(មានវីដេអូ) ពេទ្យលោកសង្ឃ នឹងមានអគារដ៏ទំនើប ទំហំជាង ១ម៉ឺនម៉ែត្រការ៉េ

(មានវីដេអូ) ពេទ្យលោកសង្ឃ នឹងមានអគារដ៏ទំនើប ទំហំជាង ១ម៉ឺនម៉ែត្រការ៉េ

គម្រោងអគារសុខាភិបាលមិត្តភាពចិន-កម្ពុជា (China-Cambodia Friendship Medical Building) គឺជាគម្រោងឥតសំណងរបស់ប្រទេសចិន ដែលនេះជាអគារសុខាភិបាលដ៏ធំមួយ ដែលមានបំពាក់គ្រែសម្រាប់អ្នកជម្ងឺរហូតដល់ ៤០០គ្រែ។ គម្រោងថ្មីនេះពុំទាន់មានប្រភពណាមួយ បានបង្ហាញពីទំហំទឹកប្រាក់នៃការចំណាយលើការសាងសង់នៅឡើយទេ។ គម្រោងនឹងត្រូវគ្របដណ្តប់នៅផ្នែកខាងជើងនៃមន្ទីរពេទ្យព្រះកុសមៈ លើផ្ទៃដី ១២,៩០០ម៉ែត្រការ៉េ ដែលរួមមានអគារសរុបចំនួន ៤អគារ។ ក្នុងចំណោមអគារទាំងអស់នៃមន្ទីរពេទ្យថ្មីនេះ មានអគារមួយកម្ពស់ ៤៩.៦ម៉ែត្រ ស្មើនឹង១១ជាន់ ហើយអគារចាស់ និង អគារថ្មីត្រូវបានតភ្ជាប់គ្នាដោយស្ពានមួយចំនួន។ គម្រោងនេះត្រូវបានរចនាឡើងដោយរួមផ្សំរវាង វប្បធម៌ខ្មែរជាមួយស្ថាបត្យកម្មចិន ដែលត្រូវបានគេរំពឹងថា គម្រោងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន មួយនេះនឹងក្លាយជាមន្ទីរពេទ្យដ៏ទំនើបនៅកម្ពុជា ដែលមានបំពាក់ដោយឧបករណ៍ទំនើបៗ និង បរិស្ថានល្អឥតខ្ចោះ។ មិនតែប៉ុណ្ណោះមន្ទីរពេទ្យនេះ នឹងជាចំណែកមួយដែលបញ្ជាក់ឱ្យឃើញពីមិត្តភាពរវាងកម្ពុជ និង ចិន។ គម្រោងអគារសុខាភិបាលមិត្តភាពចិន-កម្ពុជា ត្រូវបានរចនាប្លង់ដោយគំនិតសំខាន់ៗចំនួន ៣គឺ៖ ១. ផែនការអភិវឌ្ឍ និង ការគ្រប់គ្រងមន្ទីរពេទ្យ ប្លង់គម្រោងអាចនឹងដាក់គ្រឹះ សម្រាប់ប្រតិបត្តិការ និង ការគ្រប់គ្រងយ៉ាងរលូនរបស់មន្ទីរពេទ្យនាពេលអនាគត។ ផ្លូវចូលអាគារថ្មីនេះ នឹងត្រូវស្ថាបនាឡើងនៅភាគខាងលិចនៃមន្ទីរពេទ្យ ដោយសារតែភាគខាងនេះ បានភ្ជាប់ទៅនឹងផ្លូវធំ ដែលងាយស្រួលក្នុងការធ្វើចរាចរណ៍ចេញចូល។ នៅជិតផ្លូវចូល នឹងមាននាយកដ្ឋានផ្នែកសង្គ្រោះបន្ទាន់ និង នាយកដ្ឋានផ្នែកវេជ្ជសាស្ត្រ-បច្ចេកទេស។ ចំណែកឯផ្នែកកណ្តាលគឺជាបន្ទប់សម្រាកព្យាបាលអ្នកជម្ងឺ។ ២. ផែនការរៀបចំផ្លូវហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗក្នុងមន្ទីរពេទ្យ ដើម្បីជួយសម្រួលដល់មុខងារទាំងអស់ ប្រកបដោយប្រសិទ្ធភាព និង សុវត្ថិភាពក្នុងមន្ទីរពេទ្យ។ ផ្លូវធំចំនួនមួយត្រូវបានរៀបចំ ព្រមទាំងជាផ្នែកមួយនៃការិល័យរបស់វេជ្ជបណ្ឌិត មន្ទីរព្យាបាល រួមជាមួយនឹងការបែកចែកផ្លូវដើររវាងអ្នកជំងឺ និង បុគ្គលិកមន្ទីរពេទ្យ ដែលនឹងធ្វើឱ្យមន្ទីរពេទ្យទាំងមូលមានប្រសិទ្ធភាព និង សុវត្ថិភាព។ គ្រប់ជាន់ទាំងអស់នៃអគារត្រូវបានបែងចែកតាមផ្នែកនីមួយៗ ដូចជាជាន់ផ្ទាល់ដី មានបញ្ទប់សង្គ្រោះបន្ទាន់, ជាន់ទី២ មានបន្ទប់ ICU និង មជ្ឈមណ្ឌលផ្តល់ឈាម និង ជាន់ទី៣ មានបន្ទប់វះកាត់ ដែលស្ថិតនៅជិតគ្នា។ ចំណែកឯអគារដែលមានកម្ពស់១១ជាន់ នឹងត្រូវបែងចែកជាផ្នែកផ្សេងៗ រួមមានជាន់ទី១ ជាកន្លែងផ្តល់ព័ត៌មាន និង ផ្ទះបាយ ខណៈចាប់ពីជាន់ទី២ រហូតដល់ជាន់ទី៩ គឺជាបន្ទប់សម្រាប់ថែទាំអ្នកជំងឺដោយគិលានុបដ្ឋាយិកា និង ជាន់ទី១០ ជាការិយាល័យរដ្ឋបាលរបស់មន្ទីរពេទ្យ។ ៣. រចនាជាអគារបៃតង ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ការរចនាជាអគារបៃតង នឹងជួយឱ្យបរិស្ថានក្នុងមន្ទីរពេទ្យ មានភាពល្អប្រសើរឡើងដោយធម្មជាតិ ខណៈបច្ចេកវិទ្យាបៃតង ត្រូវបានប្រើប្រាស់សម្រាប់កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីប្រចាំថ្ងៃ។ យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គម្រោងអគារសុខាភិបាលមិត្តភាពចិន-កម្ពុជា នឹងត្រូវចាប់ផ្តើមសាងសង់នាពេលឆាប់ៗនេះហើយ។ ដើម្បីជ្រាបកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទដោយ: Sreyluch