ហេតុអ្វី លោក គឹម ហ៊ាង នាំ Keller Williams មកកម្ពុជា?

ហេតុអ្វី លោក គឹម ហ៊ាង នាំ Keller Williams មកកម្ពុជា?

ខណៈក្រុមហ៊ុនអចលនទ្រព្យទាំងតូចនិងធំ ក្នុងប្រទេសកម្ពុជាកំពុងតែមានការកើនឡើង លោកបណ្ឌិត គឹម ហ៊ាង ដែលជាប្រធានសមាគមន៍អ្នកវាយតម្លៃ និង ភ្នាក់ងារអចលទ្រព្យកម្ពុជា (CVEA) បាននាំយកក្រុមហ៊ុន Keller Williams ដែលជាក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកមួយចូលមកក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។ តើកត្តាអ្វីដែលជម្រុញឱ្យលោកសម្រេចចិត្តបែបនេះ? ដោយមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ ដីធ្លី លោកបណ្ឌិត គឹម ហ៊ាង ដែលជាស្ថាបនឹកក្រុមហ៊ុនអចលនទ្រព្យ Khmer Real Estate បានសង្កេតពីការវិវឌ្ឍនៃវិស័យអចលនទ្រព្យក្នុងតំបន់អាស៊ី ទាំងរបៀបរកស៊ីដីធ្លី ថាតើគេរីកចម្រើនបានដោយសារអ្វី? តើក្រុមហ៊ុនដែលគេរីកចម្រើនត្រូវទាមទារអ្វីខ្លះ? លោកបានថ្លែងក្នុងកម្មវិធី ​"កិច្ចសម្ភាសន៍ពិសេសស្តីពីវិស័យសំណង់ និង អចលនទ្រព្យ” របស់គេហទំព័រ KHB Media ថា លោកបានចំណាយពេលសិក្សាជាមួយនឹងក្រុមហ៊ុន Keller William Realty នេះអស់រយៈពេល ៣ឆ្នាំ ដើម្បីនាំក្រុមហ៊ុននេះចូលមកក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។ លោកបន្តថា ដោយសិក្សាពីប្រទេសជាច្រើនក្នុងអាស៊ាន ប្រៀបនឹងការរកស៊ីរបស់ខ្លួនឯង ប្រសិនបើមិនមានការអភិវឌ្ឍទេ ក្រុមហ៊ុនដែលលោកបង្កើតឡើង នឹងត្រូវក្លាយជាក្រុមហ៊ុនមួយដែលក្រិន ដូចនេះដើម្បីឱ្យក្រុមហ៊ុនកាន់តែរីកចម្រើនទៅមុខទៀត ព្រមទាំងជាក្រុមហ៊ុនដែលមានភាពប្រកួតប្រជែងនោះ លោកត្រូវតែយកក្រុមហ៊ុនលំដាប់ពិភពលោកមករកស៊ីជាមួយ។ លោកថ្លែងបន្តថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយដែលលោកបានធ្វើដំណើរទៅសហរដ្ឋអាមេរិក លោកបានធ្វើការសិក្សាជាមួយក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកចំនួន ៧-៨ក្រុមហ៊ុន ដែលមានទាំងចំណុចខ្លាំង និង ចំណុចខ្សោយរបស់ក្រុមហ៊ុននីមួយៗ ហើយលោកបានប្រៀប​ធៀបថា តើក្រុមហ៊ុនមួយណាដែលអាចត្រូវជាមួយទីផ្សារស្រុកខ្មែរបាន? លោកថ្លែងថា៖​ «ក្រោយចំណាយពេល ៣ឆ្នាំហ្នឹង ខ្ញុំបានសម្រេចចិត្តស៊ីញ៉េយកក្រុមហ៊ុន Keller William មក ហើយមូលហេតុដែលខ្ញុំយកមក គឺក្រុមហ៊ុនហ្នឹង មានអ្វីជាច្រើន ដែលស្របជាមួយទីផ្សារស្រុកខ្មែរយើង។ ទីផ្សារខ្មែរយើង គឺជាទីផ្សារមួយដែលអត់ទាន់មានសាលាដីធ្លីមួយផ្លូវការទេ មនុស្សគឺធ្វើតាមគ្នា។ ទី២ ហ្នឹងគឺអាជ្ញាបណ្ណនៅមានកម្រិត។ អាជ្ញាបណ្ណភាគច្រើនទៅក្រុមហ៊ុន អាជ្ញាបណ្ណជាបុគ្គលអត់សូវមានទេ។ មានន័យថា នរណាៗក៏អាចក្លាយជាឈ្មួញកណ្តាលបានដែរ។ ទី៣ គឺប្រទេសកម្ពុជាយើង គឺជាប្រទេសមួយដែលមានប្រជាជនវ័យក្មេង ភាគច្រើនគឺយើងមានប្រជាជន ៧០% ដែលវ័យក្មេងក្រោម ៤០ ឆ្នាំ។ ហើយភាគច្រើនប្រជាជនយើងវ័យក្មេងហើយ គេហៅថា Aggressive គឺមានលក្ខណៈ និយាយទៅគឺចង់ធ្វើអ្វីដែលខ្លាំងហើយលឿនហ្មង»។ លោកបន្ថែមទៀតថា៖ «សព្វថ្ងៃនេះ ខ្ញុំអាចបញ្ជាក់ថា នៅក្រុមហ៊ុនដីធ្លីពិភពលោកហ្នឹង Keller William គឺលេខ១ ហើយ។ លេខ១ គឺមានន័យថា បើគិតពីចំនួនបុគ្គលិកនៅលើពិភពលោកគឺច្រើនជាងគេហើយទាក់ទងរកដីធ្លី។ ទី២ បើយើងនិយាយពីលុយចំណូលដែលរកបានហ្នឹងក៏លេខ១ ដែរ។ នៅលើពិភពលោកហ្នឹងក្រុមហ៊ុនដីធ្លីដែលរកលុយបានច្រើនជាងគេគឺ Keller William ហ្នឹងហើយ គ្រាន់តែឆ្នាំ២០១៧ហ្នឹង ចំណេញបាន ១ពាន់លានជាង»។ លោកបន្តថា៖ «រកស៊ីជាមួយអាមេរិក គឺមិនមែនយកលុយទៅទិញទេ គឺយកមនុស្សទៅទិញ យកចំណេះដឹងទៅទិញ យកបទពិសោធន៍ទៅទិញ។ ចឹងយើងបានជួបចចារជាមួយគេច្រើនដងទៅ គឺលក្ខខណ្ឌដែលគេតម្រូវឱ្យយើងហ្នឹងវាពិបាកដែរ...»។ ចុងក្រោយ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ លោកបានចុះកុងត្រាយក Master Franchise ក្រុមហ៊ុននេះ ចូលមកក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល ២០ឆ្នាំ ហើយក៏មានជម្រើសអាចបន្តកុងត្រាទៅ ២០ឆ្នាំខាងមុខទៀត។ បើតាមតិរបស់លោក ការនាំយកក្រុមហ៊ុននេះមកកាន់ទីផ្សារកម្ពុជាគឺបាននាំផលចំនេញចូលក្នុងប្រទេសរួមមាន៖ ទី១ បង្ហាញឱ្យគេឃើញថា អាមេរិកបានចូលមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ។ ទី២ នេះជាផលចំណេញមួយសម្រាប់រដ្ឋាភិបាល ព្រោះក្រុមហ៊ុនអាមេរិកតែងតែគោរពតាមច្បាប់ ហើយការរកស៊ីតែងតែបង់ពន្ធជូនរដ្ឋ អញ្ចឹងគេមករកស៊ីនៅស្រុកខ្មែរគេត្រូវបង់ពន្ធស្របតាមច្បាប់ ១០០%។ ដូច្នេះប្រទេសយើងអាចនឹងរីកចម្រើនបានច្រើន នៅពេលដែលក្រុមហ៊ុនជាច្រើនគោរពច្បាប់។ ទី៣ ផ្តល់ផលចំណេញទៅដល់ឧស្សាហកម្មមួយផ្នែកទៀត គឺការបង្រៀន ដែលមានដូចជា របៀបធ្វើការ របៀបលក់ របៀបជជែក របៀបធ្វើឯកសារ ជាដើម។ នេះបើតាមការបញ្ជាក់របស់លោក គឹម ហ៊ាង។ សូមរំឭកថា កម្ពុជាគឺជាប្រទេសទី៤ ហើយនៅក្នុងតំបន់អាស៊ាន ដែលបាននាំក្រុមហ៊ុនអចលនទ្រព្យ Keller Williams Realty បន្ទាប់ពីប្រទេស​វៀតណាម ឥណ្ឌូណេស៊ី និង ភីលីពីន។ សាខាដំបូងគេរបស់ក្រុមហ៊ុននេះគឺ ក្រុមហ៊ុនអចលនទ្រព្យ Khmer Real Estate ដែលនឹងត្រូវប្តូរឈ្មោះទៅជា Keller William Khmer Real Estate វិញម្តងដែលមានទីតាំងនៅទួលគោក ហើយសាខាចំនួន ៥ទៀត មាននៅក្នុងខណ្ឌចំការមន ខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ និង ខណ្ឌមានជ័យ ដែលក្នុងមួយទីតាំងមានភ្នាក់ងារពី ៣០ ទៅ ៧០នាក់៕

អត្ថបទដោយ: Sreyluch