ចិន​ជប៉ុន​​សហការ​គ្នា​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាតធំនៅអាស៊ី

ចិន​ជប៉ុន​​សហការ​គ្នា​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាតធំនៅអាស៊ី

យោង​តាម​គេហទំព័រ Global Construction Review មហា​អំណាច​ផ្លូវ​ដែក​ជប៉ុន និង​ចិន កំពុង​ធ្វើ​ដំណើរ​​ឆ្ពោះ​ទៅ​រក​​​​កិច្ច​សហប្រតិបត្តិការ​យូរអង្វែង​មួយ ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​​ក្រៅ​ប្រទេស។ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​ផ្នែក​ការ​ទូត និង​ផល​ប៉ះពាល់​ពី​របាំង​​ពាណិជ្ជកម្ម​របស់​​ក្រុង​វ៉ាស៊ីនតោន ការ​បណ្ដាក់​ទុន​រួមគ្នា​រវាង​ប្រទេស​ទាំងពីរ​ដែល​ផ្ដោត​លើ​ទីផ្សារ​ហេដ្ឋារចនាសម្ព័ន្ធ​​ក្រៅ​ប្រទេស​​នឹង​ត្រូវ​​ពិភាក្សា​គ្នា​នៅ​ពេល​​​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ីនហ្សូ អាបេ ​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង ក្នុង​ខែ​តុលាឆ្នាំ២០១៨នេះ​។ ការ​រំពឹង​ទុក​នៃ​អនុស្សរណៈ​យោគយល់​គ្នា​នេះ គឺ​មាន​គម្រោងពី២០ – ៣០គម្រោង នឹង​ត្រូវចុះហត្ថលេខា នៅ​ក្នុង​ទស្សនកិច្ច​របស់​​​​លោក​អាបេ​ទៅ​​ទីក្រុង​ប៉េកាំង​នេះ ​ដែល​អាច​រួមបញ្ចូល​ទាំង​គម្រោង​ផ្លូវដែកទំហំទឹកប្រាក់៥,៥ពាន់​លាន​ដុល្លារ​របស់​ប្រទេស​ថៃ។ ក្របខ័ណ្ឌ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​វេទិកា​​សាធារណៈ​​ថ្នាក់​ខ្ពស់​មួយ​រវាង​ឯកជន ​និង​រដ្ឋ ដែល​បាន​ធ្វើ​ឡើង​​ក្នុង​ខែ​កញ្ញា​នេះ។ ប្រទេស​ជប៉ុន​មាន​គោលបំណង​បញ្ចៀស​​ការ​ប្រកួត​ប្រជែង​ខ្លាំង​ជាមួយ​ប្រទេស​ចិន​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​ការ​បង្កើត​កិច្ច​​សហ​ប្រតិបត្តិការ និង​ការ​គាំទ្រ​ដល់​គម្រោង​ផ្លូវ​មួយ ខ្សែ​ក្រវាត់​មួយ របស់​ទីក្រុង​ប៉េកាំង។ ប្រទេស​ជប៉ុន និង​ប្រទេស​ចិន ក៏​នឹង​ពិចារណា​លើ​ភាព​ជា​ដៃគូ រវាង​ក្រុមហ៊ុន​របស់​ពួកគេ ​សម្រាប់​ការ​បញ្ជាទិញ​ថាមពល​​ព្រះអាទិត្យ​ពី​បរទេស និង​ការ​​ផ្ដល់​រោងចក្រ​​ថាមពល​អគ្គិសនី​ដល់​បណ្ដា​ប្រទេស​ដទៃ​ទៀត តាមរយៈ​ការ​បណ្ដាក់​ទុន​រួមគ្នា​រវាង​ចិន និង​ជប៉ុន ព្រមទាំង​​​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ការ​ថែទាំ​សុខភាព និង​ការ​​​ផ្ដល់​ហិរញ្ញប្បទាន​ចាប់ផ្ដើម​អាជីវកម្ម។ ប្រទេស​ទាំងពីរ​មាន​ការ​កើតឡើង​​ក្នុង​ការ​ប្រកួត​ប្រជែង​គ្នា ដើម្បី​ផ្ដល់​ហិរញ្ញប្បទាន​ដល់​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាស៊ី ដែល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន២៦ទ្រីលាន (ពាន់​ពាន់លាន) ​ដុល្លារ ចាប់ពីឆ្នាំ២០១៦ ដល់​ឆ្នាំ២០៣០។ របាយការណ៍​របស់​ធនាគារ HSBC នៅ​ឆ្នាំ២០១៦ បាន​រក​ឃើញ​ថា គ្រាន់តែ​​​តំបន់​អាស៊ីអាគ្នេយ៍​​​​ត្រូវ​ចំណាយ​ថវិកា​ចំនួន​២,១ទ្រីលាន​ដុល្លារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ទ្រទ្រង់​កំណើន​ប្រជាជន​ទីក្រុង ហើយ​នៅ​ក្នុង​ឆ្នាំ ២០១៧ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ដាក់​​តម្រូវ​ការ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ចំនួន១,៧ទ្រីលាន​​ដុល្លារ​ក្នុង​ឆ្នាំ ២០១៦ ដល់​ឆ្នាំ២០៣០ ដែល​​ការ​ប៉ាន់ប្រមាណ​​មាន​កំណើន​​លើស​មុន​ពីរ​ដង។

អត្ថបទដោយ: Dara