គម្រោងអាងហែលទឹកថ្មី នឹងត្រូវសាងសង់ក្នុងស្រុកកោះធំ

គម្រោងអាងហែលទឹកថ្មី នឹងត្រូវសាងសង់ក្នុងស្រុកកោះធំ

តាមប្រភពព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា ស្រុកកោះធំ នឹងស្ថាបនាអាងហែលទឹកមួយចំនួនទៀត ដែលអនុញ្ញាតឱ្យកីឡាករ និង បុគ្គលធម្មតាបានហ្វឹកហាត់ និង ហែលកម្សាន្តបាន។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ឹម សុរិយា បានបញ្ជាក់ថា គម្រោងដែលមានតម្លៃជាងកន្លះលានដុល្លារនេះនឹងសាងសង់អាងហែលទឹកចំនួន២ ដែលក្នុងនោះ អាងហែលទឹកមួយសម្រាប់ឱ្យកីឡាករធ្វើការហ្វឹកហាត់ដើម្បីត្រៀមប្រគួតកីឡា SEA Games ឆ្នាំ ២០២៣ និង អាងហែលទឹកមួយទៀតសម្រាប់ឱ្យប្រើប្រាស់ធម្មតា។ នេះគឺជាគម្រោងមួយបន្ទាប់ពី កីឡាដ្ឋានស្រុកកោះធំ បានសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីចុងខែមិថុនា ឆ្នាំ២០១៨ ក្រោមថវិកាសាងសង់សរុបប្រមាណ ៤២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលកីឡាដ្ឋាននេះមានទំហំស្មើនឹង ១៩៧ម៉ែត្រ x ១៤៦ម៉ែត្រ។ ក្នុងនោះតារាងបាល់ទាត់មានប្រវែង ១០៥ម៉ែត្រ និង ទទឺង ៦៨ម៉ែត្រ ដែលសាងសង់ឡើងតាមស្តង់ដារអន្តរជាតិ ដែលប្រែក្លាយកីឡាដ្ឋាននេះទៅជាមជ្ឈមណ្ឌលកីឡាមួយយ៉ាងសំខាន់ សម្រាប់សិស្សានុសិស្សហ្វឹកហាត់ កីឡាដើម្បីសុខភាព ដែលកាលពីមុនជាដីលិចទឹកមិនអាចហ្វឹកហាត់បាន។ មិនតែប៉ុណ្ណោះ ស្រុកកោះធំនឹងស្វាគមន៍ គម្រោងសាងសង់ផ្លូវបេតុងជាច្រើនខ្សែ បំពាក់ដោយអំពូលភ្លើងសូឡាបំភ្លឺពេលយប់ ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន។ ក្រៅពីនេះ កម្ពុជាក៏កំពុងសាងសង់ពហុកីឡដ្ឋានជាតិដ៏ធំមួយផងដែរ ដែលមានឈ្មោះថា ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលត្រៀមធ្វើជាម្ចាស់ផ្ទះការប្រគួតកីឡាអាស៊ីអាគ្នេហ៍ (SEA Games) ឆ្នាំ២០២៣។ ពហុកីឡាដ្ឋាននេះមានទំហំជាង ១,០៦៧ហិកតា ស្ថិតក្នុងតំបន់អភិវឌ្ឍន៍របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ពហុកីឡាដ្ឋានជាតិមរតកតេជោនេះមានកម្ពស់ ៣៥ម៉ែត្រ ហើយត្រូវបានរចនារូបរាងជាកប៉ាល់មានក្បាលពីរ ដែលមានកម្ពស់ ៩៩ម៉ែត្រ ព័ទ្ធជុំវិញដោយគូបែបសម័យអង្គរ​ ដែលជានិមិត្តរូបនៃមិត្តភាពរវាងព្រះរាជាណចក្រកម្ពុជានិងសាធារណៈរដ្ឋចិន។ គម្រោងនេះបានចាប់ផ្តើមដំណើរការសាងសង់កាលពីឆ្នាំ២០១៧ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នាឆ្នាំ២០២០ មុនការប្រគួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ក្រោមការចំណាយថវិកាសាងសង់ប្រមាណ ១៧០លានដុល្លារអាមេរិក។ ទន្ទឹមនិងការសាងសង់ពហុកីឡាដ្ឋានជាតិថ្មីនេះ ក្នុងរាជធានីភ្នំពេញក៏មានពហុកីឡាដ្ឋានជាតិអូឡាំពិច ដែលមានអាយុកាលជាង ៥០ឆ្នាំមកហើយ។ ពហុកីឡាដ្ឋាននេះ មានសមត្ថិភាពអាចផ្ទុកអ្នកទស្សនាបាន ៧ម៉ឺននាក់ ដែលនេះជាស្នាដៃដ៏អស្ចារ្យរបស់អតីតស្ថាប័ត្យករខ្មែរដ៏ល្បីល្បាញ លោកតា វណ្ណ ម៉ូលីវណ្ណ៕

អត្ថបទដោយ: Sreyluch