គម្រោងទី២ របស់ពហុកីឡដ្ឋាន

គម្រោងទី២ របស់ពហុកីឡដ្ឋាន

ពហុកីឡដ្ឋាន មរតកតេជោ គ្រោងនឹងបញ្ចប់គម្រោងទី២ របស់ខ្លួនក្នុងតម្លៃប្រមាណជាង ១០០លានដុល្លារអាមេរិក ដែលស្មើនឹង ១,០០០ ពាន់លានយ័ន ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាលចិន នៅឆ្នាំ២០២២ មុនពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) នៅឆ្នាំ ២០២៣ខាងមុខនេះ។ លោក វ៉ាត ចំរើន ដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ប្រាប់ទូរទស្សន៍ PNN កាលពីពេលថ្មីៗថា នេះគឺជាគម្រោងកីឡដ្ឋានធំ ដែលជានិមិត្តរូបនៃកីឡា SEA Games ឆ្នាំ២០២៣។ គម្រោងទី២នេះ ត្រូវការរយៈ ៤០ខែ ដើម្បីបញ្ចប់ការសាងសង់ ដោយប៉ាន់ប្រមាណថា នឹងអាចប្រើប្រាស់បាននៅឆ្នាំ២០២២។ ពហុកីឡដ្ឋាននេះមានភាពខុសគ្នាច្រើនពីពហុកីឡដ្ឋាននានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រោះតែរចនាបថត្រូវច្នៃឡើងតាមបែបខ្មែរ ដើម្បីបង្កប់នូវការអភិវក្សផ្នែកបរិស្ថាន។ លោកបន្តថា ប្លង់ត្រូវបានរៀបចំរចនាឡើងជាហេដ្ឋារចនាសម្ព័ន្ធកីឡាដែលមានលក្ខណៈបៃតង សួនបៃតង ដែលបានចូលរួមការពារបរិស្ថាន។ ម្យ៉ាងទៀតជុំវិញទីលាននេះ គេបានរចនាឡើងដោយមានគូទឹកព័ទ្ធជុំវិញ ដើម្បីផ្តល់នូវភាពត្រជាក់ បែបធម្មជាតិ ដែលនេះជារចនាបថមួយ តាមរចនាបថរបស់ប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប។ ពហុកីឡដ្ឋាន មរតកតេជោ ពហុកីឡដ្ឋាននេះ រួមមានផ្លូវ និងច្រកចេញចូលធំៗ ព្រមទាំងអាចជម្លៀសមនុស្សទាំងអស់ប្រមាណពី ៥៥,០០០នាក់ ទៅ ៦០,០០០នាក់ ចេញពីទីលានបានក្នុងរយៈពេលរត្រឹមតែ ៧នាទីតែប៉ុណ្ណោះ។ គម្រោងនេះស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ នៃភាគខាងជើងនៃរាជធានីភ្នំពេញ ដែលសាងសង់នៅលើផ្ទៃដីចំនួន ៨៥ហិកតា ដែលនឹងមានកន្លែងស្នាក់នៅសម្រាប់កីឡាករ ទីលានបាល់ទាត់ ទីលានអត្តពលកម្ម សាលបាល់បោះ សាលបាល់ទះ សាលហាត់សាច់ដុំ មណ្ឌលកីឡាហែលទឹក កន្លែងបាញ់កាំភ្លើង និងបាញ់ធ្នូជាដើម។ ពហុកីឡាដ្ឋានលំដាប់អន្តរជាតិនេះ គ្រោងចំណាយទឹកប្រាក់​សាងសង់ប្រមាណ ១៥៧លានដុល្លារអាមេរិក ខណៈបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសាងសង់នៅឡើយ។ សូមបញ្ជាក់ថា ពហុកីឡដ្ឋាននេះបានបញ្ចប់ និងសម្ភោធឱ្យប្រើប្រាស់ផ្លូវការនូវដំណាក់កាលទី១ របស់ខ្លួនកាលពីដើមខែមេសា ឆ្នាំ២០១៧កន្លងទៅនេះ។ ដំណាក់កាលទី១ រួមមាន៖ ទីលានហែលទឹក, តារាងបាល់បោះ, តារាងបាល់ទះ, ទីលានហ្វឹកហាត់ និង អគារស្នាក់នៅរបស់អត្តពលិក។ ក្រៅពីកំពុងសាងសង់ពហុកីឡដ្ឋាន មរតកតេជោនេះ កម្ពុជាក៏កំពុងតែរៀបចំគម្រោងសាងសង់ ពហុកីឡដ្ឋានដែលមានទីតាំងស្ថិតនៅតំបន់ភ្នំដូងព្រះ សង្កាត់អូរអំបិល និងភ្នំខ្លាកូនចាស់ សង្កាត់កំពង់ស្វាយកណ្តាល ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការរៀបចំកម្មវិធីមួយចំនួននៃព្រឹតិ្តការណ៍ស៊ីហ្គេម (SEAGAME) លើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ពហុកីឡដ្ឋានក្នុងក្រុងសិរីសោភ័ណមួយនេះ នឹងសាងសង់លើផ្ទៃដីទំហំជាង ៥,៥ហិកតា និងជំហានបន្ទាប់នឹងឈានដល់ ១៣ហិកតា ហើយនឹងបន្តរហូតដល់ជាង២០ហិកតា។ ដែលការសាងសង់ពហុកីឡដ្ឋានមួយនេះនៅជំហានដំបូង នឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៥លានដុល្លារអាមេរិក៕ (រូបតំណាង)

អត្ថបទដោយ: Sreyluch