គន្លឹះទិញដីឡូតិ៍ប្រកបដោយសុវត្ថិភាព និង ផលចំណេញ

វិស័យពុះដីឡូត៌លក់ កំពុងតែត្រូវបានវិនិយោគិនមួយចំនួនធំ ឆក់យកឱកាស ដើម្បីបង្កើនប្រាក់ចំណេញរៀងៗខ្លួន។ ការពុះដីជាឡូតិ៍សម្រាប់លក់ គឺជាការស្រូបទាញអ្នកមានប្រាក់ចំណូលមធ្យម និង តិចតួចឱ្យមានលទ្ធភាពទិញដីបាន។ ប៉ុន្តែហានិភ័យនៃការទិញដីឡូតិ៍ក៏មានខ្លាំងដែរ ប្រសិនបើអ្នកទិញមិនបានដឹងពីប្រវត្តិដីនោះច្បាស់លាស់។ លើសពីនេះ អ្នកទិញដីពុះឡូតិ៍មួយចំនួន ពុំសូវចាប់អារម្មណ៍លើការទាមទារប្លង់រឹងពីម្ចាស់ដីនោះទេ ដែលនេះគឺជាហានិភ័យដ៏ធំ ប្រសិនបើក្រុមហ៊ុន ឬ អ្នកពុះដីឡូតិ៍លក់ពុំមានភាពស្មោះត្រង់ចំពោះអតិថិជន។ ពិតណាស់ការពុះដីឡូតិ៍ដែលគ្មានគម្រោង ឬ គ្មានប្លង់គោលពីសាលារាជធានីភ្នំពេញ និង ប្លង់របស់ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ ច្បាស់ណាស់ថាអ្នកទិញពុំទាន់មានសិទ្ធស្របច្បាប់ក្នុងការកាន់កាប់ដីឡូតិ៍ដែលខ្លួនបានទិញនោះទេ និង ពុំមានសិទ្ធតវ៉ាអ្វីទាំងអស់ ប្រសិនបើម្ចាស់ពុះដីឡូតិ៍យកប្លង់រឹងនៃដីទាំងមូលទៅធ្វើអ្វីផ្តេសផ្តាស។ លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL (Cambodia Property Limited) ធ្លាប់ប្រាប់គេហទំព័រ ខេមបូណូមីស ថាការពុះដីឡូតិ៍ដែលមិនមានស្តង់ដារ និង មិនគិតគូពីហេដ្ឋារចនាសម្ព័ន្ធផ្លូវ មិនមានប្រព័ន្ធលូ ទឹក ច្បាស់លាស់ នឹងធ្វើឱ្យអ្នកតាំងទីលំនៅ នៅទីនោះជួបប្រទះនឹងបញ្ហាជាច្រើននាថ្ងៃអនាគត ព្រមទាំងប៉ះពាល់ដល់ការអភិវឌ្ឍសំខាន់ៗនៅតំបន់នោះ ប្រសិនបើការពុះដីឡូតិ៍ មិនស្របទៅតាមបទដ្ឋាន ឬប្លង់គោលរបស់អាជ្ញាធរ។ ទាក់ទងនឹងបញ្ហាការបោកប្រាស់ពីអ្នកពុះដីឡូតិ៍ កន្លងមកត្រូវបានឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងនគរូបនីយកម្ម រៀបចំដែនដី និងសំណង់ ធ្លាប់បានឡើងលើកចំៗរួចមកហើយ ពីក្រុមមនុស្សបោកប្រាស់មួយចំនួន ដែលបានកេងយកផលចំណេញពីអ្នកទិញដោយមិនញញើត។ ឯកឧត្តមបានអំពាវនាវទៅដល់អ្នកមានបំណងទិញដីធ្លីទាំងអស់ថា ដើម្បីជៀសវាងការចាញ់បោក ដែលធ្វើឱ្យខាតបង់ថវិកា និង ពេលវេលា អ្នកទិញត្រូវតែត្រួតពិនិត្យ ព្រមទាំងសាកសួរអាជ្ញាធរមូលដ្ឋានជាមុនសិន មុននឹងទិញដីនៅទីតាំងណាមួយ។
ដូច្នេះ ដើម្បីទិញបានដីឡូតិ៍មួយប្រកបដោយសុវត្ថិភាព និង ផលចំណេញ តើអ្នកទិញគួរធ្វើដូចម្តេច? ជាចម្លើយទៅកាន់ក្តីបារម្ភទាំងនេះ លោក ចេសុន ដែលជាអគ្គនាយកក្រុមហ៊ុន វី អរ វិមានអចលនទ្រព្យដែលបានអភិវឌ្ឍន៍គម្រោងពុះដីឡូត៍ប្រកបដោយប្រជាប្រិយភាពនៅភាគខាងត្បូងរាជធានីភ្នំពេញ បានថ្លែងប្រាប់គេហទំព័រ KHB Media នៅក្នុងកម្មវិធីសម្ភាសន៍មួយកាលពីខែសីហាថា ដើម្បីជៀសវាងនូវហានិភ័យដែលកើតឡើងដោយការទិញដី អ្នកទិញគ្រប់រូបត្រូវតែស្គាល់ឱ្យបានច្បាស់ពីក្រុមហ៊ុនលក់ដីឡូត៌ដែលអ្នកចង់ទិញដីនោះ ថាតើក្រុមហ៊ុនមានអាជ្ញាប័ណ្ណពុះដីឡូតិ៍ និង បានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ ហើយបានទទួលស្គាល់ដោយអាជ្ញាធរ ឬទេ។ «ពេលដែលបងប្អូនទៅទិញដី បងប្អូនត្រូវសួររកអាជ្ញាប័ណ្ណពុះដីឡូតិ៍ឱ្យបានច្បាស់លាស់ កាលណាទទួលស្គាល់ដោយអាជ្ញាធរ គឺបងប្អូននឹងមិនមានហានិភ័យទេ»។ លោកបន្តថា ដីឡូតិ៍ដែលល្អ និង ផ្តល់ផលចំណេញដល់អ្នកទិញនោះគឺជាដីឡូតិ៍ដែលមានទីតាំងនៅជាយក្រុងនេះឯង ព្រោះថាតំបន់ជាយក្រុងមានការអភិវឌ្ឍស្រាប់ទៅហើយ ដោយពុំចាំបាច់ត្រូវការការអភិវឌ្ឍពីក្រុមហ៊ុនឯកជនផ្សេងៗឡើយ។ ពិសេសនៅក្នុងទីក្រុងភ្នំពេញផ្ទាល់ កំណើនប្រជាជនមានការកើនប្រមាណជិត ៤លាននាក់ ដែលធ្វើឱ្យចរាចរណ៍ក្នុងក្រុងមានការកកស្ទះ ដូចនេះប្រជាជននឹងធ្វើការងាកទៅរកតំបន់នៅឯជាយក្រុងវិញជាមិនខាន។ កាន់តែសំខាន់ អ្នកទិញគួរតែមើលទៅដល់គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល ថាតើរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍន៍ទៅទិសខាងណា ជាពិសេសតំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ ដូចជា ភ្នំរាប ភ្នំបាសិទ្ធ ភ្នំឧត្តុង្គជាដើម។ យោងតាមគេហទំព័រ Business Cambodia លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមភ្នាក់ងារអ្នកវាយតម្លៃអចលនទ្រព្យ (CVEA) ក៏បានលើកឡើងស្រដៀងគ្នាដែរថា អ្នកទិញមុននឹងសម្រេចចិត្តទិញដីពុះឡូតិ៍ណាមួយ ត្រូវតែសិក្សាពីគម្រោងអភិវឌ្ឍន៍ដីឡូតិ៍នោះឱ្យបានច្បាស់លាស់ ថាតើដីឡូតិ៍នោះមានប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី ប្រព័ន្ធលូបង្ហូរទឹក ផ្លូវថ្នល់ ស្របតាមគម្រោងប្លង់មេរបស់រដ្ឋាភិបាល និង ផែនការកំណត់របស់ក្រសួងនគរូបនីកម្ម និងសំណង់ ឬទេ?
គិតមកដល់ពេលនេះ កម្ពុជាយើងមិនទាន់មានច្បាប់ ឬ លិខិតបទដ្ឋានគតិយុត្តណាមួយ ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងលើសកម្មភាពពុះដីឡូត៍នេះឲ្យបានទូលំទូលាយនៅឡើយទេ។ ទោះបីជាយ៉ាងនេះក្តី ដើម្បីឲ្យស្របទៅនឹងចក្ខុវិស័យនគរូបនីយកម្មរាជធានី ក្រុង និង ទីប្រជុំជន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ អនុក្រឹត្យលេខ ៤២ អនក្រ.បក ស្តីពី នគរូបនីយកម្ម រាជធានី ក្រុង និង ទីប្រជុំជន ចុះនៅថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០១៥ ដែលមាត្រា៣១ និង មាត្រា៣២ នៃអនុក្រឹត្យនេះ បានកំណត់អំពីបទដ្ឋាន ទំហំដីឡូត៍ បច្ចេកទេស និង ធ្លាគម្លាតអគារក្នុងដីឡូត៍ដែលមានខ្លឹមសារថា បទដ្ឋានទំហំដីឡូត៍បច្ចេកទេស ត្រូវបានកំណត់ឡើង ដើម្បីធានា ការរៀបចំផែនការរូបវន្តទីក្រុង ការគ្រប់គ្រងទីក្រុង ការអភិវឌ្ឍទីក្រុង ការអភិវឌ្ឍរចនាសម្ព័ន្ធ និង ការអភិវឌ្ឍដី ឲ្យមានសោភណភាពមានសណ្ដាប់ធ្នាប់ និង មានប្រសិទ្ធិភាព៕ រូបភាព៖ google