ក្រោមទុនជាង ៧០លានដុល្លារ សៀមរាបនឹងមានកន្លែងទេសចរថ្មីមួយទៀត

ក្រោមទុនជាង ៧០លានដុល្លារ សៀមរាបនឹងមានកន្លែងទេសចរថ្មីមួយទៀត

ខេត្តសៀមរាបគឺជាទិសដៅទេសចរណ៍ដ៏ទាក់ទាញបំផុតរបស់កម្ពុជា ដោយមានប្រាសាទអង្គរវត្ត ដែលជាស្ថាបត្យកម្មដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរតាំងពីបុរាណកាល ដែលប្រាសាទនេះទទួលបានចំណាត់ថ្នាក់លេខ១ ជាប់ៗគ្នាចំនួន ៥ឆ្នាំ ពីគេហទំព័រ TripAdvisor ជាគោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញបំផុតនៅលើលោក ក្នុងចំណោមស្ថាបត្យកម្មធំៗជាច្រើនជុំវិញលើពិភពលោក។ យ៉ាងណាម៉ិញក្រុងសៀមរាបថ្មីៗនេះ ទទួលបានគម្រោងថ្មីមួយ ដែលជាការវិនិយោគរបស់ក្រុមហ៊ុនចិន ក្រោមទុនរាប់លានដុល្លារ ដើម្បីបង្កើតជា "តំបន់ច្នៃប្រឌិតវប្បធម៌ចិន-កម្ពុជា" ដែលជាសម្ព័ន្ធមេត្រីភាពរវាងខេត្តយូនណាន និង ខេត្តសៀមរាប។ គម្រោងនេះបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីខែកក្កដា ឆ្នាំ២០១៨ នៅខេត្តសៀមរាប។ តំបន់ច្នៃប្រឌិតវប្បធម៌ចិន-កម្ពុជាមួយនេះ ជាគម្រោងមជ្ឈមណ្ឌលវប្បធម៌ដ៏ធំ ដែលនឹងត្រូវសាងសង់លើផ្ទៃដីសរុបប្រមាណ ៣.៣ហិតា ក្រោមទុនវិនិយោគជាង ៧០ លានដុល្លារអាមេរិក របស់ក្រុមហ៊ុនវិនិយោគវប្បធម៌ខេត្តយូនណានគ្រុប (Yunnan Cultural Industry Investment Holding Group) ដែលជាក្រុមហ៊ុនវិនិយោគចិន។ គម្រោងនេះមានទីតាំងស្ថិតនៅជិតសណ្ឋាគារសុខា ខេត្តសៀមរាបផ្ទាល់តែម្តង ហើយគ្រោងនឹងបើកដំណើរការជាសាធារណៈនៅឆ្នាំ២០២០ ក្រោយការសាងសង់ដំណាក់ការទី១ ត្រូវបានបញ្ចប់ជាស្ថាពរ។ ក្រោយស្ថាបនារួច តំបន់ច្នៃប្រឌិតវប្បធម៌ចិន-កម្ពុជា នឹងមានរោងល្ខោនស្នាមញញឹមអង្គរ ដែលអាចផ្ទុកអ្នកទស្សនាបាន ១,៥០០នាក់, មជ្ឈមណ្ឌលពិព័រណ៌ផលិតផលវប្បធម៌, សារមន្ទីរ ចូវ តាគ័ន (Zhou Daguan), មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន មជ្ឈមណ្ឌលវប្បធម៌សម័យចេនឡា និង ភោជនីយដ្ឋានជាដើម។ គម្រោងនេះត្រូវបានបង្កើតឡើង ដើម្បីអបអរដល់ខួបលើកទី ៦០ ដែលកម្ពុជា និង ចិន បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា រយៈពេល ៦ទសវត្សមកនេះ។ មកទល់ពេលនេះ ខេត្តសៀមរាប កំពុងតែទទួលបានការវិនិយោគពីក្រុមហ៊ុនចិនជាបន្តបន្ទាប់ រួមមាន គម្រោង"តំបន់ច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន" នេះផ្ទាល់ និង គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីពីវិនិយោគិនចិន ដែលស្ថិតក្នុងស្រុកសូត្រនិគម នាជាយខេត្តសៀមរាប ដែលត្រូវចំណាយថវិកាប្រមាណ ៨៨០លានដុល្លារ លើផ្ទៃដីទំហំ ៧៥០ហិកតា និង ត្រូវការពេលវេលាយ៉ាងហោចណាស់ពី ៣ ទៅ ៥ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់។ រូបគំរូព្រលានយន្តហោះថ្មី ក្នុងខេត្តសៀមរាប តាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា កាលពីឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបជាង ៥.៦លាននាក់ ក្នុងនោះគេសម្គាល់ឃើញថាភ្ញៀវទេសចរចិន មានចំនួនច្រើនជាងគេ រហូតដល់ជាង ១.២លាននាក់ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំងអស់។ ដោយឡែកក្នុងឆ្នាំ២០១៨ គិតត្រឹមរយៈពេល ៥ខែដំបូង យើងទទួលបានទេសចរអន្តរជាិប្រមាណ ២.៦លាននាក់ ក្នុងកំណើន ១៣.៥%។ តាមការព្យាករណ៍ពីក្រសួងទេសចរណ៍ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៦.២លាននាក់ នៅឆ្នាំ ២០១៨ និង ប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០ ដែលនឹងនាំចំណូលប្រមាណ ១០ពាន់លានដុល្លារអាមេរិក ព្រមទាំងបង្កើតឱកាសការងារជាង ២លានកន្លែងថែមទៀត៕ រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប, google

អត្ថបទដោយ: Sreyluch