ផ្លូវជាតិលេខ១ នឹងក្លាយជាតំបន់លំនៅឋានសម្រាប់ចំណូលខ្ពស់ដែរឬទេ?

ផ្លូវជាតិលេខ១ នឹងក្លាយជាតំបន់លំនៅឋានសម្រាប់ចំណូលខ្ពស់ដែរឬទេ?
ភាពលេចធ្លោលើការអភិវឌ្ឍវិស័យអចលទ្រព្យនៅតាមបណ្តោយផ្លូវជាតិលេខ១ ដ៏សំខាន់មួយនេះរាប់ពីចំណុចស្ពានព្រះមុនីវង្ស រហូតដល់តំបន់ក្តីតាកុយ ហើយពីតំបន់ក្តីតាកុយទៅដល់ស្ពានអ្នកលឿង​​ក៏មានរោងចក្រឧស្សាហកម្ម រួមទាំងកំពង់ផែស្វយ័តភ្នំពេញនៅតាមបណ្តោយផ្លូវជាតិនេះផងដែរ។ ក្រោយ​ដាក់ដំណើរការកាលពីថ្ងៃទី ១៣​ ខែមីនាឆ្នាំ២០១៨ ​នៃកំណាត់ផ្លូវជាតិលេខ​១ ពីច្បារអំពៅ-ក្តីតាកុយ គម្រោងអភិវឌ្ឍន៍លំនៅឋានមួយ ​ដែលមានតម្លៃរហូតដល់ខ្ទង់លានដុល្លារក្នុងមួយយូនីត ត្រូវបានប្រកាសអភិវឌ្ឍក្នុងតំបន់នេះ។ តួយ៉ាង គម្រោង​អភិវឌ្ឍន៍ដែលមានឈ្មោះថា The Palm ជាប្រភេទផ្ទះវីឡាប្រណិត ដោយមានការវិនិយោគរួមគ្នា (Joint venture) រវាងក្រុមហ៊ុនក្នុងស្រុក​ WorldBridge Group របស់លោកឧកញ៉ា សៀ ឬទ្ធី និងក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី Oxley Holdings Limited។​ គម្រោងនេះបោះទុនវិនិយោគសរុប ១១០លានដុល្លារអាមេរិក​ នៅលើផ្ទៃដី ៣,៧​ហិចតា ស្ថិត​ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ហើយចាប់ផ្តើមសាងសង់នៅត្រីមាសទី៣ ក្នុងឆ្នាំ២០១៨នេះ​ ដោយមានតម្លៃដចាប់ពី ៣៥០.០០០ដុល្លារឡើងទៅក្នុងមួយយូនីត។ គម្រោងអភិវឌ្ឍន៍ផ្ទះវីឡាប្រណិត​មួយទៀតស្ថិតនៅក្នុងសង្កាត់ព្រែកឯក ខណ្ឌច្បារអំពៅ មានឈ្មោះថា Mekong Harmony ដែលវិនិយោគលើផ្ទៃដី ៧.០០០​​​ ម៉ែត្រការ៉េ ដោយមានទុនវិនិយោគប្រមាណ ៧,៥​ លានដុល្លារអាមេរិក។ គម្រោងនេះមានការរចនាម៉ូតផ្ទះតាមរចនាបថបារាំង និងអ៊ីតាលី ដោយមានតម្លៃចាប់ពី ២០៦.០០០ ទៅ ៩៩៩.០០០​ ដុល្លារអាមេរិកក្នុងមួយូនីត​។ គម្រោងបុរីប៉េងហួត នៅតាមបណ្តោយផ្លូវជាតិលេខ១។ លោក សន សៀប​ អគ្គនាយក្រុមហ៊ុន Key Real Estate ទទួលស្គាល់ថា តំបន់នៅតាមបណ្តោយផ្លូវជាតិលេខ១ អាចនឹងស្រូបទាញ​គម្រោងវិនិយោគលំនៅឋានសម្រាប់អ្នកចំណូលខ្ពស់បន្ថែមទៀ​ត ប៉ុន្តែ​លោករំពឺងថានាពេលអនាគត តំបន់ជ្រោយ​ចង្វារឯណោះទេ ដែលអាចនឹងក្លាយជាតំបន់ប្រមូលផ្តុំដោយការអភិវឌ្ឍលំនៅឋានសម្រាប៉់អ្នកចំណូលខ្ពស់។ លោកសន​ សៀប បានពន្យល់ថា៖ “បើក្រឡេកមើល (តំបន់) ផ្លូវជាតិលេខ១ ត្រូវមានការអភិវឌ្ឍបន្តទៅមុខទៀត ទើបអាចទាក់ទាញលំនៅឋានប្រភេទសម្រាប់អ្នកមានចំណូលខ្ពស់ (High Class)បាន ពោលគឺខុសប្លែកជាមួយនឹងតំបន់អភិវឌ្ឍជ្រោយចង្វារ (តំបន់អភិវឌ្ឍទីក្រុងរណបរបស់ក្រុមហ៊ុន OCIC)  ដោយមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរួចរាល់ រួមទាំងប្រព័ន្ធទឹក ភ្លើង ដោយរង់ចាំតែគម្រោងចាប់ផ្តើមតែប៉ុណ្ណោះ”។ នាយកផ្នែកស្រាវជា្រវនៃក្រុមហ៊ុន Vtrust Appraisal លោក ហ៊ឹម សីហា បានថ្លែងឲ្យដឹងថា​ ការអភិវឌ្ឍលំនៅឋានសម្រាប់អ្នកចំណូលខ្ពស់នេះ ពិបាកនឹងមានការកំណត់ ដោយសារតែលំនៅឋានប្រភេទនេះមាននៅតាមតំបន់ជាច្រើនក្នុងរាជធានីភ្នំពេញ ដូចជា៖ ខណ្ឌឬស្សីកែវ​ តំបន់ទីក្រុងរណប Camko City តំបន់បឹងកេងកង និងតាមបណ្តោយ​ផ្លូវជាតិលេខ ៦អា នៃ​ខណ្ឌជ្រោយ​ចង្វារដូចជាគម្រោង​ បុរីប៉េង ហួត និងបុរី អ័រគីដេ វីឡា ជាដើម ដែលប្រភេទផ្ទះខ្លះនៅក្នុងគម្រោងទាំងនេះអាចកើនឡើងដល់​ខ្ទង់លានដុល្លារក្នុងមួយយូនីត។​ គម្រោងអភិវឌ្ឍន៍ Mekong Hamony។ យ៉ាងណាមិញ បើតាមរបាយការណ៍វាយតម្លៃដីធ្លី គិតត្រឹមឆមាសទី១ឆ្នាំនេះ របស់ក្រុមហ៊ុន Key Real Estate បានបង្ហាញថា ខណ្ឌច្បារអំពៅដែលមានដូចជា៖​ សង្កាត់និរោធ តម្លៃដីមានចាប់ពី ៣៥០ ទៅ ១៥០០ ដុល្លារអាមេរិក សង្កាត់ វាលស្បូវមានចាប់ពី ៥០ទៅ ១៥០០ ដុល្លារអាមេរិក និងសង្កាត់ព្រែកប្រាជាដើម មានចាប់ពី ១០០ ទៅ ១.០០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រាការ៉េ។ តម្លៃនៃហាងឆេងទាំងនេះគឺអាស្រ័យលើទីតាំងដីដែលឋិតនៅជាប់ផ្លូវធំ និងផ្លូវតូច។  ​ ក្រៅពីគម្រោង The Palm  និង​ គម្រោង Mekong Harmony ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ នេះ ក៏មានផងដែរនូវគម្រោងអភិវឌ្ឍរបស់បុរីប៉េង (គម្រោងទី១ និងគម្រោងទី២) ស្ថិតក្នុងតំបន់បឹងស្នោរ សង្កាត់វាលស្បូវ នៃខណ្ឌច្បារអំពៅនេះ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនប៉េង ហួត បាននឹងកំពុងសាងសង់ផ្សារទំនើបខ្នាតអន្តរជាតិដោយបានបើការដ្ឋានសាងសង់កាលអំឡុងខែ ធ្នូរ ឆ្នាំ២០១៧ ស្ថិតនៅគម្រោងប៉េងហួតបឹងស្នោរ (គម្រោងទី២) តាមបណ្តោផ្លូវជាតិលេខ១។ ផ្សារទំនើបអន្តរជាតិនេះ វិនិយោគលើទឹកប្រាក់ប្រមាណជាង ២០០​លានដុល្លារ សាងសង់លើផ្ទៃដី ៦ ហិកតា ហើយគ្រោ​ងនឹងបញ្ជប់នៅឆ្នាំ២០២១​។ គួររំលេចផងដែរថា តំបន់ផ្លូវជាតិលេខ១ ធ្លាប់តែជាតំបន់ស្ងប់ស្ងាត់មិនសូវមានការទាក់ទាញចំណាប់អារម្មណ៍ពីវិនិយោគិន ​បានប្រែមុខមាត់រីកចម្រើនគួរឲ្យកត់សម្គាល់រាប់ចាប់តាំងពីហេដ្ឋារចនាសម័ន្ធផ្លូវជាតិដ៏សំខាន់មួយនេះ ត្រូវបានអភិវឌ្ឍន៍ជាផ្លូវយន្តបថ អាស៊ាន (ASEAN Highway) ដែលតភ្ជាប់ជាមួយប្រទេសវៀតណាម និងប្រទេសថៃ។​ កំណាត់​ផ្លូវ​ជាតិ​លេខ១ ពីច្បារអំពៅ-ក្តីតាកុយ មានប្រវែងសរុប ៤គីឡូម៉ែត្រ ជាកំណាត់ផ្លូវជាតិធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ១ ពីភ្នំពេញ ទៅអ្នកលឿង ដែលមានប្រវែងសរុប ៥៦ គីឡូម៉ែត្រ។ កំណាត់​ផ្លូវ​ជាតិ​លេខ១ ពីច្បារអំពៅ-ក្តីតាកុយ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោមអ​ធិបតីភាព​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមិនា កន្លងទៅនេះដោយ​បាន​ចំណាយ​ថវិកា​ជាង ២៣លាន​ដុល្លារអាមេរិក។ ក្នុងនោះ​ថវិកា​ប្រមាណជា ១៦លាន​ដុល្លារ ជា​ជំនួយ​ឥតសំណង​របស់​រដ្ឋា​ភិបាល​ជប៉ុន និង​ថវិកា ៧,៨៧លាន​ដុល្លារ ជា​ថវិកា​បដិភាគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ កំណាត់ផ្លូវជាតិលេខ១ ពីច្បារអំពៅ-ក្តីតាកុយ ( រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)
អត្ថបទដោយ: Bunthoeun