បន្ទាយមានជ័យនឹងមានកីឡាដ្ឋានតម្លៃ ៥លានដុល្លារ សម្រាប់ទទួលស៊ីហ្គេម 2023

បន្ទាយមានជ័យនឹងមានកីឡាដ្ឋានតម្លៃ ៥លានដុល្លារ សម្រាប់ទទួលស៊ីហ្គេម 2023
ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡានៅកម្ពុជា កីឡាដ្ឋានដែលបានទុកចោលនៅតាមបណ្តាខេត្តមួយចំនួន កំពុងត្រូវបានរៀបចំកែលម្អរឡើងវិញជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះដែរ អាជ្ញារធរខេត្តបន្ទាយមានជ័យកំពុងរៀបចំគម្រោងសាងសង់ ពហុកីឡដ្ឋានដែលមានទីតាំងស្ថិតនៅតំបន់ភ្នំដូងព្រះ សង្កាត់អូរអំបិល និងភ្នំខ្លាកូនចាស់ សង្កាត់កំពង់ស្វាយកណ្តាល ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ ពហុកីឡដ្ឋានក្នុងក្រុងសិរីសោភ័ណមួយនេះ នឹងសាងសង់លើផ្ទៃដីទំហំជាង ៥,៥ហិកតា និងជំហានបន្ទាប់នឹងឈានដល់ ១៣ហិកតា ហើយនឹងបន្តរហូតដល់ជាង២០ហិកតា។ ដែលការសាងសង់ពហុកីឡដ្ឋានមួយនេះនៅជំហានដំបូង នឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៥លានដុល្លារអាមេរិក។ សូមបញ្ជាក់ផងដែរថា មកទល់នឹងពេលបច្ចុប្បន្ននេះ អាជ្ញាធរខេត្តបន្ទាយមានជ័យបានដោះស្រាយផលប៉ះពាល់ រួមទាំងការបើកផ្លូវចំនួន ៣ខ្សែ ក្នុងតំបន់គម្រោងពហុកីឡដ្ឋាន ដែលផ្លូវនីមួយៗមានប្រវែងទទឹង២០ម៉ែត្រ។ យ៉ាងណាមិញទាក់ទងទៅនឹងរយៈពេលនៃការសាងសង់ក៏ដូចជាកាលបរិច្ចេទនៃការបញ្ចប់ការសាងសង់គឺនៅមិនទាន់ដឹងនៅឡើយទេ។ ទោះជាយ៉ាងនេះក្តីពហុកីឡដ្ឋានមួយនេះអាចនឹងបើកដំណើរការនៅឆ្នាំ២០២៣ ដោយហេតុថា គោលដៅសំខាន់មួយទៀតនៃការសាងសង់ពហុកីឡាដ្ឋាននេះ គឺដើម្បីជួយសម្រួលដល់ការរៀបចំកម្មវិធីមួយចំនួននៃព្រឹតិ្តការណ៍ស៊ីហ្គេម (SEAGAME) លើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ បច្ចុប្បន្នកម្ពុជាមានពហុកីឡាដ្ឋានធំៗចំនួន២។ ពហុកីឡាដ្ឋាន អូឡាំពិក ដែលជាស្នាដៃរចនាប្លង់ដោយស្ថាបត្យករដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា លោក វណ្ណ មូលីវណ្ណ។ ស្តាតអូឡាំពិកសាងសង់ឡើងនៅឆ្នាំ ១៩៦៤ ដែលមានទីលានបាល់ទាត់អាចផ្ទុកមនុស្សបានចំនួន ៥ម៉ឺននាក់ និងមានសាលដែលអាចផ្ទុកទស្សនិកជនបានចំនួន ៨ពាន់នាក់នៅខាងក្នុង។ រួមជាមួយទីលានកីឡាផ្សេងៗទៀតដូចជា៖ បាល់ទះ បាល់បោះ ទីលានវាយតេននីស និង អាងប្រណាំងហែលទឹក ជាដើម។ កម្ពុជាកំពុងស្ថាបនាពហុកីឡាដ្ឋាន មរតកតេជោ ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌព្រែកភ្នៅ នៅលើផ្ទៃដីចំនួន ៨៥ហិកតា ដែលនឹងមានកន្លែងស្នាក់នៅសម្រាប់កីឡាករ ទីលានបាល់ទាត់ ទីលានអត្តពលកម្ម សាលបាល់បោះ សាលបាល់ទះ សាលហាត់សាច់ដុំ មណ្ឌលកីឡាហែលទឹក កន្លែងបាញ់កាំភ្លើង និងបាញ់ធ្នូជាដើម។ កំពុងស្ថិតក្នុងដំណាក់កាលសាងសង់នៅឡើយ ពហុកីឡាដ្ឋានលំដាប់អន្តរជាតិនេះ គ្រោងចំណាយទឹកប្រាក់សាងសង់ប្រមាណ ១៥៧លានដុល្លារអាមេរិក  ដែលជាជំនួយ​ឥតសំណងរបស់រដ្ឋាភិបាលចិន។ ពហុកីឡាដ្ឋាន មរតកតេជោនេះ នឹងត្រូវប្រើប្រាស់ជាចំបងសម្រាប់កម្មវិធីប្រកួតកីឡាប្រចាំតំបន់អាស៊ាន SEA GAME 2023 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕
អត្ថបទដោយ: Medikan