
ខណៈដែលក្រុមហ៊ុន AEON Mall គ្រោងនឹងបើកសាខាទី៣របស់ខ្លួននៅកម្ពុជានៅឆ្នាំ២០២៣ ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុនមួយនេះ នឹងពង្រីករហូតដល់១០សាខានៅទូទាំងតំបន់អាស៊ាន ហើយនឹងកើនឡើងជាបន្តបន្ទាប់។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន AEON Group ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ដែលចេញផ្សាយក្នុងឆ្នាំ២០១៨នេះ បានបង្ហាញថា បច្ចុប្បន្នផ្សារទំនើបអ៊ីអនចំនួន ៧ កំពុងប្រតិបត្តិការនៅក្នុងបីប្រទេសនៃ ទីផ្សារអាស៊ាន ហើយគ្រោងនឹងបង្កើនរហូតដល់ ១០សាខានៅឆ្នាំ២០១៩ និងបន្តពង្រីកបន្តបន្តាប់ទៀតសម្រាប់ទីផ្សារអាស៊ាន។
របាយការណ៍ផ្លូវការនេះ បានឲ្យដឹងថា បន្ទាប់ពីបើកសាខាទី១នៅឆ្នាំ២០១៤ និងទី២ ឆ្នាំ២០១៨នេះ នៅកម្ពុជា ក្រុមហ៊ុននឹងពង្រីកសាខាទីបី របស់ខ្លួននៅភាគត្បូងរាជធានីភ្នំពេញ ដែលស្ថិតក្នុងទីក្រុងរណប ING City ជាមួយនឹងផ្ទៃដី ១៧៤,០០០ ម៉ែត្រការ៉េ ដែលគ្រោងនឹងបើកទ្វារនៅឆ្នាំ២០២៣ ខណៈកាលបរិច្ចេទសាងសង់មិនទាន់មានការបញ្ជក់នៅឡើយនោះទេ។
ក្រៅពីការពង្រីកសាខាបន្ថែមនៅកម្ពុជា ផ្សារទំនើបអ៊ីអនម៉លពីរទៀត គ្រោងដំណើការនៅប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីបានដំណើរការសាខាចំនួនពីររួចមកហើយ ចាប់តាំងពីឆ្នាំ២០១៥មក។ សាខាទី៣ ស្ថិតនៅក្នុងទីក្រុង Sentul City មានផ្ទៃក្រឡា ៧៨.០០០ ម៉ែត្រការ៉េ គ្រោងនឹងបើកទ្វារនៅឆ្នាំ ២០១៩ និងទី៤ ស្ថិតនៅទីក្រុង Deltamas មានផ្ទៃក្រឡា ២០០.០០០ ម៉ែត្រការ៉េ ហើយគ្រោងបើកដំណើរការបន្ទាប់ពីឆ្នាំ២០២២។

ចំណែកនៅប្រទេសវៀតណាម បន្ទាប់ពីមានផ្សារទំនើបអ៊ីអន៣សាខាបានដំណើរការ នៅទីក្រុងហូជីមិញចាប់ពីឆ្នាំ២០១៤មក AEON Mall ក៏មានគម្រោងពង្រីកសាខាពីរបន្ថែមទៀត ដែលគម្រោងទី៤ ស្ថិតនៅតំបន់ Ha Dong ទីក្រុ ហាណូយ មានផ្ទៃដី ៩៨.០០០ម៉ែត្រការ៉េ ខណៈគម្រោងទី៥ មានផ្ទៃក្រឡាដីដូចគ្នា ស្ថិតនៅក្នុងទីក្រុង Hai Phong ។
ក្រុមហ៊ុន Aeon Group ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៩ ដែលមានមូលដ្ឋាននៅទីក្រុង ជីបា (Chiba) ប្រទេសជប៉ុន ដែលផ្តោតសំខាន់ទៅលើការផ្តល់សេវាកម្ម ហិរញ្ញវត្ថុ និងផ្សារលក់រាយ។ Aeon Mall បានចូលមកតំបន់អាស៊ាននៅឆ្នាំ ២០១៤ ជាមួយនឹងសាខាពីរដំបូងនៅកម្ពុជា និង វៀតណាម ជាមួយនឹងប្រាក់ចំណូល ១១ ពាន់លានយ៉េន ហើយគិតមកដល់ឆ្នាំ២០១៧ មានសាខាចំនួន ៧ នៅតំបន់អាស៊ាន ដែលមានចំណូលសរុប ៨៧ ពាន់លានយ៉េន។

ក្រៅពីដំណើរការនៅតំបន់អាស៊ាន បច្ចុប្បន្ននេះ Aeon Mall កំពុងដំណើរការផ្សារទំនើប ១៧ នៅប្រទេសចិន និង ១៧៣ សាខានៅប្រទេសជប៉ុន ហើយកំពុងពិចារណាឈានជើងចូលទីផ្សារ មីយាន់ម៉ា និងឡាវ ផងដែរ។
លោក Mitsugu Tamai នាយកប្រចាំតំបន់អាស៊ានរបស់ Aeon Mall បានថ្លែងថា៖ «ជាមួយនឹងផែនការពង្រីកសាខាយ៉ាងឆាប់រហ័ស Aeon Mall រំពឹងថានឹងទទួលបានចំណូលកើនរហូតដល់ ១២០% ក្នុងមួយឆ្នាំពីទីផ្សារបរទេស»។
ដោយឡែកគម្រោងពង្រីកសាខាទីបីនៃផ្សារទំនើបអ៊ីអនម៉លនៅកម្ពុជា នឹងត្រូវសាងសង់ឡើងនៅក្នុងគម្រោងទីក្រុងរណប Ing City លើផ្ទៃដី ២.៥៧២ហិកតា ដោយគ្រោងចំណាយថវិកាវិនិយោគប្រមាណ ៦៩៦លានដុល្លារ អាមេរិក។ ក្រុមហ៊ុន ING Holding ដែលទទួលបានសិទ្ធអភិវឌ្ឍន៍ទីក្រុងរណបដែលស្ថិតនៅតំបន់បឹងទំពុន និងបឹងជើងឯកនេះ នឹងប្រែក្លាយតំបន់ដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញមួយនេះ ជាទីក្រុងដ៏ទំនើបមួយ ដែលគេរំពឹងថានឹងបញ្ចប់នៅអំឡុងឆ្នាំ២០៣៥។

Aeon Mall សាខាទី១ បានបើកដំណើរការនៅឆ្នាំ ២០១៤ ដោយចំណាយទុនវិនិយោគប្រមាណជាង ២០៥លានដុល្លារអាមេរិក ស្ថិតនៅតំបន់ទន្លេបាសាក ក្បែរទីក្រុងកោះពេជ្រ ដែលមានផ្ទៃក្រឡាសាងសង់ ៦៨.០០០ ម៉ែត្រការ៉េ ដោយបានចំណាយពេលសាងសង់រយៈពេល១៨ ខែ។ ចំណែកសាខាទី២ ឯណោះវិញ ទើបតែបានបើកទ្វារកាលពីចុងខែ មិថុនា កន្លងទៅនេះ ស្ថិតនៅក្នុងទីក្រុងរណប ពោងពាយ (អតីតបឹងពោងពាយ) ដោយមានទំហំផ្ទៃដី ១៥១.០០០ ម៉ែត្រការ៉េ និងចំណាយទុនវិនិយោគប្រមាណជាង ១២០លានដុល្លារអាមេរិក។
កាសែតភ្នំពេញប៉ុស្តិ៍បានស្រង់សម្តីលោក Tetsuyuki Nakagawa នាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉លប្រចាំនៅកម្ពុជាកាលពីថ្ងៃទី ២១ខែមិថុនា ឆ្នាំ២០១៨ ថា ចាប់តាំងពីបើកសម្ពោធសាកល្បងនៅទី៣០ខែឧសភា សាខាផ្សារទំនើបអ៊ីអនម៉លទី ២ មានអ្នកទៅទស្សនាប្រមាណ ៣ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយតួរលេខនេះបានកើនដល់ ៨ម៉ឺននាក់ក្នុងមួយថ្ងៃសម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ លោកបានបន្តថា ផ្សារទំនើបអ៊ីអនម៉ល ជាផ្សារទំនើបគំរូមួយក្នុងតំបន់អាស៊ាន ទាំងការរៀបចំនូវបរិស្ថាន និងការប្រើប្រាស់បចេ្ចកវិទ្យាទំនើបផងដែរ។

បើតាមដំណាងរបស់ Aeon Mall ប្រចាំកម្ពុជា ក្រុមហ៊ុនក៏មានផែនការស្ថាបនាសាខាបន្តបន្ទាប់ទៀត នៅជុំវិញរាជធានីភ្នំពេញ និង នៅតាមបណ្តាខេត្តដូចជា សៀមរាប និង ព្រះស៊ីហនុជាដើម នៅពេលដែលមានអំណាចទិញគ្រប់គ្រាន់។
ផ្សារទំនើប Aeon Mall ខុសពីផ្សារទំនើបមូយចំនួនដែលមាននៅភ្នំពេញ ដោយសារ រាល់ផ្សារ Aeon Mall ទាំងអស់មានគោលដៅយ៉ាងច្បាស់មួយគឺ៖ ទំនិញដែលលក់ក្នុងផ្សារ Aeon Mall ត្រូវចែកចេញជាបីភាគគឺ ១ភាគជាទំនិញរបស់ជប៉ុនដែលគ្រប់គ្រងដោយ General Merchandise Store របស់ Aeon Mall ផ្ទាល់ ១ភាគជាទំនិញរបស់កម្ពុជា និង១ភាគជាទំនិញអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ នៅកម្ពុជាមានផ្សារទំនើបជាង១០កំពុងដំណើរការ ដែលរួមមាន ផ្សារទំនើបសុរិយា ផ្សារទំនើបសុវណ្ណា ផ្សារទំនើបរតនាផ្លាស្សា ផ្សារទំនើបផែនសល ផ្សារម៉ាក្រូ ផ្សារទំនើបស្ទឹងមានជ័យ ផ្សារអ៊ីអន ១ និង ២ ហើយក៏មានផ្សារទំនើបមួយចំនួនទៀតនឹងបើកឆាប់ៗនេះដូចជា ផ្សារទំនើប Phnom Penh Mega Mall (Parkson), Olympia Plaza Mall, The Bridge Commercial, Midtown, Downtown 93, The Community, Noro Mall, Prince Plaza Mall និង Eden Garden ជាដើម។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia គិតត្រឹមត្រីមាសទី២ ឆ្នាំ២០១៨នេះ ការផ្គត់ផ្គង់ផ្សារលក់រាយ (Retail supply) បានកើនឡើង ៤៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។