ថៃ​សង់​ប៉ម​ខ្ពស់​បំផុត​នៅ​អាស៊ីអាគ្នេយ៍

ថៃ​សង់​ប៉ម​ខ្ពស់​បំផុត​នៅ​អាស៊ីអាគ្នេយ៍

យោង​តាម​គេហទំព័រ Skyscraper Center ជាមួយ​នឹង​​​មហិច្ឆតា​ដើម្បី​ក្លាយ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ថ្មី​របស់​អាស៊ាន ប្រទេស​ថៃ​បច្ចុប្បន្ន កំពុងតែ​អភិវឌ្ឍ​អាគារ​មួយ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​​អគារ​ខ្ពស់​​​​ជាងគេ​បំផុត​​​របស់​​​ពិភពលោក។ អគារ Grand Rama 9 Tower ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា The Super Tower បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​​ការ​សាងសង់ ក្នុង​គម្រោង​កម្ពស់៦១៥ម៉ែត្រ និង១២៥ជាន់។ គម្រោង​ថ្មី​មួយ​នេះ​​ត្រូវ​បាន​អភិវឌ្ឍដោយ​ Grand Canal Land Company Limited or "G Land" ដែល​ជា​ក្រុមហ៊ុន អភិវឌ្ឍន៍​អចលនទ្រព្យ​នាំមុខ​គេ​របស់​ថៃ ដែលមានទីតាំងនៅ​ជិត​ផ្លូវ​ប្រសព្វ​ផ្លូវ Rama IX និង Ratchadapisek នៅ​ទីក្រុង​បាងកក។ ការ​សាងសង់​បាន​ចាប់ផ្ដើម​តាំងពី​ឆ្នាំ២០១៧ ហើយ​គ្រោង​នឹង​បើក​ដំណើរ​ការ​ពេញលេញ​នៅ​ឆ្នាំ២០២១។ នៅ​ពេល​បញ្ចប់ ប៉ម The Grand Rama 9 Tower នឹង​ក្លាយ​ជា​អាគារ​ខ្ពស់​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍ និង​ជា​អគារ​ខ្ពស់​បំផុត​លំដាប់​ទី៧​​លើ​ពិភពលោក ដែល​នឹង​បម្រើ​ជា​​កន្លែង​ទាក់ទាញ​លំដាប់​ពិភពលោក​មួយ ​សម្រាប់​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ថ្មី​របស់​អាស៊ាន។ វា​ជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ ដែល​មាន​ផ្ទៃក្រឡាសាងសង់ជាង ៣២០.០០០ម៉ែត្រ​ការ៉េ ដោយ​មាន​តម្លៃ​​ប៉ាន់​ប្រមាណ៦២០លាន​ដុល្លារ ហើយ​នឹង​ផ្ដល់​នូវ​អគារ​ការិយាល័យ សណ្ឋាគារ ចំណត​រថយន្ត ផ្សារ​ទំនើប និង​ភោជនីយដ្ឋាន។ គូស​ប្លង់​ដោយ​ក្រុមហ៊ុន K.C.S. Associates Company Limited អគារ Grand Rama 9 Tower នឹង​ក្លាយ​ជា​គម្រោង​​ដ៏​ធំ​បំផុត​របស់​ទីក្រុង​បាងកក។ ក្រោម​គោលការណ៍​បរិយាកាស​មេត្រី និង​ការ​សន្សំសំចៃ​ថាមពល វា​ត្រូវ​បាន​បង្កើត​ឡើង​ស្របតាម​លក្ខខណ្ឌ នៃ​​​ភាព​ជា​អ្នកដឹកនាំ​ក្នុង​បរិស្ថាន​និង​ថាមពល​បរិស្ថាន​របស់​ក្រុមប្រឹក្សា​សាងសង់​អាមេរិក (LEED) ដែល​មាន​អគារ​ខ្ពស់​តិចតួច​ប៉ុណ្ណោះ​​បាន​ទទួល​វិញ្ញាបនបត្រ​នេះ​ នៅ​ក្នុង​ប្រទេស​ថៃ។ ប៉ម Super Tower នឹង​អាច​បម្រើ​ភ្ញៀវ​ទេសចរ និង​អ្នក​ជំនួញ​ចំនួន​ពី២០០.០០០នាក់ ដល់​៣០០.០០០នាក់​ ជា​រៀងរាល់​ថ្ងៃ។ អគារ​កប់​ពពក​មួយ​នេះ​ត្រូវ​បាន​កំណត់​ជា​ចំណុច​សំខាន់​ថ្មី នៃ​ប្រទេស​ថៃ ​ជា​កន្លែង​​ទាក់ទាញ​លំដាប់​ពិភពលោក​មួយ ដែល​មនុស្ស​គ្រប់គ្នា​ត្រូវតែ​មក​​មើល​​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ជីវិត​របស់​ខ្លួន។

អត្ថបទដោយ: Dara