លោកឧកញ៉ាជាដែន៖ វិស័យឯកជនគួរតែកុំនៅខាងក្រៅទៀត ទាន់រដ្ឋមានការលើកទឹកចិត្ត
«ខ្ញុំសូមអំពាវនាវទៅក្រុមហ៊ុនទាំងឡាយកុំបន្តនៅខាងក្រៅទៀត សូមមកចុះបញ្ជីពាណិជ្ជកម្ម និង ពន្ធដារឲ្យបានរួសរាន់ទៅតាមទម្រង់អាជីវកម្មរបស់ខ្លួន ទាន់មានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល»។ នេះជាការស្នើរឡើងរបស់លោកឧកញ៉ា ជា ដែន ប្រធានសមាគមអ្នកទីផ្សារកម្ពុជា (MAC)។ ប្រធានសមាគមអ្នកទីផ្សាររូបនេះ ដែលតំណាងឲ្យក្រុមហ៊ុនជាង ២០០ ជាសមាជិក បានថ្លែង ប្រាប់សារព័ត៍មាន KHB Media យ៉ាងដូច្នេះ ដោយសារគោលនយោបាយលើកទឹកចិត្តមួយចំនួនជូនវិស័យឯកជន របស់រដ្ឋាភិបាលនឹងត្រូវបញ្ចប់នៅពេលខាងមុខ។ អនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបានប្រកាសឡើងកាលពី ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម (SME) ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ក្នុងអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ត្រូវបានលើកលែងពន្ធលើប្រាក់ចំណូលចំនួន២ឆ្នាំ ដោយគិតចាប់ពីឆ្នាំដែលទទួលបានប្រាក់ចំណូលដំបូងចំពោះសហគ្រាសដែលពុំទាន់មានប្រាក់ចំណូល ឬចាប់ពីឆ្នាំដែលចុះបញ្ជីពន្ធដារចំពោះសហគ្រាសដែលមានប្រាក់ចំណូលរួចហើយ។ អនុក្រឹត្យនេះបន្តថា ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូលនេះ សហគ្រាសធុនតូច និងមធ្យមត្រូវបានលើកលែងលើការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមាផងដែរ។ លោកឧកញ៉ា ជា ដែន ប្រធានសមាគមអ្នកទីផ្សារកម្ពុជា (MAC) នៅខែតុលា ឆ្នាំ២០១៨នេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យថ្មីមួយទៀត ដែលបញ្ជាក់ថា SME លើវិស័យអាទិភាពមួយចំនួន នឹងទទួលបានការលើកទឹកចិត្តពន្ធដារ។ វិស័យអាទិភាពទាំងនោះមានដូចជា៖ ផលិតផលកសិកម្ម ផលិតផលអាហារ កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក កម្មន្តសាលដែលផលិតនូវផលិតផលសម្រេច ដើម្បីផ្តល់ឲ្យកម្មន្តសាលដទៃទៀត វិស័យបច្ចេកវិទ្យាព័ត៌មាន និង សហគ្រាសដែលស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម។ តាមរយៈអនុក្រឹត្សនេះ SME ដែលស្ថិតនៅក្នុងវិស័យខាងលើ នឹងទទួលបានការលើកទឹកចិត្តដូចជា៖ ១.លើកលែងពន្ធប្រាក់ចំណូល៣ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលខ្លួនចុះបញ្ជីពន្ធដារសម្រាប់សហគ្រាសចុះបញ្ជីថ្មី និងចាប់ពីថ្ងៃដែលសហគ្រាសបានមកធ្វើបច្ចុប្បន្នភាពសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធរួចហើយ។ ២. លើកលែងពន្ធលើប្រាក់ចំណូល៥ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់សហគ្រាសចុះបញ្ជីថ្មី ឬ ចាប់ពីថ្ងៃដែលសហគ្រាសបានមកធ្វើបច្ចុប្បន្នភាពសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចហើយ។ ៣.លើកលែងការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលនិងពន្ធអប្បបរមាក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល។ និង ៤.លើកទឹកចិត្តចំណាយដែលអាចកាត់កងបានពី ១៥០ ទៅ២០០%។ ប៉ុន្តែទោះបីមានការលើកទឹកចិត្តបែបនេះក្តី មាន SME តិចតួចនៅឡើយដែលមកចុះបញ្ជីពាណិជ្ជកម្ម និង ចុះបញ្ជីពន្ធដារ។ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម និង សិប្បកម្ម បានលើកឡើងថា នៅកម្ពុជាមានសហគ្រាសខ្នាត MSME ចំនួនជាង៥០ម៉ឺន ប៉ុន្តែក្នុងចំណោមនោះ មានតែសហគ្រាសជាង ២ម៉ឺនប៉ុណ្ណោះ ដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ គួរបញ្ជាក់ផងដែរថា នៅខែកញ្ញា ឆ្នាំ២0១៨នេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយទៀត ស្តីពី ការកែតម្រូវបញ្ជីការគណនេយ្យ និងលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត និង កាតព្វកិច្ចផ្តល់របាយការណ៍សវនកម្មឯករាជ្រ របស់សហគ្រាសឧស្សាហកម្មផ្នែកវាយនភ័ណ្ឌកាត់ដេរ ដោយផ្តល់ការលើកទឹកចិត្តដោយមិនផាកពិន័យ ដល់សហគ្រាសវាយនភ័ណ្ឌទាំងឡាយដែលស្ម័គ្រចិត្តមកកែប្រែឯកសារប្រកាសពន្ធក្នុងរយៈពេល៣ឆ្នាំរាប់ថយក្រោយឲ្យបានត្រឹមត្រូវឡើងវិញ ឲ្យបានមុនថ្ងៃទី៣១ ខែមិនា ឆ្នាំ ២០១៩។ បន្ទាប់ពីឃើញការលើកទឹកចិត្តបែបនេះដល់សហគ្រាសផ្នែកវាយនភ័ណ្ឌ លោកឧកញ៉ា ជា ដែន ក៏សំណូមពរទៅរាជរដ្ឋាភិបាលឲ្យពិចារណា ផ្តល់ជូនលទ្ធភាពដូចគ្នានេះដល់សហគ្រាសដែលទើបចាប់ផ្តើមថ្មី ឫ ក្រុមហ៊ុនខ្នាតតូចមួយចំនួនដូចជានៅក្នុងវិស័យម៉ាឃីតធីង ដែលបានប្រកាសពន្ធខុស ដោយសារមិនទាន់យល់ពីបែបបទនៃការប្រកាសពន្ធដែលត្រឹមត្រូវ។ លោកលើកឡើងថា៖ «គ្មានក្រុមហ៊ុនណាដែលរៀបចំឯកសារតែម្តងហើយត្រូវ១០០% នៅទេ។ ដូច្នេះបើរាជរដ្ឋាភិបាលផ្តល់ឳកាសជូនគាត់បានកែប្រែ នោះគាត់អាចមានឳកាសរីកធំកាន់តែលឿន។ ប៉ុន្តែបើមិនផ្តល់ឳកាសឲ្យគាត់ទេ ថ្ងៃក្រោយក្រុមហ៊ុនទាំងនោះអាចប្រឈមនឹងការបិទក្រុមហ៊ុនចោល ឫ ត្រូវបើកក្រុមហ៊ុនថ្មីមួយទៀត ដែលដូចនឹងអាជីវកម្មពីមុន ដែលបង្ករភាពលំបាកទាំងក្រុមហ៊ុនផ្ទាល់ នឹងរដ្ឋដែលត្រូវបន្ថែមបន្ទុកក្នុងការគ្រប់គ្រងក្រុមហ៊ុនច្រើន ដោយបុគ្គលម្នាក់ឈរឈ្មោះនៅក្រុមហ៊ុន ២ ទៅ៣កន្លែង»។ លោកមិនរំពឹងថារដ្ឋគួរធ្វើកិច្ចការនេះភ្លាមៗទេ ប៉ុន្តែគួរពិចារណាលើកត្តានេះពីឥឡូវទៅ។ «មិនមែនម្ហូបដែលគាត់ដាក់ពេញលើតុសុទ្ធតែជាម្ហូបដែលវិស័យឯកជនចង់ហូបនោះទេ គាត់ប្រហែលជាចង់ហូបអ្វីផ្សេងដែលមិនមាននៅលើតុ»។ លោកក៏សំណូមពរទៅវិស័យឯកជន កុំបើកក្រុមហ៊ុនមួយ ធ្វើអាជីវកម្មច្រើនមុខ ឫបុគ្គលម្នាក់ឈរឈ្មោះបើកក្រុមហ៊ុនច្រើន។ «កាលណាមានក្រុមហ៊ុន២ដូចគ្នា ចំណាយរបស់ក្រុមហ៊ុននឹងកើនទ្វេរដង ហើយភាពមិនស្មោះត្រង់ចាប់ពីថ្នាក់លើទៅថ្នាក់ក្រោម ក៏ចាប់ផ្តើមកើតមានដែរ ដោយសារការមិនយល់គ្នា»។ ដោយសង្កេតឃើញថា វិស័យឯកជនភាគច្រើនហាក់នៅឆ្ងាយពីស្ថាប័នសាធារណៈ ស្ថាប័នរដ្ឋមួយចំនួន ដូចជា អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំវេទិកាពិភាក្សាជាច្រើនស្តីពីច្បាប់ពាណិជ្ជកម្ម និង ពន្ធដារ ដើម្បីស្វែងយល់ពីវិស័យឯកជន។ លោកស្នើរទៅអគ្គនាយកដ្ឋានពន្ធដារ គួរបណ្តុះបណ្តាលដល់មន្រ្តី និងភ្នាក់ងារពន្ធដារ ហើយបន្តផ្សព្វផ្សាយទៅវិស័យឯកជន ប្រសើរជាងអគ្គនាយកដ្ឋានពន្ធដារធ្វើការផ្ទាល់ជាមួយវិស័យឯកជន ដែលនាំឲ្យមានភាពរអារ។ ដើម្បីគេចផុតពីបញ្ហាផ្សេងៗដែលកើតឡើងដោយការប្រកាសពន្ធខុស លោកឧកញ៉ា ជា ដែន និង លោក ភួង ភក្តី ដែលជាអ្នកជំនាញផ្នែកពន្ធដារ យល់ស្របគ្នាថា ក្រុមហ៊ុននានាមិនគួរឲ្យសាច់ញ្ញាតិ្ត របស់ខ្លួនទៅកាន់បញ្ជីហិរញ្ញវត្ថុនោះទេ ប៉ុន្តែគួរប្រើអ្នកជំនាញ ដែលមានឯករាជ្យភាពមកកាន់វិញ ដែលអាចរកដំណោះស្រាយបានត្រឹមត្រូវជូនក្រុមហ៊ុន។ ក្រុមហ៊ុនដែលមានប្រតិបតិ្តការមមាញឹក ក៏គួរជួលភ្នាក់ងារប្រកាសពន្ធដើម្បីជួយរៀបចំឯកសារប្រកាសពន្ធឲ្យបានត្រឹមត្រូវផងដែរ។ ដើម្បីលើកកម្ពស់វិស័យ SME នៅទូទាំងប្រទេស បច្ចុប្បន្នរដ្ឋាភិបាលកំពុងរៀបចំ បង្កើតធនាគារ SME ដែលគ្រោងដាក់ឲ្យប្រតិបត្តិការនៅឆ្នាំ២០១៩ ដោយមានទុនវិនិយោគចំនួន ១០០លានដុល្លា។ ធនាគារកាណាឌីយ៉ា ក៏បានប្រកាសចាប់ផ្តើមកម្មវិធីកម្ចីរបស់ខ្លួនដោយបានបន្ថែមទុនវិនិយោគជាទឹកប្រាក់ចំនួន ១៥០ លានដុល្លារដើម្បីផ្តល់ជាឥណទានដល់ SME ផងដែរ។