ស្វែងយល់អំពីការគ្រប់គ្រងការដ្ឋានសំណង់ដែលអនុលោមតាមច្បាប់

ស្វែងយល់អំពីការគ្រប់គ្រងការដ្ឋានសំណង់ដែលអនុលោមតាមច្បាប់
ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យសំណង់ប្រកបដោយចីរភាព ទាមទារឲ្យក្រុមហ៊ុនសាងសង់ ក៏ដូចជាម្ចាស់ការដ្ឋានសំណង់គិតគូរអំពីសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ និង សុវត្ថិភាពក្នុងការដ្ឋានសំណង់ តាមរយៈការគ្រប់គ្រងការដ្ឋានសាងសង់ដែលអនុលោមតាមច្បាប់ជាធរមាន។ ផ្អែកតាមប្រកាសលេខ ៣២ របស់ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ចុះថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០០១ ការគ្រប់គ្រងការដ្ឋានសំណង់ដែលអនុលោមតាមច្បាប់ត្រូវអនុវត្តដូចខាងក្រោម៖ 1. ការដា្ឋននីមួយៗ អាចដំណើរការបានលុះត្រាតែមានលិខិតអនុញ្ញាតបើកការដ្ឋាន ដែលលិខិតអនុញ្ញាតបើកការដ្ឋាននេះ ត្រូវស្នើសុំក្នុងរយៈពេលមួយខែយ៉ាងយូរបន្ទាប់ពីទទួលបានលិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ឬ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តក្រុង។ 2. ការដ្ឋានសំណង់នីមួយៗត្រូវៈ • តម្កល់ជាប្រចាំ លិខិតបើកការដ្ឋាន គំនូរប្លង់តាមមុខជំនាញការងារសំណង់ ផែនការអនុវត្តការងារ ក្នុងដំណាក់កាលនីមួយៗនៃការសាងសង់ និង ឯកសារពាក់ព័ន្ធ ទុកសម្រាប់ភ្នាក់ងារសំណង់តាម ដានពិនិត្យ • មានអ្នកបច្ចេកទេសសំណង់សម្រាប់ទទួលខុសត្រូវក្នុងការងារសាងសង់ ហើយមានកាតព្វកិច្ច ឆ្លើយបំភ្លឺផ្តល់ព័ត៌មានជូនដល់ភ្នាក់ងារមានសមត្ថកិច្ចត្រួតពិនិត្យ • ដាក់ផ្ទាំងគំនូរសំណង់ ដែលមានឈ្មោះសំណង់ នៃអគារត្រូវសាងសង់ ក្រុមហ៊ុនសំណង់ ម្ចាស់សំណង់ ស្ថាបត្យករ វិស្វករ ផ្ទៃក្រឡាសំណង់ លេខទូរស័ព្ទទាក់ទង និងកន្លែងការដ្ឋានតាំងនៅ • មានភ្លើងដើម្បីបំភ្លឺ និង ត្រូវមានប្រដាប់សម្រាប់ពន្លត់អគ្គីភ័យជាប្រចាំ • បន្ថយការរំខានដោយស្នូរសំឡេង ផ្សែង ធូលី និង ផលប៉ះពាល់ដទៃទៀត ឲ្យស្ថិតនៅក្នុងកម្រិត និង ពេលវេលាមួយដែលអ្នករស់នៅជុំវិញការដ្ឋានអាចទទួលបាន 3. ការដ្ឋាននីមួយៗ ត្រូវហ៊ុមព័ទ្ធដោយរបងមានកម្ពស់ ២ ម៉ែត្រយ៉ាងទាបបំផុត ហើយមិនអនុញ្ញាតឲ្យធ្វើលើចិញ្ចើមថ្នល់។ ក្នុងករណីទីតាំងការដ្ឋានចង្អៀត ការធ្វើរបងបិទបាំងបណ្តោះអាសន្នលើចិញ្ចើមថ្នល់ សាធារណៈ ត្រូវរក្សាឲ្យមានចន្លោះផ្លូវដើរលើចិញ្ចើមថ្នល់ និង ធ្វើរបាំងការពារតាមទំហំដែលអនុញ្ញាត ឬ កំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច។ ចំពោះសំណង់ដែលមានកម្ពស់ចាប់ពី ៥ ម៉ែត្រឡើងទៅ ត្រូវហ៊ុមព័ទ្ធដោយក្រណាត់កៅស៊ូ ឬសំណាញ់សុវត្ថិភាព 4. ការដ្ឋានត្រូវមានសណ្តាប់ធ្នាប់ និង អនាម័យ ជាប្រចាំ តាំងពីពេលចាប់ផ្តើមដំណើរការរហូតដល់ពេលបញ្ចប់ការដ្ឋាន។ ម្ចាស់សំណង់ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំសណ្តាប់ធ្នាប់ និង អនាម័យដែលបណ្តាលមកពីការទុកដាក់សម្ភារៈ ឬ កាកសំណល់ដែលប៉ះពាល់ផ្លូវសាធារណៈ ឬ ហូរធ្លាក់ចូលក្នុងអាង ត្រួតពិនិត្យនៃបណ្តាលូ និង ប្រឡាយទឹក។ 5. ការិយាល័យការងារ ឃ្លាំងផ្ទុកសម្ភារៈ ជម្រកកម្មករ គ្រឿងចក្រ និង សកម្មភាពសាងសង់ត្រូវរៀបចំ និង ប្រព្រឹត្តទៅនៅក្នុងរបងហ៊ុនព័ទ្ធនៃការដ្ឋាន ឬ ការដ្ឋានរណប ឬ ទីកន្លែងដែលធានាបានសណ្តាប់ធ្នាប់ និង សន្តិសុខសាធារណៈ 6. ចំពោះសំណង់ដែលត្រូវប្រើគ្រឿចក្របរិក្ខារលើកស្ទូច ហើយអាចធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរលើផ្លូវ សាធារណៈ ម្ចាស់សំណង់ត្រូវៈ • សុំការអនុញ្ញាតពីអាជ្ញាធរដែនដី ដើម្បីបិទផ្លូវសម្រាប់ការដំឡើងគ្រឿងចក្រផ្គុំសំណង់ ហើយធ្វើផ្លូវ វាងជាបណ្តោះអាសន្ន • បំពាក់ភ្លើងសញ្ញាសម្គាល់ លើផ្លូវដែលបិទ ដើម្បីសុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈនៅពេលយប់ 7. ក្នុងករណីការសាងសង់មានបុកសសរគ្រឹះ ម្ចាស់សំណង់ និង អ្នកម៉ៅការសាងសង់ត្រូវៈ • មានកាតព្វកិច្ចអនុញ្ញាតឲ្យមន្រ្តីបច្ចេកទេស ដែលមានសមត្ថកិច្ចចូលពិនិត្យក្នុងការដ្ឋាន • ជៀសវាងការប៉ះពាល់ដល់គ្រឿងផ្គុំផ្នែកក្រោមដី • ធានាសុវត្ថិភាពអគារដែលស្ថិតនៅជុំវិញបរិវេណការដ្ឋាន • រៀបចំសណ្តាប់ធ្នាប់ការងារឲ្យបានសមស្រប តាមលក្ខណៈបច្ចេកទេស។ 8. ម្ចាស់សំណង់ និង អ្នកម៉ៅការសាងសង់ត្រូវបំពាក់ប្រដាប់ការពារសុវត្ថិភាព មានមួកសុវត្ថិភាព ស្រោមដៃ ស្បែកជើង ខ្សែក្រវាត់សុវត្ថិភាពសម្រាប់ឈរនៅទីខ្ពស់ និង ឧបករណ៍ការពារដទៃទៀតដល់បុគ្គលិកកម្មករ ជាប្រចាំក្នុងការដ្ឋាន។ 9. ម្ចាស់សំណង់ និង អ្នកម៉ៅការសាងសង់ ត្រូវគោរពច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។
អត្ថបទដោយ: Vutha