ការបំបែកក្បាលដី ឬ ការពុះដី គឺជាការបំបែកក្បាលដីមួយឲ្យទៅជាក្បាលដីឡូត៍ច្រើនក្នុងគោលបំណងសម្រាប់លក់ និង/ឬ អភិវឌ្ឍ សាងសង់លំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម ទេសចរណ៍ និង អភិវឌ្ឍចម្រុះ។
ជាការពិតណាស់ ការពុះដីឡូត៍ ឬការបំបែកក្បាលដី គឺជាផ្នែកមួយនៃការអភិវឌ្ឍដី ដែលការណ៍នេះ ទាមទារឲ្យមានលិខិត អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចមុននឹងធ្វើការពុះ ឬ បំបែក។ ខាងក្រោមនេះ គឺជាលំដាប់ថ្នាក់នៃអាជ្ញាធរមាន សមត្ថកិច្ច ដែលអ្នកមានបំណងពុះដីឡូត៍ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត៖

1. អ្នកដែលមានបំណងពុះដីឡូត៍ដែលមានទំហំផ្ទៃដីធំជាង ៣០ ០០០ ម៉ែត្រក្រឡា ត្រូវស្នើសុំលិខិត អនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។
2. អ្នកដែលមានបំណងពុះដីឡូត៍ដែលមានទំហំផ្ទៃដីតូចជាងឬស្មើ ៣០ ០០០ ម៉ែត្រក្រឡា ត្រូវស្នើសុំលិខិត អនុញ្ញាតពីអភិបាលនៃគណៈអភិបាលរាជធានីខេត្ត ដែលទីតាំងគម្រោងនោះស្ថិតនៅ។

3. អ្នកដែលមានបំណងពុះដីឡូត៍ដែលមានទំហំផ្ទៃដីតូចជាងឬស្មើ ៥ ០០០ ម៉ែត្រក្រឡា ត្រូវស្នើសុំលិខិត អនុញ្ញាតពីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ដែលទីតាំងគម្រោងនោះស្ថិតនៅ ក្នុងករណីដែល ក្រុង ស្រុក ខណ្ឌ នោះមានប្លង់គោលប្រើប្រាស់ដីដែលត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវការរួច។

ក្នុងការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតបំបែកក្បាលដី ឬពុះដីឡូត៍ អ្នកស្នើសុំត្រូវភ្ជាប់មកជាមួយនូវឯកសារដូច ខាងក្រោម៖
• ឯកសារបញ្ជាក់អត្តសញ្ញាណម្ចាស់សំណើ
• ឯកសារបញ្ជាក់ការកាន់កាប់ដីស្របច្បាប់ មានដូចជា វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី វិញ្ញាបនបត្រសម្គាល់សិទ្ធិជួលអចិន្ត្រៃយ៍ វិញ្ញាបនបត្រសម្គាល់សិទ្ធិផលុបភោគ ឬ គោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល។ ក្នុងករណីសាមីសំណើ មិនមែនជាកម្មសិទ្ធិករ ត្រូវមានការព្រមព្រៀងពីម្ចាស់ដី
• ប្លង់តំបន់ និង/ឬ ប្លង់ទីតាំងគម្រោងបំបែកក្បាលដី ឬ ពុះដីឡូត៍
• ឯកសារគម្រោងផែនការប្រើប្រាស់ដី និង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឯកសារគម្រោងផែនការ សកម្មភាពនិងពេលវេលា និង ឯកសារគម្រោងផែនការថវិកា
• ឯកសាររណបពាក់ព័ន្ធផ្សេងទៀត។
ពាក្យស្នើសុំលិខិតអនុញ្ញាតនិងឯកសារភ្ជាប់ខាងលើនេះ ត្រូវធ្វើជាឯកសាររឹង (Hard Copies) យ៉ាងតិច ៨ ច្បាប់ និង ឯកសារទន់ (Soft Copies)។