ពិព័រណ៍អចលនទ្រព្យលើកទី៣នឹងបង្ហាញអចលនទ្រព្យជាង៣០គម្រោង

ពិព័រណ៍អចលនទ្រព្យលើកទី៣នឹងបង្ហាញអចលនទ្រព្យជាង៣០គម្រោង
ដោយសម្លឹងឃើញថា កម្ពុជាកំពុងក្លាយជាគោលដៅរបស់វិនិយោគិនអចលនទ្រព្យលំដាប់អន្តរជាតិទាំងមកពីតំបន់អាស៊ាន ចិន និង ពិភពលោក ក្រុមហ៊ុនផ្សព្វផ្សាយពីអចលនទ្រព្យ  Realestate.com.kh បានរៀបចំពិព័រណ៍អចលនទ្រព្យលើកទី៣ របស់ខ្លួនដែលមានឈ្មោះថា Realestate.com.kh EXPO 2018 នៅខែតុលានេះ ដើម្បីជួយជម្រុញឱ្យអ្នកវិនិយោគបរទេសមើលឃើញពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជាតាមរយៈវិស័យអចលនទ្រព្យ។ ប្រព្រឹត្តឡើងនៅថ្ងៃទី ១៩ និង ២០ ខែតុលា ឆ្នាំ២០១៨ នៅសាលធំ ជាន់ទី២ នៃសណ្ឋាគារ NagaWorld ភ្នំពេញ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៦ល្ងាច ពិព័រណ៍ Realestate.com.kh EXPO 2018 នេះនឹងដាក់បង្ហាញគម្រោងអភិវឌ្ឍន៍ប្រណិតៗនៅកម្ពុជាជាង ៣០គម្រោងដែលរួមមាន គម្រោងបុរី វីឡា និងខុនដូរ ជាដើម។ អ្នកចូលរួមពិព័រណ៍អចលនទ្រព្យនេះ ក៏មានឱកាសចូលរួមស្តាប់បទបង្ហាញពីវាគ្មិនល្បីៗនៅក្នុងកម្មវិធីសិក្ខាសាលាមួយចំនួនទៀតរួមមាន៖ សិក្ខាសាលាស្តីពីដំបូន្មានលើការវិនិយោគអចលនទ្រព្យ, ច្បាប់កម្មសិទ្ធ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការប្រៀបធៀបទីផ្សារ, ជាពិសេសការផ្តួចផ្តើមគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ និង ទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ «អំឡុងពេលតាំងពិព័រណ៍ អ្នកចូលរួមអាចចូលរួមសិក្ខាសាលាជាច្រើន ដែលនឹងជួយឱ្យអ្នកទិញ និង វិនិយោគិនអចលនទ្រព្យបានយល់កាន់តែច្បាស់អំពីទីផ្សារ កាតព្វកិច្ចច្បាប់នៃភាពជាម្ចាស់កម្មសិទ្ធអចលនទ្រព្យ ព្រមទាំងអាចសម្រេចចិត្តទិញប្រកបដោយចំណេះដឹងនៅពេលទិញអចលនទ្រព្យនៅកម្ពុជា»។ នេះបើតាមការបញ្ជាក់របស់លោក Tom O’Sullivan នៅក្នុងសន្និសិទ្ធសារព័ត៍មានស្តីពីការរៀបចំពិព័រណ៍នេះកាលពីថ្ងៃទី៤ ខែកញ្ញា កន្លងទៅ។ កាលពីឆ្នាំ ២០១៧ ពិព័រណ៍អចលនទ្រព្យដែលរៀបចំដោយ Realestate.com.kh បានស្វាគមន៍អ្នកទស្សនាសរុបជាង ៤,០០០នាក់ និង អចលនទ្រព្យដែលមានតម្លៃប្រមាណ ២០លានដុល្លារអាមេរិចត្រូវបានលក់ចេញ ក្នុងរយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ ដែលនេះគឺជាជោគជ័យដ៏ធំមួយ សម្រាប់ជម្រុញឱ្យក្រុមហ៊ុន បង្កើតនូវកម្មវិធីពិព័រណ៍អចលនទ្រព្យនេះបន្តទៀតក្នុងឆ្នាំ២០១៨នេះ។ តាមសម្តីលោក Tom O’Sullivan ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realestate.com.kh បានឱ្យដឹងថា៖ «អ្នកចូលរួមជាង ៤,០០០ នាក់ បានចុះឈ្មោះរួចហើយសម្រាប់ពិព័រណ៍ឆ្នាំនេះ ហើយយើងព្យាករណ៍ថានឹងទាក់ ទាញអ្នកចង់ទិញផ្ទះ រួមជាមួយវិនិគិនអចលនទ្រព្យប្រមាណ ៦,០០០នាក់យ៉ាងតិច»។ គួររំឭកថា នេះជាលើកទី៣ហើយ ដែល Realestate.com.kh បានរៀបចំកម្មវិធីពិព័រអចលនទ្រព្យនៅកម្ពុជា ក្នុងគោលបំណងនាំយកឱកាសវិនិយោគលើគម្រោងល្អៗនៅក្នុងប្រទេសកម្ពុជា ជូនដល់ភ្ញៀវជាតិ និង អន្តរជាតិ ។ ដូចនេះ កុំភ្លេចចូលរួមទាំងអស់គ្នា ដើម្បីស្គាល់កាន់តែច្បាស់ពីអចលនទ្រព្យនៅកម្ពុជា និង ទទួលបានផលចំណេញជាច្រើននៅក្នុងកម្មវិធីនោះ ដែលមានការចាប់ឆ្នោតរង្វាន់ផ្សេងៗ។ ឆ្លៀតក្នុងសន្និសិទ្ធស្តីពីពិព័រណ៍អចលនាទ្រព្យឆ្នាំ២០១៨ នាយកប្រតិបត្តិខាងលើបានអះអាងថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា នឹងកាន់តែល្អប្រសើរ នៅរយៈពេលពី ៣ ទៅ ៦ខែបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាអណត្តិទី៦នៅកម្ពុជា។ បច្ចុប្បន្នគេសង្កេតឃើញវិនិយោគិនបរទេសមួយចំនួន បានសម្រុកមកវិនិយោគនៅកម្ពុជា ពិសេសវិនិយោគិនចិនរួមមានគម្រោងអភិវឌ្ឍន៍តំបន់ច្នៃប្រឌិតវប្បធម៌ចិន-កម្ពុជា ខេត្តសៀមរាបក្រោមទុនជាង ៧០លានដុល្លារអាមេរិក គម្រោងអាកាសយានដ្ឋានខេត្តកោះកុង ដោយទុនវិនិយោគ ១.២០០លានដុល្លារជាដើម។ ទាំងនេះសុទ្ធសឹងតែជាសញ្ញាវិជ្ជមានមួយបង្ហាញថា កម្ពុជានឹងទទួលបានវិនិយោគិនអន្តរជាតិជាច្រើនបន្តបន្ទាប់ទៀតនាពេលអនាគត៕  
អត្ថបទដោយ: Sreyluch