ខេត្តព្រះសីហនុនឹងមានផ្សារទំនើបដំបូងបង្អស់តម្លៃជិត ១០លានដុល្លារ

ខេត្តព្រះសីហនុនឹងមានផ្សារទំនើបដំបូងបង្អស់តម្លៃជិត ១០លានដុល្លារ

បច្ចុប្បន្ន សម្ទុះនៃការវិនិយោគនៅកម្ពុជាកំពុងតែមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាក់ស្តែងខេត្តព្រះសីហនុ ដែលជាតំបន់ឆ្នេរទេសចរណ៍ដ៏លេចធ្លោររបស់កម្ពុជា ទទួលការវិនិយោគសណ្ឋាគារ អគារខុនដូរ អគារពាណិជ្ជកម្មកើនឡើងយ៉ាងគំហុក។ មិនតែប៉ុណ្ណោះ គម្រោងផ្សារទំនើបតម្លៃជិត ១០លានដុល្លារអាមេរិក ក៏បានសំដៅទៅសាងសង់នៅខេត្តនេះផងដែរ។ គម្រោងផ្សារទំនើប Furi Times Square ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង ក្លាយជាផ្សារទំនើបធំដំបូងបង្អស់ក្នុងខេត្តព្រះសីហនុ ស្របពេលដែលខេត្តនេះកំពុងស្រូបទាញវិនិយោគិនទាំងក្នុង និង ក្រៅស្រុក ឱ្យចូលមកបណ្តាក់ទុនជាបន្តបន្ទាប់។ ចក្ខុវិស័យនេះ ត្រូវបានគាំទ្រឡើងដោយការរចនាបញ្ចូលគ្នារវាងប្រពៃណី និងភាពទាន់សម័យ ដែលនឹងនាំកម្ពុជាឱ្យក្លាយជា "គុជអាស៊ី"។ តាមរយៈគេហទំព័រ propertyarea.asia បានបញ្ជាក់ឱ្យដឹងថា ផ្សារទំនើបនេះបានបើកសម្ភោធគម្រោងរបស់ខ្លួនកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ ហើយគ្រោងនឹងបើកដំណើរការនាពាក់កណ្តាលឆ្នាំ ២០១៩ខាងមុខនេះ។ គម្រោងទាំងមូលគ្រោងចំណាយទុនប្រមាណជិត ១០លានដុល្លារអាមេរិក លើផ្ទៃដីទំហំ ១ហិកតា ដែលនឹងមាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងលក់សម្លៀកបំពាក់បែបទាន់សម័យ គ្រឿងសម្អាងម៉ាកល្បីៗ ហាងលក់សម្លៀកបំពាក់កីឡា សម្ភារៈអេឡិចត្រូនិច ហាងលក់ឧបករណ៍ក្មេងលេង ស្កាយបារ រោងភាពយន្ត និងមានច្រើនទៀត។ យោងតាមគេហទំព័ររបស់គម្រោងនេះផ្ទាល់ ផ្សារទាំងមូលមានផ្ទៃក្រឡាប្រហែល ២,០០០ម៉ែត្រការ៉េ ដែលក្នុងនោះមាន៖

  • ជាន់ផ្ទាល់ដី គឺជាផ្សារទំនើប ហាងកាហ្វេ និងអាហារ Fast Food
  • ​ជាន់ទី១ មានហាងលក់ទំនិញ និងសម្លៀកបំពាក់
  • ជាន់ទី២ ជាអាហាដ្ឋាន
  • ជាន់ទី៣ ជាកន្លែងកម្សាន្ត
  • ជាន់ទី៤ មាន Sky Bar។

គម្រោងផ្សារទំនើបនេះ មានទីតាំងស្ថិតនៅភូមិទី១ សង្កាត់៣ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ ត្រង់ចំណុចបេះដូងនៃក្រុងនេះ ដែលមាន ៤១៧​សណ្ឋាគារ ៨០កាស៊ីណូ ខុនដូរ ៥,៧០០យូនីត នៅឆ្នាំ២០២០ខាងមុខ រួមទាំងសាកលវិទ្យាល័យចំនួន ៧កន្លែងទៀត។ សូមបញ្ជាក់ថា ខេត្តព្រះសីហនុក៏មានគម្រោងធំៗមួយចំនួនផ្សេងទៀតដូចជា គម្រោង D'seaview គម្រោង Blue Bay គម្រោង Royal Bayview គម្រោង The Seagate Suite។ ខេត្តនេះមានគម្រោងយក្សធំជាងគេ ឈ្មោះ វីសនី រីសត ស៊ីធី (Wisney Resort City) តម្លៃជាង ១ពាន់លានដុល្លារ លើដីជាប់មាត់សមុទ្រទំហំប្រមាណ ៦៥ហិកតា ដែលនេះជាការវិនិយោគរួមរវាងក្រុមហ៊ុន AMC International ជាក្រុមហ៊ុនចិន និងក្រុមហ៊ុន SV International របស់ម៉ាឡេស៊ី។ គម្រោងនេះនឹងនាំមកនូវ សួនកម្សាន្តទឹក សួនច្បារ ឧទ្យានលំហែរកាយ​​ ឧទ្យានវប្បធម៌ ព្រះវិហារ ផ្សារទំនើប សណ្ឋាគារ និងកាស៊ីណូ ជាដើម។ បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុមានរោងចក្រ សហគ្រាសសរុបជាង ១១០ កន្លែង និងមានទុនវិនិយោគ ៣១០ លានដុល្លារអាមេរិក ព្រមទាំងបានផ្តល់ការងារដល់ប្រជាពលរដ្ឋជាង ១៦,០០០ នាក់។ ចំនែកឯតម្លៃដីធ្លីនៅខេត្តនេះ ក៏មានការកើនឡើងយ៉ាងគំហុកដែរ។ តួរយ៉ាងដូចជាតំបន់អូរត្រេះ ពីមុនមានតម្លៃ ៤០០ ដុល្លារ បានកើនដល់ ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដីធ្លីនៅជាប់មាត់សមុទ្រពីមុនតម្លៃ ៨០០ ដុល្លារ បានកើនដល់ ១២០០ ទៅ ១៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អត្ថបទដោយ: Sreyluch