ចិន​ជប៉ុន​ព្រមព្រៀង​​សហការ៥០គម្រោង

ចិន​ជប៉ុន​ព្រមព្រៀង​​សហការ៥០គម្រោង

ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ ​ទៅកាន់​ប៉េកាំង​កាលពី​ថ្ងៃ​ទី​២៥ តុលា​ បាន​នូវ​មក​ផ្លែផ្កា​យ៉ាង​ច្រើន ដោយ​មាន​​​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន៥០ ត្រូវ​បាន​ចុះ​កិច្ចព្រមព្រៀង ដើម្បី​អនុវត្ត​ក្នុង​ប្រទេស​ទីបី ​ដោយ​​ចាប់ផ្ដើម​ពី​ទីក្រុង​ឆ្លាតវៃ​មួយ​ក្នុង​ប្រទេស​ថៃ​នៅ​​ឆ្នាំ​ក្រោយ​នេះ។ ទីក្រុង​នេះ​នឹង​​ស្ថិត​នៅ​ក្នុង​ខេត្ត Chonburi ដែល​ជា​ផ្នែក​មួយ​នៃ​​ការ​អភិវឌ្ឍន៍​ច្រក​របៀង​ខាងកើត​ នៃ​ប្រទេស​ថៃ។ វា​​ពង្រីក​តំបន់​ឧស្សាហកម្ម​ដែល​មាន​ស្រាប់ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន Amata របស់​ថៃ និង​ក្រុមហ៊ុន Yokohama Urban Solution ជា​ក្រុមហ៊ុន​​ឯកទេស​​អភិវឌ្ឍន៍​ទីក្រុង​បៃតង និង​ក្រុមហ៊ុន​សំណង់​ចិន JSCC។ ប្រហែល៧០% ក្នុង​ចំណោម​រោងចក្រ៧០០នៅ​ក្នុង​តំបន់​​នេះ ជា​​​ក្រុមហ៊ុន​របស់​ជប៉ុន។ ការ​ចុះហត្ថលេខា​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​កិច្ចព្រមព្រៀង រវាង​ក្រុមហ៊ុន Amata និង​ក្រុមហ៊ុន Yusa ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ថាមពល​ឆ្លាតវៃ​មួយ សម្រាប់​សួន​ឧស្សាហកម្ម ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែ​កក្កដា។ លោក​អាបេ ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ទី១ ដែល​បាន​​ធ្វើ​​ទស្សនកិច្ច​​ផ្លូវការ​​ទៅ​កាន់​ប្រទេស​ចិន ក្នុង​​រយៈពេល៧ឆ្នាំ​មក​នេះ។ ដំណើរ​ទស្សនកិច្ច​នេះ​​​ជា​ការ​បើក​ទំព័រ​សករាជ​​ថ្មី​មួយ នៃ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ក្រោយ​ពី​​មាន​គម្រោង​ពី​២០ ទៅ៣០គម្រោង ត្រូវ​បាន​ចុះ​ហត្ថលេខា​​កាលពី​ខែ​មុន។ តាំង​ពី​នោះ​មក ​មហិច្ឆតា​របស់​ភាគី​ទាំងពីរ​កាន់តែ​មាន​ការ​រីកចម្រើន​ឡើង។ គម្រោង​៥០បូក​នេះ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ពេល​​លោក​អាបេ ​ទៅ​ទស្សនា​វេទិកា​មួយ ស្ដីពី​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីក្រុង​ប៉េកាំង គឺ​ជា​កិច្ចព្រមព្រៀង​​ក្នុងចំណោម​៥០០​គម្រោង ដែល​បាន​​គ្រោង​​ឡើង​នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​​ពាណិជ្ជករ​ចំនួន១.៤០០នាក់ ពី​ប្រទេស​ទាំងពីរ​។ ​ចិន​សង្ឃឹម​ថា ការសហការ​ជាមួយ​ជប៉ុន​នឹង​បន្ថយ​ការ​រិះគន់​ដែល​ថា ផ្លូវ​មួយ ខ្សែ​ក្រវាត់​​របស់​ខ្លួន កំពុង​បង្ខំ​ឱ្យ​ប្រទេស​តូចៗ​ធ្លាក់​ទៅ​ក្នុង​បំណុល​​លើស​កម្រិត។ ឯ​ផ្នែក​ឯកជន​​ជប៉ុន​ក៏​​​ស្វាគមន៍ ចំពោះ​ការ​បញ្ចប់​នូវ​សម្ពាធ​ប្រកួត​ប្រជែង ពី​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ចិន ដែល​តែងតែ​មាន​ប្រៀប​ក្នុង​​ដេញ​ថ្លៃ​គម្រោង​​​​មូលនិធិ​។

អត្ថបទដោយ: Dara