរនិងមុខសាសាបឋមសិក្សាសន្ធរម៉ុក។ 

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងឲ្យដឹងថា រដ្ឋបាលរាជធានី បានជំរុញឲ្យក្រុមហ៊ុនចុះស្ថាបនាស្ពានអាកាស​ថ្មើរជើងនៅតំបន់ទាំងពីរ ចាប់ពីសប្តាហ៍នេះទៅ ដើម្បីឲ្យទាន់តាមផែនការក្នុងរយៈពេល៦ខែទៀត ហើយត្រូវតែសិក្សាស្ថាបនាឲ្យលឿន ដើម្បីដោះស្រាយផលប៉ៈពាល់បន្ថែម ធ្វើយ៉ាងណាឈានទៅការសាងសង់អោយបានលឿន។

លោក ឃួង ស្រេង លើកឡើងថា ការពន្លឿននេះ  គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុ​សិស្ស​បានឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាពដែលមិនប្រឈម ទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយ​ថាហេតុ។


លោក អភិបាលរាជធានីភ្នំពេញ រូបនេះ បានបានអៈអាងបន្តថា គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងទំាង២នេះ នឹងស្ថាបនាឡើងឲ្យធានាបានគុណភាពខ្ពស់បំផុតរហូតដល់៥០ឆ្នាំឡើងទៅ ពិសេសការរចនា ជណ្តើរឡើងឲ្យមានភាពងាយស្រួលឡើងចុះទំាងកុមារនិងមនុស្សចាស់ ដែលអាចធ្វើដំណើរឆ្លង កាត់បាន។

តំណាងក្រុមហ៊ុនស្ពេក មេឌៀ ដែលទទួលសិទ្ធិក្នុងសាងសង់ស្ពានអាកាសថ្មើរជើងទំាង២កន្លែងនេះ បានសន្យានឹងអនុវត្តផែនការស្ថាបនាគ្រោងស្ពានអាកាសថ្មើរជើងទំាង២កន្លែងនេះឲ្យរួចរាល់តាមផែនការកំណត់ ហើយប្រកបដោយគុណភាពនិងសោភ័ណភាពដើម្បីទាក់ទាញប្រជាពលរដ្ឋឲ្យធ្វើដំណើរឆ្លងកាត់ស្ពានអាកាសថ្មើរជើងនេះ។

សូមបញ្ជាក់ថា មកដល់ពេលនេះរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែងហើយ ដោយនៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិសែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយរដ្ឋបាលរាជធានីភ្នំពេញគ្រោងពង្រីកគម្រោងស្ថាបនានេះឲ្យបាន ច្រើន កន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍនិងទីក្រុងមានភាព ស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕

អត្ថបទដោយ: Pisey