គម្រោង​កីឡាដ្ឋាន eSport ធំ​បំផុត​ក្នុង​លោក

គម្រោង​កីឡាដ្ឋាន eSport ធំ​បំផុត​ក្នុង​លោក

ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​​នៃ​កីឡា​កុំព្យូទ័រ ​ដែលជា​ទីផ្សារ​​មួយ​កំពុង​មាន​ការ​រីកចម្រើន​លឿន​បំផុត​របស់​ពិភពលោក ក្រុមហ៊ុន eSports ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដុង នៃប្រទេសអង់គ្លេស និង ក្រុមហ៊ុន Gfinity Plc និង​ក្រុមហ៊ុន Ove Arup & Partners Ltd បាន​ប្រកាស​បង្កើត​ភាព​ជា​ដៃគូ ដើម្បី​រៀបចំ​​កីឡាដ្ឋាន​អេឡិចត្រូនិក​ចម្រុះ​​​នាំមុខ​គេ​​លើ​ពិភពលោក សម្រាប់​អ្នក​ទស្សនា និង​​ការ​ផ្សាយ​ផ្ទាល់​ការ​ប្រកួត។  នេះ​បើ​យោង​តាម​គេហទំព័រ Global Construction Review។ ក្រុមហ៊ុន​ទាំងពីរ​​បាន​រួម​បញ្ចូល​ជំនាញ​ និង​ធនធាន​របស់​ខ្លួន ដើម្បី​អភិវឌ្ឍ​​គម្រោង​​ដ៏​ធំ​​មួយ​នេះ សម្រាប់​ការ​លេង​កីឡា​អាជីព ការ​ទស្សនា ការ​ហ្វឹកហាត់ ការ​សិក្សា និង​ការ​​ផ្សាយ​ផ្ទាល់ ដែល​នឹង​អាច​ឲ្យ​​​អ្នកលេង​កីឡា​​គ្រប់​កម្រិត​ទាំងអស់​មក​ប្រមូលផ្ដុំ​​គ្នា​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍ និង​​ប្រកួត នៅ​កីឡដ្ឋាន eSports ចម្រុះ​ទំនើប​ឈាន​មុខ​គេ​បំផុត​​លើ​ពិភពលោក។ eSports គឺ​ជា​ទីផ្សារ​សកល​ដ៏​ធំ ដែល​មាន​ចំនួនអ្នក​ទស្សនា​​ប្រមាណ៣៧០លាននាក់ ​កើន​ឡើង១៧% ក្នុង​មួយ​ឆ្នាំ ហើយ​រំពឹង​ថា នឹង​មាន​​​ចំណូល១ពាន់​លាន​ដុល្លារ។ កាលពី​ការ​ប្រកួត​​វគ្គ​ផ្ដាច់ព្រ័ត្រ​​ នៃ League of Legends World Championship ឆ្នាំ២០១៦ បាន​ទាក់ទាញ​អ្នកទស្សនា៤៣លាន​នាក់ ដែលមានអ្នក​ទស្សនា​​បាន​ឈ្នះ​ប្រាក់​រង្វាន់១លាន​ដុល្លារ។ យោង​តាម​លោក Chris Dite ជា​នាយករង នៃ​ក្រុមហ៊ុន Arup បាន​ឱ្យ​ដឹង​ថា គំនូស​ប្លង់​​​​ស្តាត​ eSport នេះ​​ក៏​នឹង​ផ្ដល់​ឱ្យ​អ្នកលេង និង​អ្នកគាំទ្រ អាច​ទទួល​បាន​ផ្នែក​ខ្លះ​នៃ​ជីវិត ដូចជា​ការ​សិក្សា កន្លែង​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​អាហារូបត្ថម្ភ។ គម្រោង​នេះ​នឹង​ផ្ដល់​នូវ​កន្លែង​មួយ​លើស​​ពី​ការ​រំពឹង​ទុក សម្រាប់​កីឡាករ​អាជីព កីឡាករ​​​​ស្ម័គ្រចិត្ត និង​អ្នកគាំទ្រ នៅ​ក្នុង​បរិយាកាស​​រីករាយ និង​មាន​សុវត្ថិភាព។ លោក Garry Cook ជា​ប្រធាន​ប្រតិបត្តិ នៃ​ក្រុមហ៊ុន Gfinity បាន​មាន​ប្រសាសន៍​ថា "យើង​នឹង​ទាញ​យក​បទពិសោធន៍ ក្នុង​ការ​កាន់កាប់ និង​គ្រប់គ្រង​កីឡាដ្ឋាន eSports ដំបូង​របស់​អឺរ៉ុប​នៅ​ក្នុង​ទីក្រុង​ឡុងដុង ហើយ​ផ្សារភ្ជាប់​ជាមួយ​សហគមន៍​របស់​យើង ដែល​មាន​អ្នកលេង eSports និង​អ្នកគាំទ្រ​រាប់​លាន​នាក់"។ "គំនូស​ប្លង់​​ចុងក្រោយ​នឹង​ត្រូវ​បាន​ជូន​ដំណឹង​​ ក្រោយ​ពី​ការ​បុក​គ្រឹះ​​រួច។ នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ថ្មី​ទៀត ដែល​ឧស្សាហកម្ម eSports មាន​ភាព​រំជើប​រំជួល រីកចម្រើន និង​ពោរពេញ​ដោយ​ឱកាស"។

អត្ថបទដោយ: Dara