ផ្លូវបេតុងមួយខ្សែ ត្រូវបានបើកការដ្ឋានសាងសង់ តាមការសន្យា!

ផ្លូវបេតុងមួយខ្សែ ត្រូវបានបើកការដ្ឋានសាងសង់ តាមការសន្យា!

បន្ទាប់ពីសន្យាថានឹងសាងសង់ផ្លូវបេតុងសម្រាប់ប្រជាជនក្នុងខេត្តកណ្តាលកាលពីកន្លងមក ពេលនេះឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះស្រុកកោះធំ បានសម្រេច បើកការដ្ឋានសាងសង់ផ្លូវមួយខ្សែនោះហើយ។ ផ្លូវបេតុងមួយខ្សែនេះមានប្រវែងសរុប ២,០០០ម៉ែត្រ ស្ថិតក្នុងភូមិចាស់ និង ភូមិចុងព្រែក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ កម្មវិធីបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែនេះ ត្រូវបានចូលរួមជាអធិបតីដោយឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ រួមជាមួយប្រជាពលរដ្ឋក្នុងស្រុកកោះធំប្រមាណជាង ៥០០នាក់។ ក្រោយពីផ្លូវបេតុងប្រវែង ២គីឡូម៉ែត្រនេះត្រូវបានសាងសង់រួច វានឹងផ្តល់នូវសារៈប្រយោជន៍ជាច្រើន ដែលអាចជួយសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នាដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ ជាពិសេស សិស្សានុសិស្សអាចធ្វើដំណើរទៅសាលារៀនបានយ៉ាងងាយស្រួល និង កសិករអាចដឹកកសិផលរបស់ខ្លួនទៅកាន់ទីផ្សារបានឆាប់រហ័សផងដែរ។ មិនតែប៉ុណ្ណោះ ឯកឧត្តម ក៏បានបញ្ជាក់ពីគម្រោងដាក់អំពូលសូឡាមួយចំនួន ដើម្បីបំភ្លឺផ្លូវបេតុងក្នុងស្រុកកោះធំនោះផងដែរ ព្រមទាំងគម្រោងនាំអ្នកកោះធំជិះរថភ្លើងទៅលេងខេត្តកំពង់ឆ្នាំងថែមទៀត ក្នុងគោលបំណងស្វែងយល់ពីការរីកចម្រើន របស់ប្រទេសជាតិ ដែលគ្រោងនឹងចាប់ផ្តើមដំណើរការនៅខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។ លោកទេសរដ្ឋមន្ត្រី ក៏បានឆ្លៀតផ្តាំផ្ញើរទៅកាន់បងប្អូនប្រជាពលរដ្ឋ ឱ្យផ្តល់ព័ត៌មានមកក្រុមការងារ ក្នុងករណីពួកគាត់ជួបប្រទះបញ្ហាលំបាក ក្នុងការរស់នៅប្រចាំថ្ងៃរបស់ខ្លួន។ សូមរំឭកថា ស្រុកកោះធំត្រូវបានទទួលគម្រោងសាងសង់ជាបន្តបន្ទាប់ ដែលកន្លងមកទើបតែមានគម្រោងស្ថាបនាអាងហែលទឹកថ្មីចំនួនពីរ ដែលអាងទឹកមួយសម្រាប់ឱ្យកីឡាករ កីឡាការិនីធ្វើការហ្វឹកហាត់ ត្រៀមប្រគួតកីឡាអាស៊ីអាគ្នយ៍ (SEA Games) ឆ្នាំ២០២៣ និង អាងហែលទឹកមួយទៀតសម្រាប់ឱ្យប្រើប្រាស់ធម្មតា។ តើស្រុកមួយនេះនឹងមានគម្រោងអ្វីបន្ទាប់ទៀត? កុំភ្លេចតាមដានព័ត៌មានថ្មីៗពីវិស័យសំណង់ និង អចលនទ្រព្យជាមួយ KHB Media ទាំងអស់គ្នា! រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទដោយ: Sreyluch