ពិព័រណ៍អចលទ្រព្យកម្ពុជាលើកទី៣លក់បាន ៣០លានដុល្លារក្នុងរយៈពេល២ថ្ងៃ

ពិព័រណ៍អចលទ្រព្យកម្ពុជាលើកទី៣លក់បាន ៣០លានដុល្លារក្នុងរយៈពេល២ថ្ងៃ

ត្រឹមរយៈពេល២ថ្ងៃ ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី៣ ដែលរៀបចំដោយក្រុមហ៊ុន Real Estate.com.kh បានលក់អចលនទ្រព្យស្មើរនឹងទំហំទឹកប្រាក់ប្រមាណ ៣០លានដុល្លារ។ ប្រព្រឹត្តិណ៍ទៅនៅថ្ងៃទី ១៩ និង​២០ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារ ណាហ្គាវើល ពិព័រណ៍អចលនទ្រព្យដែលធំជាងគេនៅកម្ពុជាមួយនេះ បានដាក់បង្ហាញគម្រោងអចលនទ្រព្យធំៗនៅកម្ពុជាដូចជា ខុនដូ រីសត គម្រោងលំនៅឋាន អគារការិយាល័យ សេវាធនាគារ សេវាច្បាប់ និង ផលិតផលផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ដែលមានចំនួនរហូតដល់ ៧៩ស្តង់។ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រុមហ៊ុន Real Estate.com.kh នៅថ្ងៃទី២៤ ខែតុលានេះ ខណៈពិព័ណ៍អចលនទ្រព្យលើក​ទី២លក់អចលនទ្រព្យសរុបជាទឹកប្រាក់ប្រហែល ២០លានដុល្លារ ពិព័រណ៍លើកទី៣នេះ បានលក់អចលនទ្រព្យគិតជាទឹកប្រាក់ប្រហែល ៣០លានដុល្លារ ដែលកើនឡើង១០លានដុល្លារលើសឆ្នាំមុន។ ម្ចាស់គម្រោងពិព័រណ៍ដែលទទួលបានជោគជ័យនៅក្នុងកម្មវិធីនេះរួមមាន គម្រោង New Nordic ដែលលក់បានទឹកប្រាក់ចំនួន៥០មឺុនដុល្លារ គម្រោងលំនៅដ្ឋាន Woodland Residence លក់បាន១យូនីត និង៩យូនីតទៀតកំពុងស្ថិតនៅក្នុងការ ចចារ។ ក្រុមហ៊ុន Creed Group បានទទួលការកក់គម្រោងលំនៅឋានរបស់ខ្លួនចំនួន ១០យូនីត ខណៈគម្រោង Morgan Tower លក់បាន៤យូនីត។ ចំណែកឯក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ SEAP បានលក់គម្រោង LZ Sea view Residence បានចំនួន៣យូនីត។ គម្រោង The Parkway ទទួលបានអតិថិជនមកតំកល់ប្រាក់កក់សម្រាប់គម្រោងលំនៅឋានចំនួន៣ យូនីត និងមានភ្ញៀវចំនួន៧នាក់ទៀត បានណាត់ជួបទៅពិនិត្យគម្រោងដោយផ្ទាល់។ គម្រោងអភិវឌ្ឍន៍ចម្រុះ និងគម្រោងខុនដូពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីភ្ញៀវដែលបានចូលរួម។ ក្រុមហ៊ុន OC Consultant បានទទួលចំណាប់អារម្មណ៍យ៉ាងច្រើនពីភ្ញៀវដែលមានរហូតដល់ ១៥០នាក់។ គម្រោង Poly Mansion ទទួលបានការកក់ចំនួន៣ និងទទួលបានចំណាប់អារម្មណ៍ ពីភ្ញៀវចំនួន៥៥នាក់។ គម្រោងលំនៅដ្ឋាន V-House លក់បាន ៥ យូនីត និងមានអ្នកចាប់អារម្មណ៍ចំនួន៥២នាក់ គម្រោង Royal Park លក់បាន១យូនីត និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំនួន៤០នាក់។ គម្រោង Cloud Coast មានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន២១០នាក់ ខណៈគម្រោងរបស់ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទ៊េតគ្រុប (ខេមបូឌា) ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលទស្សនាដែលមានចំនួន១០០នាក់។ លោក Tom O'Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh បាននិយាយថា មនុស្សជាង ៤,០០០ នាក់បានចុះឈ្មោះចូលរួមពិព័រណ៍នៅក្នុងឆ្នាំនេះហើយ យើងរំពឹងថានឹងទាក់ទាញវិនិយោគិន និងអ្នកទិញអចលនទ្រព្យយ៉ាងហោចណាស់ជាង ៥,០០០ នាក់។ លោកបានថ្លែងថា៖ «ភាពរីកចម្រើនយ៉ាងឆាប់រហ័សគឺបានបង្ហាញឱកាសសម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជាដែលមិនធ្លាប់មានពីមុនមក។ ការតាំងពិព័រណ៍នេះបានផ្តល់ឱ្យអ្នកចូលរួមនូវឱកាសវិនិយោគថ្មីៗ ជាមួយគម្រោង លំនៅដ្ឋាន បុរី ខុនដូ និងគម្រោងអភិវឌ្ឍន៍ចម្រុះ។ អ្នកទិញ និងវិនិយោគិនមក ពីក្នុងស្រុក និងក្រៅស្រុកបានជួបជុំគ្នាសម្រាប់ឱកាសល្អបំផុតក្នុងការទំនាក់ទំនងជាមួយគ្នា»។ លោកបានលើកឡើងថាឱកាសនេះបានជួយអ្នកគ្រប់គ្នាក្នុងវិស័យនេះឲ្យបានស្វែងយល់កាន់តែស៊ីជម្រៅពីកម្ពុជា។​«នៅពេលអ្នកវិនិយោគបានមកដល់រាជធានីភ្នំពេញ ដើម្បីចូលរួមជាមួយពិព័រណ៍នេះ ពួកគេបានមើលឃើញពីភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងប្រែក្លាយកម្ពុជាទៅជា មជ្ឈមណ្ឌលសេដ្ឋកិច្ច។ កត្តានេះនឹងផ្តល់ទំនុកចិត្តដល់វិនិយោគិន ឲ្យងាកមកវិនិយោគលើវស័យអចលនទ្រព្យនៅកម្ពុជា»។  

អត្ថបទដោយ: Vutha