ភ្នំពេញគួរពិចារណាប្រើប្រាស់ឥដ្ឋបង្ការទឹកជំនន់នេះ
ដោយឈរលើគោលការណ៍បរិស្ថានមេត្រី ក្រុមហ៊ុនស្ថាបត្យកម្មដាណឺម៉ាក Tredje Natur បានបង្កើតប្រព័ន្ធក្រាលផ្លូវម្យ៉ាង នៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ដើម្បីកាត់បន្ថយទឹកជំនន់តាមដងផ្លូវ និងបង្កើតជាកន្លែងបៃតងមួយ។ យោងតាមគេហទំព័រ Dezeen វាមានឈ្មោះថា The Climate Tile (ឥដ្ឋបរិស្ថាន) ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៤ ដោយមានរន្ធតូចៗ អាចស្រូប និងគ្រប់គ្រងទឹក ត្រូវបានក្រាលនៅសង្កាត់ Nørrebro នៃទីក្រុង Copenhagen លើផ្លូវប្រវែង៥០ម៉ែត្រ។ ប្រព័ន្ធក្រាលផ្លូវថ្មីនេះបានផ្លាស់ប្ដូរទីលានផ្លូវពណ៌ប្រផេះ ទៅជាពណ៌បៃតង ដែលមានដើមឈើ និងដំណាំផ្សេងៗទៀត នេះបើយោងតាមវិស្វករ។ វានឹងជួយបំបាត់ទឹកជំនន់នៅតាមដងផ្លូវ ក៏ដូចជាទប់ស្កាត់កុំឲ្យទឹកជំនន់ឡើងលឿនពេក ដោយការបឺតយកទឹកភ្លៀង។ វាគឺជាប្រព័ន្ធសម្របតាមអាកាសធាតុ និងក៏ជាដំណោះស្រាយមួយបង្កើតគុណតម្លៃសម្រាប់ទីក្រុងផងដែរ។ អ្នកគ្រប់គ្រងគម្រោង លោក Jan Rasmussen មកពីមជ្ឈមណ្ឌលសម្របសម្រួលបម្រែបម្រួលអាកាសធាតុ នៃទីក្រុង Copenhagen បាននិយាយថា "ឥដ្ឋបរិស្ថាននេះ បង្ហាញនូវវិធីសាស្ត្រដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ក្នុងការសម្របជាមួយអាកាសធាតុ និងការអភិវឌ្ឍន៍ទីក្រុង ដែលបញ្ហាទាំងពីរត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធអាចវាស់វែងបាន។ លោកបានបន្ថែថា "យើងកំពុងសម្លឹងមើលក្នុងការប្រើប្រាស់ឥដ្ឋបរិស្ថាននេះ ថាតើវាអាចដើរតួយ៉ាងដូចម្ដេចនៅក្នុងការសម្របសម្រួលអាកាសធាតុរបស់ទីក្រុង និងប្រតិកម្មរបស់ប្រជាជន"។ ឥដ្ឋអាកាសធាតុនេះត្រូវបានរចនាឡើង ដើម្បីប្រើប្រាស់នៅក្នុងទីក្រុង ដែលមានបញ្ហាជាមួយនឹងភ្លៀងធ្លាក់ខ្លាំង។ វាដើរតួជាប្រព័ន្ធបង្ហូរទឹកបន្ថែម បន្ថយភាពតានតឹងលើលូទឹកដែលមានស្រាប់។ ទឹកដែលជ្រាបចូលទៅក្នុងក្រឡាឥដ្ឋ បាននាំឆ្ពោះទៅប្រព័ន្ធគ្រប់គ្រងទឹកក្រោមដី។ វាអាចផ្ទុក ពន្យារ និងបង្វែរទឹកមកវិញ ប្រសិនបើត្រូវការចម្រោះសិន។ បន្ទាប់ពីគម្រោងសាកល្បងនៅទីក្រុង Copenhagen ក្រុមហ៊ុន Tredje Natur គ្រោងនឹងផលិតឥដ្ឋបរិស្ថាននេះ ជាមួយនឹងអ្នកជំនាញបេតុង IBF នៃប្រទេសដាណឺម៉ាក និងធ្វើឱ្យមានលក់នៅតាមទីផ្សារ ជាមួយនឹងកំណែថ្មីៗបន្ថែមទៀត។