ឥណ្ឌាចំណាយ ៤៣០ លានដុល្លារ សង់រូបសំណាកខ្ពស់ជាងគេលើលោក

ឥណ្ឌាចំណាយ ៤៣០ លានដុល្លារ សង់រូបសំណាកខ្ពស់ជាងគេលើលោក

ក្រោយចំណាយពេលសាងសង់ជាង ៤ ឆ្នាំ ឥណ្ឌាសម្ពោធរូបសំណាកមេដឹកនាំឯករាជ្យប្រចាំប្រទេស ដែលមានកំពស់ជិត ២០០ ម៉ែត្រ។ យោងតាមគេហទំព័រព័ត៌មានអន្តរជាតិ BBC បានឱ្យដឹងថា រូបសំណាកនេះមានឈ្មោះថា Statue of Unity មានកម្ពស់ ១៨២ ម៉ែត្រ​ និង ទម្ងន់ប្រមាណ ៦៧.០០០តោន ដែលអាចទប់ទល់បានជាមួយ នឹងការរញ្ជួយដី និង ខ្យល់បក់បានយ៉ាងល្អ។ ការសាងសង់ ត្រូវបានប្រើបន្ទះសំរិតប្រមាណ ១២.០០០ បន្ទះ ទម្ងន់ ១.៨៥០ តោន ត្រូវបានប្រើនៅផ្នែកខាងក្រៅ និង ប្រើកម្លាំងពលកម្មជាង ២.០០០ នាក់ រួមជាមួយកម្មករមកពីចិនរាប់រយនាក់ដើម្បីសម្រេចចេញជារូបរាង។ រូបសំណាកខ្ពស់ជាងគេនេះ ស្ថិតលើដីទំហំជាង ២០ម៉ឺនម៉ែត្រក្រឡា ស្ថិតនៅ​​កោះ Sadhu Island ភាគខាងលិច​រដ្ឋ Gujarat ប្រទេស​ឥណ្ឌា ព័ទ្ធ​ជុំវិញដោយទឹក​ទន្លេ Narmada ទំហំ ១២ គីឡូម៉ែត្រការ៉េ។ វាត្រូវបានរចនាដោយស្ថាបត្យករ Joseph Menna ដោយបានចាប់ផ្តើមសាងសង់កាលពីចុងឆ្នាំ២០១៣ និង ត្រូវបានស្ថាបនាឡើងដើម្បីជាកិត្តិយសដល់មេដឹកនាំឯករាជ្យ លោក Sardar Vallabhbhai Patel។ ប្រធានាធិបតីឥណ្ឌា លោក Narendra Modi បាននិយាយថា រូបសំណាក់នេះនឹងដើរតួជាអ្នកទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយ ហើយក៏ជានិមិត្តរូបនៃសុច្ចរិតភាព និងដំណោះស្រាយផងដែរ។ ដោយឡែកប្រជាជនក្នុងតំបន់បានលើកឡើងថា នេះជាការខ្ជះខ្ជាយថវិកា ដែលចំណាយគួរតែត្រូវបានប្រើឱ្យល្អជាងនេះ។ តាមរបាយការរដ្ឋាភិបាលនៃរដ្ឋ Gujarat បានឱ្យដឹងថា ការសាងសង់ត្រូវបានចំណាយលើសពីប្រាក់មូលនិធិ សម្រាប់សាងសង់រូបសំណាក់ ដែលថវិកាទាំងនោះបានមកពីរដ្ឋាភិបាលសហព័ន្ធ ឬ ជាការបរិច្ចាកសាធារណៈ។ តាមការសង្កេត បានឱ្យឃើញថា Statue of Unity មានកម្ពស់ខ្ពស់ជាងរូបសំណាក  Statue of Liberty របស់​សហរដ្ឋអាមេរិកដល់ទៅ ២ដង និង​ខ្ពស់​ជាង​រូប​សំណាក​ព្រះពុទ្ធ Spring Temple Buddha នៅ​ក្នុង​ប្រទេស​ចិនជិត ៣០ ម៉ែត្រ៕

អត្ថបទដោយ: Sreyluch