វិមានឈ្នះ ឈ្នះ នឹងសម្ភោធជាផ្លូវការនៅចុងឆ្នាំ២០១៨នេះ
ខណៈថ្ងៃសម្ភោធសំណង់វិមានឈ្នះ ឈ្នះ កាន់តែខិតជិតមកដល់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ បានបញ្ជាក់ថា អាជ្ញាធរនឹងបើកទូលាយឲ្យប្រជាពលរដ្ឋខ្មែរ គ្រប់ទីកន្លែងចូលទស្សនាដោយសេរីនៅថ្ងៃសម្ភោធវិមាននេះ។ តាមការបញ្ជាក់របស់ទំព័រនាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា បានឱ្យដឹងថា ពិធីសម្ពោធវិមាននេះ គ្រោងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ខាងមុខ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ នៅថ្ងៃសម្ពោធ វិមាននេះ មានកម្មវិធីជាច្រើន ដូចជា ការប្រគុំតន្ដ្រី ការតាំងពិព័រណ៍ រួមជាមួយនឹងកម្មវិធីផ្សេងៗទៀត។ សំណង់វិមានឈ្នះ ឈ្នះ ត្រូវបានស្ថាបនាឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានចរឹកទៅដោយសកម្មភាពតស៊ូ ក្នុងដំណើឆ្ពោះទៅការសង្គ្រោះជាតិ រួមជាមួយនឹងរូបចម្លាក់សម្រាប់ដាក់តាំងក្នុងវិមានផងដែរ។ រូបចម្លាក់ដែលនឹងត្រូវឆ្លាក់ដាក់នៅលើវិមាន មានដូចជា រូបហង្សក្បាលបី រូបគ្រុឌ រូបដំរី រូបនាគ និង រូបតោ។ ដោយឡែក រូបភាពចម្លាក់លើផ្តែរ ដាក់លើក្លោងទ្វារទាំង ៣ រួមមាន៖
- ក្លោងទ្វារទី១៖ សុខដុមនីយកម្មសាសនានៅកម្ពុជា
- ក្លោងទ្វារទី២៖ សុខដុមនីយកម្មសម័យកាលប្រវត្តិសាស្ត្រកម្ពុជា
- ក្លោងទ្វារទី៣៖ សុខដុមនីយកម្មដោយនយោបាយឈ្នះ ឈ្នះ "ធានាកម្មសិទ្ធ ធានាជីវិត និង ធានាអាជីប និងមុខរបរ"
នៅក្នុងបរិវេណវិមាន មានដាំកូនឈើមួយចំនួនដូចជា ដើមគគីរ ដើមធ្នុង ដើមរំដួល ដើមត្នោតជាដើម ហើយក៏មានការរៀបចំថ្មម៉ាបផ្លូវចូលទៅកាន់ក្លោងទ្វារជ័យ ពីមុខវិមាន និង ការរៀបចំចាក់បេតុងកាំជណ្តើរផងដែរ។ សូមបញ្ជាក់ថា វិមាននេះ មានកម្ពស់ប្រមាណ ៥៤ម៉ែត្រ ទទឹង៣៦ម៉ែត្រ ត្រូវបានសាងសង់លើ ផ្ទៃដីសរុបចំនួន ៨ហិកតា ដោយប្រើថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ពុំមានទាក់ទងនឹងថវិការដ្ឋឡើយ។ ដោយឡែក ពុំមានប្រភពណាមួយ បានបញ្ជាក់ពីទំហំនៃថវិកាដែលបានចំណាយទៅលើការស្ថាបនាវិមាននេះនៅឡើយទេ។ វិមានត្រូវបានស្ថាបនាឡើង ក្នុងគោលបំណងរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យកាល ដែលបានលះបង់ជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ។ វិមាននេះ ក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយ ហើយក៏ជានិម្មិតរូប នៃសុខសន្តិភាព ដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក៕