វិស័យសំណង់ស្រូបយកទុនវិនិយោគជិត៥ពាន់លានដុល្លារ រយៈពេល៩ខែឆ្នាំ២០១៨

វិស័យសំណង់ស្រូបយកទុនវិនិយោគជិត៥ពាន់លានដុល្លារ រយៈពេល៩ខែឆ្នាំ២០១៨
ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៨នេះ កម្ពុជាបានអនុម័តលើគម្រោងសាងសង់សរុបចំនួន ២៥៤១ គម្រោង ជាមួយនឹងទុន      ​​​ វិ​និយោគសរុបជិត ៥ពាន់លានដុល្លារ ខណៈវិនិយោគិនចិនឈរនៅលំដាប់លេខ១ នេះបើតាមរបាយការណ៍ដែលប្រកាសដោយ ក្រសួង រៀបចំដែនដី​ នគរូបនីយកម្ម និង​​ សំណង់។ ថ្លែងនៅក្នុងសន្និសិទសារព័ត៍មានស្តីពីវឌ្ឍនភាពនៃវិស័យសំណង់នៅកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែតុលានេះ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់  បានបញ្ជាក់ថា គិតត្រឹមត្រីមាសទី៣ ក្នុងឆ្នាំ២០១៨នេះ អាជ្ញាធរថ្នាក់ជាតិ និង រាជធានីខេត្ត ចំណុះក្រសួង រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានចេញលិខិតអនុញ្ញាតសាងសង់ឲ្យគម្រោងសរុបចំនួន ២៥៤២ ដែលមានផ្ទៃក្រឡាសាងសង់សរុបជាង ១០លានម៉ែត្រការ៉េ  ជាមួយនឹងទុនវិនិយោគ ៤៨២០​ លានដុល្លារ។ នៅក្នុងរយៈពេលដដែលនេះ អាជ្ញាធរបានអនុម័តគម្រោងវិនិយោគរបស់បរទេសចំនួន ៣៣គម្រោង លើផ្ទៃក្រឡាជាង ១លានម៉ែត្រការ៉េ ដែលមានតម្លៃវិនិយោគទុនសរុបប្រមាណជា ៤៨៤ លានដុល្លារ ខណៈគម្រោងរបស់ប្រទេសចិនឈរលំដាប់ទី១។ នៅក្នុងចំណោមគម្រោងសាងសង់ទាំងនេះ ក្រសួងក៏បានចេញលិខិតអនុញ្ញាតសាងសង់ ឲ្យគម្រោងសាងសង់ បុរីលំនៅឋាន ចំនួន ៤១ ទីតាំង ដែលគិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានគម្រោងបុរីសរុបចំនួន ២២៨ ទីតាំង មានអ្នកស្នាក់នៅពី ៦៥ ទៅ៧៥% ដែល​បាន​ស្នាក់នៅ​ក្នុង​បុរី​លំនៅឋាន។​ របាយការណ៍ដដែលបានឲ្យដឹងថា សំណង់ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ទាំងនេះ មានអគារកំពស់ចាប់ពី ៥ ជាន់ឡើងទៅចំនួន ៩២ អគារ ហើយបើគិតចាប់ពីឆ្នាំ ២០១៥ រហូតមកដល់បច្ចុន្នប្ប កម្ពុជាមានអគារដែលមានកម្ពស់ខ្ពស់ជាង៥ជាន់ ចំនួន ១០៨៤ អគារ។ លោកបានគូសបញ្ជាក់ថា តំបន់នៅកណ្តាលក្រុងមានភាពរីកចម្រើនលើសំណង់ខ្ពស់ៗ ចំណែកឯជាយក្រុងមាននិន្នាការជាសំណង់លំនៅឋាន។ ក្នុងរយៈពេល ៩ខែ ឆ្នាំនេះ រាជធានីភ្នំពេញ ទទួលបានគម្រោងសាងសង់ចំនួន ៧៧៧ គម្រោង ដែលមានទុន​វិនិយោគសរុបជា ១,៥ ពាន់លានដុល្លារអាមេរិក។ ដោយឡែក​ក្នុង​រយៈពេល​៩​ខែនេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចុះ​បញ្ជី​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ និង​សាងសង់ នៅ​មាន​សុពលភាពសរុបចំនួន ១០៧០​ក្រុមហ៊ុន ដែលក្នុង​នោះ​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ មាន​ ៤២​ក្រុមហ៊ុន និង ក្រុមហ៊ុន​សាងសង់​មាន​១០២៨​ក្រុមហ៊ុន ខណៈដែល​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ មក​ពី​បរទេស​ដែល​នៅ​មាន​សុពលភាព​នៅ​ឡើយ មាន​ចំនួន​៣៦៦​ក្រុមហ៊ុន។ ក្រសួង​ក៏​បាន​ចុះ​បញ្ជី​រូបវន្ត​បុគ្គល​សិក្សា​គម្រោង​ប្លង់​ស្ថាបត្យកម្ម ក៏​ដូច​ជា​ប្លង់​គ្រឿង​ផ្គុំ​សំណង់ ដែល​មាន​ចំនួន​១៤០​នាក់។ នៅ​ក្នុង​នោះ​មាន​ស្ថាបត្យករ​ចំនួន​ ៨៦​រូប ដែលរួមមាន​ជន​បរទេស ៣​រូប និង​មាន​វិស្វករ ៤៦​រូប និង​មាន​បរទេស​១​រូប។ ឯកឧត្តម ឡៅ ទិព្វសីហា បាន​បញ្ជាក់​ថា  រយៈពេល​៩​ខែ ឆ្នាំ​២០១៨​នេះ គណៈ​ស្ថាបត្យករ​កម្ពុជា បាន​ដំណើរការ​ចុះ​បញ្ជី​រូបវ័ន្តបុគ្គលបាន​៥៧​រូប និង​មាន​បរទេស​ចំនួន​២​រូប។ គិត​ចាប់​ពី​ឆ្នាំ​២០១៤ រហូត​មក​ដល់​៩​ខែ ឆ្នាំ​២០១៨​នេះ គណៈ​ស្ថាបត្យករ​កម្ពុជា បាន​ចុះ​បញ្ជី​សវនករ​បាន​ចំនួន ​៧១៣​រូប។ វិស័យសំណង់បានស្រូបយកកម្លាំងពលកម្មពី ២០ម៉ឺន ទៅ ២២ម៉ឺននាក់ក្នុងមួយថ្ងៃ។ ក្នុងនោះលោកបានបញ្ជាក់ថា កម្មករមិនមានជំនាញអាចទទួលបានប្រាក់កម្រៃពី ៣៥,០០០រៀល ទៅ ៤០,០០០រៀល ក្នុងមួយថ្ងៃ កម្មករជំនាញតិចអាចទទួលបានពី ៥០,០០០រៀល ដល់ ៥៥,០០០រៀល ហើយកម្មករជំនាញទទួលបានកម្រៃចាប់ពី ៤៥០ដុល្លារឡើងទៅ។ ស្រុបពេលដែលមានលំហូរចូលនៃគម្រោងសាងសង់របស់ចិន រួមជាមួយនឹងកម្មកររបស់ចិន ចូលមកកម្ពុជា ឯកឧត្តម មានសុទិដ្ឋិនិយមថា លំហូរចូលនៃកម្មករចិនចូលក្នុងវិស័យសំណង់កម្ពុជា នឹងធ្វើឱ្យប្រទេសទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយគ្នា ជាពិសេសកម្ពុជានឹងទទួលបានបទពិសោធន៍ការងារខាងសំណង់ពីក្រៅប្រទេស ខណៈបច្ចុប្បន្ន វិស្វករជំនាញៗក្នុងស្រុកកំពុងតែមានតម្រូវការ។ គួររំឭកដែរថា កាលពីឆ្នាំ២០១៧ កម្ពុជាអនុម័តលើគម្រោងសាងសង់ជាង ៣,០០០គម្រោង ដែលមានផ្ទៃក្រឡាជាង ១០​លានម៉ែត្រការ៉េ និង មានតម្លៃទុនវិនិយោគជាង ៦ពាន់លានដុល្លារ៕
អត្ថបទដោយ: Sreyluch